(ភ្នំពេញ)៖ កម្ពុជាបានសម្រេចបង្វែរយុទ្ធសាស្ដ្រប្ដូរពីការបញ្ជូនក្រុមជម្រើសជាតិកម្ពុជា ទៅប្រមូលផ្ដុំ និងហ្វឹកហាត់ក្រៅស្រុក ដើម្បីពង្រឹងគុណភាពកីឡាជំនាញកម្រិតខ្ពស់ត្រៀមធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ មកបង្កើន និងពង្រឹងការហ្វឹកហាត់ក្នុងស្រុកឲ្យបានវិញហើយ បន្ទាប់ពីវីរុសកូរ៉ូណា (COVID-19) កំពុងរីករាលដាលខ្លាំងនៅជុំវិញពិភពលោក ។

លោកបណ្ឌិត ថោង ខុន រដ្ឋមន្ដ្រីក្រសួងទេសចរណ៍ និងជាប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា(NOCC) បានថ្លែងក្នុងពិធីបិទមហាសន្និបាតបូកសរុបការងារឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០ របស់ NOCC កាលពីល្ងាចថ្ងៃទី២៩-កុម្ភៈថា ក្នុងដំណាក់កាលវិបត្តិជំងឺផ្លូវដង្ហើម COVID-19 មហាសន្និបាតបានឯកភាពក្នុងឆ្នាំ២០២០ បង្វែរយុទ្ធសាស្ដ្របង្កើន និងពង្រឹងការយកចិត្តទុកដាក់រៀបចំការហ្វឹកហាត់ក្រុមជម្រើសជាតិនៅក្នុងប្រទេសឲ្យបានខ្លាំងក្លាជាងមុន ។

នេះគឺជាផែនការដ៏ច្បាស់លាស់ដែល NOCC ព្រមទាំងក្រសួងអប់រំ យុវជន និងកីឡា និងតំណាងគ្រប់សហព័ន្ធកីឡាជាតិ បានឯកភាពគ្នា បន្ទាប់ពីមានការជជែក និងផ្លាស់ប្ដូរមតិយោយបល់ ១ថ្ងៃ ក្នុងមហាសន្និបាតខាងលើ។ ប៉ុន្ដែដើម្បីអនុវត្តយុទ្ធសាស្រ្ដពង្រឹងការហ្វឹកហាត់ក្នុងស្រុកឲ្យបានខ្លាំង ស្របពេលជាមួយគ្នា មហាសន្និបាត ក៏បានឯកភាពគ្នាស្នេីសុំគោលការណ៍ ទៅរាជរដ្ឋាភិបាលរៀបចំការប្រមូលផ្ដុំក្រុមជម្រើសជាតិហ្វឹកហាត់ពេញ ១ឆ្នាំ ចាប់ពីឆ្នាំ២០២០ រហូតដល់ឆ្នាំ២០២៣។ លោក ថោង ខុន បន្ថែម ។

ទន្ទឹមគ្នានោះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC ក៏បានគូសបញ្ជាក់ថា ដំបូងឡើយកម្ពុជាគ្រោងបញ្ជូនអត្តពលិកជាច្រើន ទៅហាត់ក្រៅស្រុក ដូចជាចិន កូរ៉េ និងជប៉ុនជាដើម ដែលប្រទេសទាំងនោះ បានឯកភាព និងសហការដោយរីករាយជាមួយកម្ពុជា។ តែដោយសារបញ្ហាជំងឺផ្លូវដង្ហើម COVID-19 ទើបកម្ពុជាសម្រេចរៀបចំផែនការថ្មី ក្នុងឆ្នាំ២០២០ ប្ដូរពីការហ្វឹកហាត់ក្រៅស្រុក មកពង្រឹងការហ្វឹកហាត់ក្នុងស្រុក ដោយជ្រើសរើសគ្រូបង្វឹកជំនាញៗមកបង្ហាត់កីឡាករ-កីឡាការិនីកម្ពុជា ដើម្បីធានាការអភិវឌ្ឍគុណផលកីឡាកម្រិតខ្ពស់ ។

យ៉ាងណាមិញលោកអះអាងថា ការបង្វែរយុទ្ធសាស្ដ្រនេះ មិនប៉ះពាល់ដល់ផែនការអភិវឌ្ឍន៍កីឡាជំនាញកម្រិតខ្ពស់ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣ នោះទេ ព្រោះ NOCC ក្រសួងអប់រំ ក៏ដូចជាគណៈកម្មាធិការជាតិរៀបចំស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣(CAMSOC) បានរៀបចំផែនការច្បាស់លាស់ជាមួយសហព័ន្ធកីឡាជាតិ ក្នុងការពង្រឹង និងយកចិត្តទុកដាក់លើការហ្វឹកហាត់របស់កីឡាករ-កីឡាការិនី ពោលគឺក្រៅពីពង្រឹងផ្នែកគ្រូបង្វឹក ក៏មានការពង្រឹងផ្នែកអនាម័យ សណ្ដាប់ធ្នាប់ និងការរស់នៅរបស់ពួកគេផងដែរ៕