(ភ្នំពេញ)៖ បុរសម្នាក់ ជាអ្នកបើកបររថយន្តម៉ែកសឺដេស ពណ៌ស ពាក់ស្លាកលេខភ្នំពេញ ២AY-០០០៩ ខឹងបុរសម្នាក់ ស្រវឹងបើករថយន្តម៉ាកកូរ៉ូឡាន ពណ៌ស្ករ ពាក់ស្លាកលេខភ្នំពេញ ២AS-៦៤២១ បុករថយន្តថៅកែខ្លួន បណ្ដាលឲ្យខូចខាត និងមិនព្រមឈប់នៅកន្លែងកើតហេតុ ក៏ដេញតាមទាន់ដកកាំភ្លើង បាញ់កង់រថយន្ត បង្កផ្ទុះកង់ និងភ្ញាក់ផ្អើល ដល់កម្លាំងនគរបាល ចុះឃាត់ភ្លាមៗ។

ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើល នៅម៉ោង០៨៖០០នាទី យប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ នៅក្នុងបរិវេនកោះពេជ្រ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន។

បុរសអ្នកបើកបររថយន្តម៉ែកសឺដេស ឈ្មោះ ឡុង ឡងឌី អាយុ ៣៥ឆ្នាំ មុខរបរយោធា ស្នាក់នៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ បានដកកាំភ្លើងម៉ាកឡុក បាញ់កង់រថយន្តកូរ៉ូឡា។ នគរបាលឃាត់ខ្លួន និងបញ្ជូលទៅកម្លាំងកងរាជអាវុធហត្ថ រាជធានីភ្នំពេញ ដោយជាយោធា។

នគរបាលផ្នែកវាស់វែង បានឲ្យដឹងថា ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តម៉ាកកូរ៉ូឡា បើកបរបុរសម្នាក់ ស្រវឹងជោគ បើកស្របទិសគ្នា ជាមួយនិងរថយន្តម៉ែកសឺដេស បើកបរដោយបុរសម្នាក់ បុកគូថរថយន្តសឺដេស បណ្ដាលខូចខាត ផ្នែកខាងក្រោយឆ្វេង ហើយមិនដឹងមូលហេតុអ្វី បានជាបុរសបើកបររថយន្តសឺដេស ដកកាំភ្លើងខ្លី បាញ់បំបែកកង់តែភ្លាមៗ។

នគរបាលផ្នែកវាស់វែង បន្ដទៀតថា កម្លាំងនគរបាល បានឃាត់បុរសយោធា ដកអាវុធបាញ់ ចំណែករថយន្តទាំង២គ្រឿង ធ្វើការវាស់វែងយករក្សាទុក នៅអធិការដ្ឋានខណ្ឌចំការមន ប្រគល់ឲ្យខាងកម្លាំងកងរាជអាវុធក្រុងភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់ រឿងផ្ទុះអាវុធ តាមផ្លូវសាធារណៈ៕