(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានជំរុញឱ្យសិស្សនាយទាហានថ្មីៗ តាំងចិត្តឱហយច្បាស់លាស់ ហើយជំរុញអនុវត្តការសម្រេចចិត្តរបស់យើងឱ្យបានជោគជ័យ តាមរយៈការដាក់ចិត្តខិតខំហ្វឹកហ្វឺនរៀនសូត្រ ដើម្បីឱ្យក្លាយខ្លួនជានាយទាហានដែលមានសមត្ថភាពពិតប្រាកដ។

ការលើកឡើងរបស់ ឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយបេក្ខជន-បេក្ខនារីប្រឡងជាប់វគ្គនាយទាហានសកម្មជំនាន់ទី២៤ នាយទាហានជើងគោកជំនាន់ទី១២ នាយទាហានបន្តវេនជំនាន់ទី១៣ និងនាយទាហានបច្ចេកទេសយោធា ឆ្នាំ២០២០ នៅសាកលវិទ្យាល័យការពារជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ។

លោកបានចូលរួមអបអរសាទរចំពោះសិស្ស-និស្សិតជ័យលាភីទាំងអស់ និងបានកោតសរសើរចំពោះការស្ម័គ្រចិត្តចូលបម្រើកងទ័ព ជាពិសេសតាមរយៈការក្លាយខ្លួនជាសិស្សនាយទាហាន នៅក្នុងគ្រប់បណ្តាសាលានាយទាហាន ដែលជាថ្នាលបណ្តុះបណ្តាល លត់ដំឱ្យក្លាយជាមេដឹកនាំ ជាមេបញ្ជាការ ស្របពេលដែលកំពុងមានជម្រើសការងារជាច្រើននៅរង់ចាំ ទាំងក្នុងវិស័យរាជការស៊ីវិល, ក្រុមហ៊ុនឯកជន, និងអង្គការសង្គមស៊ីវិល តាមលក្ខណៈអំណោយផលនៃការអភិវឌ្ឍរីកចម្រើនរបស់ប្រទេសជាតិ ដែលផ្តល់ជម្រើស និងសេរីភាពសម្រាប់ការជ្រើសរើសគ្រប់អាជីពការងារ។

លោកឧត្តមសេនីយ៍ឯក បានបន្ត គ្មានជម្រើសការងារអាជីពណា ដែលជាជម្រើសខុសនោះទេ លើកលែងការប្រព្រឹត្តអំពើខុសច្បាប់ប៉ុណ្ណោះ ដែលបំផ្លាញអនាគតខ្លួនឯង។ ជម្រើសល្អ គឺអាស្រ័យលើខ្លួនយើង គឺជម្រើសដែលខ្លួនយើងធ្វើឱ្យល្អ ហើយទាញយកប្រយោជន៍សម្រាប់ខ្លួនយើង។ ជ្រើសរើសហើយត្រូវដាក់ចិត្តធ្វើឱ្យបានជោគជ័យ, ធ្វើឱ្យលះ, ចៀសវាងការខាតបង់ពេលវេលា។

លោក ហ៊ុន ម៉ាណែត បានបន្តទៀតថា ការសិក្សានៅក្នុងសាលានាយទាហាន ខុសពីនៅក្នុងសាលាស៊ីវិល។ ពិតណាស់យើងរៀនចំណេះដឹងទូទៅមូលដ្ឋានមួយចំនួនដូចគ្នា ស្តង់ដារគុណភាពដូចគ្នា ប៉ុន្តែសាលានាយទាហានមានភារកិច្ចបណ្តុះបណ្តាលមេដឹកនាំថ្នាក់បញ្ជាការ ដែលមានភារកិច្ច និងការទទួលខុសត្រូវខ្ពស់ និងដោយផ្ទាល់ចំពោះអាយុជីវិតមនុស្ស និងជោគវាសនាប្រទេសជាតិ ដោយការហ្វឹកហ្វឺនអប់រំផ្តោតសំខាន់លើចំណេះដឹងជំនាញយោធា, ការលត់ដំសមត្ថភាពកាយសម្បទា, វិន័យ, អត្តចរិត និងស្មារតី, ការធ្វើឱ្យមានឯកសណ្ឋានទាំងផ្នែកខាងក្រៅ និងខាងក្នុង រួមទាំងការរៀនកសាងសមត្ថភាពជាក្រុម, រៀនធ្វើការជាក្រុម, រៀនទទួលខុសត្រូវជាក្រុម, រៀនសាមគ្គីជួយគ្នាទៅវិញទៅមក ធ្វើយ៉ាងណាឱ្យមានការដាក់ចិត្ត ដាក់កាយរួមគ្នា ជំរុញឱ្យទៅដល់សក្តានុពលខ្ពស់បំផុតរបស់ម្នាក់ៗ ដើម្បីសម្រេចភារកិច្ចរួម។

លោកបានថ្លែងអំណរគុណចំពោះគណៈកម្មការរៀបចំការប្រឡងគ្រប់កម្រិត និងក្រុមការងារ ដែលបានខិតខំរួមគ្នាបំពេញភារកិច្ចយ៉ាងម៉ឺងម៉ាត់ហ្មត់ចត់ រហូតទទួលបានលទ្ធផលគួរជាទីមោទនៈ ដូចពេលនេះសម្រាប់យុវជនយើង និងអនាគតជាតិរបស់យើង តាមរយៈការចម្រាញ់ប្រឡងជ្រើសរើសនាយទាហានប្រកបដោយភាពត្រឹមត្រូវ, តម្លាភាព និងយុត្តិធម៌ និងសូមអរគុណដល់ឱពុកម្តាយ និងអាណាព្យាបាល ដែលបានជំរុញលើកទឹកចិត្ត និងគាំទ្រចំពោះការសម្រេចចិត្តរបស់កូនៗ ហើយក៏សូមវាយតម្លៃខ្ពស់ចំពោះទំនុកចិត្ត និងការជឿជាក់របស់បេក្ខជនយើងលើសមត្ថភាពខ្លួនឯង, លើគណៈកម្មការរៀបចំ, និងលើដំណើរការនៃការប្រឡងនេះ ដោយប្អូនៗបានខិតខំប្រឹងប្រែងបំពេញគ្រប់វិញ្ញាសាដោយប្រើប្រាស់សមត្ថភាពដោយពិតប្រាកដ។

អនុវត្តតាមគោលនយោបាយការពារជាតិ និងទស្សនៈវិស័យរបស់ប្រមុខរាជរដ្ឋាភិបាល និងរដ្ឋមន្ត្រីក្រសួងការពារជាតិ ដែលតែងបានយកចិត្តទុកដាក់លើការហ្វឹកហ្វឺន បណ្តុះបណ្តាលកងទ័ព និងការធ្វើទំនើបកម្មកងទ័ព គណៈកម្មការបានធ្វើការយ៉ាងហ្មត់ចត់លើការត្រួតពិនិត្យលក្ខណៈសម្បត្តិសម្រាប់ការជ្រើសរើសនាយទាហាននេះ ទាំងកត្តាសុខភាព និងប្រវត្តិទោសព្រហ្មទណ្ឌ ជាពិសេសភាពត្រឹមត្រូវនៃកម្រិតសញ្ញាបត្រទុតិយភូមិ ដែលជាគោលការណ៍កំណត់ដើម្បីភាពយុត្តិធម៌ និងតម្លាភាពទូទៅ ព្រោះជាការបណ្តុះបណ្តាលនាយទាហានកម្រិតបរិញ្ញាបត្រ សំដៅធ្វើយ៉ាងណាធានាឱ្យបេក្ខជននាយទាហានមានមូលដ្ឋានកម្រិតវប្បធម៌គោលមធ្យមមួយសមស្រប ដើម្បីប្រើប្រាស់ក្នុងការងារដឹកនាំបញ្ជា, ការងារគ្រប់គ្រងរដ្ឋបាល ឬសម្រាប់ការកសាងសមត្ថភាពបន្តតាមរយៈការបណ្តុះបណ្តាលយោធិនអាជីពកម្រិតខ្ពស់ៗបន្តន្ទាប់ និងជំនាញផ្សេងៗ ទាំងក្នុង និងក្រៅប្រទេស។ នេះបើតាម លោក ហ៊ុន ម៉ាណែត។

លោកបញ្ជាក់បន្ថែមទៀតថា មួយវិញទៀត ការរីកចម្រើននៃបច្ចេកវិទ្យាទំនើប ក៏ត្រូវឱ្យនាយទាហានមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការប្រើប្រាស់គ្រឿងបំពាក់បច្ចេកទេសទំនើបៗផងដែរ។ ចំពោះអ្នកមិនមាន សញ្ញាបត្រទុតិយភូមិ ក៏នឹងអាចមានលទ្ធភាពផ្សេងៗទៀត ដើម្បីចូលបម្រើក្នុងជួរកងយោធពលខេមរភូមិន្ទផងដែរ តាមរយៈយន្តការជ្រើសរើសនានា ព្រោះអ្វីដែលសំខាន់គឺទឹកចិត្ត, ស្មារតី និងឆន្ទៈក្នុងបុព្វហេតុបម្រើជាតិមាតុភូមិ៕