(សៀមរាប)៖ រដ្ឋបាលខេត្តសៀមរាប បាននិងកំពុងបញ្ជា ស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរកមុខសញ្ញា ដែលជាម្ចាស់គណនីហ្វេសប៊ុកមួយ បានបង្ហោះនូវព័ត៌មានមិនពិត ថា មានករណីភ្ញៀវទេសចរបានស្លាប់ ដោយសារជំងឺ Covid-19 នៅប្រាសាទអង្គរវត្ត ដើម្បីយកមកផ្ទាន់ទាទោសតាមច្បាប់ជាធរមាន ព្រោះជាការបំភ្លៃព័ត៌មានទាំងស្រុង។

អ្នកនាំពាក្យរដ្ឋបាលសាលាខេត្តសៀមរាប បានប្រាប់អង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា៖ មន្ត្រីនៃរដ្ឋបាលសៀមរាប បាននិងកំពុងបញ្ជា កងកម្លាំងនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប តាមរកមុខសញ្ញា ម្ចាស់គណនីហ្វេសប៊ុកមួយ ដែលបានបង្ហោះនូវព័ត៌មានមិនពិត ថា មានករណីភ្ញៀវទេសចរស្លាប់ ដោយសារជំងឺ Covid-19 នៅប្រាសាទអង្គរវត្ត ដើម្បីយកមកផ្តន្ទាទោស ព្រោះនេះជាការបំភ្លៃព័ត៌មានទាំងស្រុង។

លោកបានបន្តថា តាមរូបភាពដែលបានបង្ហោះ ជាមួយសារបំភ្លៃសាធារណជន ក្នុងបណ្ដាញសង្គមនោះ គឺជារូបភាព នៃសកម្មភាពជួយសង្គ្រោះភ្ញៀវទេសចរជនជាតិជប៉ុនម្នាក់ ដែលគាត់មានអាការខ្យល់គរ ក្នុងពេលចូលទស្សនាប្រាសាទអង្គរវត្ត តាំងពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ មកម្ល៉េះ។

លោកបានបន្តមានប្រសាសន៍ទៀត ថា៖ អាជ្ញាធរមានសមត្ថកិច្ច សូមធ្វើការថ្កោលទោសយ៉ាងធ្ងន់ធ្ងរ ចំពោះ បុគ្គលដែលមានចេតនាបំភ្លៃព័ត៌មាន ដោយបំពុលសង្គម ធ្វើឱ្យប្រជាពលរដ្ឋ និងសាធារណៈជន មានការភាន់ច្រឡំ តាមអត្ថន័យខ្លឹមសារ ដែលបានបង្ហោះលើកឡើង ថា មានករណីភ្ញៀវទេសចរស្លាប់ ដោយសារជំងឺ Covid-19 នៅប្រាសាទអង្គរវត្ត។

រដ្ឋបាលខេត្តសៀមរាប ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋ ក៏ដូចជាប្រព័ន្ធផ្សព្វផ្សាយ និងអ្នកប្រើប្រាស់បណ្ដាញសង្គមទាំងអស់ សូមកុំចែកចាយ និងបន្តការបំភ្លៃព័ត៌មានពាក់ព័ន្ធ ថា មានករណីភ្ញៀវទេសចរស្លាប់ ដោយសារជំងឺ Covid-19 នៅប្រាសាទអង្គរវត្ត នេះតទៅទៀត ព្រោះ វានាំឱ្យខាតដល់ប្រយោជន៍សង្គមជាតិជារួម និងពិសេសលើវិស័យទេសចរណ៍ ទៅវិញនោះទេ។

លោកបានអះអាងថា ករណីទេសចរជនជាតិជប៉ុនមានអាការខ្យល់គរខាងលើនេះ គឺក្រុមជួយសង្គ្រោះរបស់អាជ្ញាធរជាតិអប្សរា និងកម្លាំងសមត្ថកិច្ចពាក់ព័ន្ធ បានធ្វើការយ៉ាងហ្មត់ចត់ និងសស្រាក់សស្រាំ ដោយធានាអះអាងថា ភ្ញៀវជនជាតិជប៉ុនរូបនោះមិនមានឆ្លងជំងឺ Covid-19 នោះឡើយ៕