(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា នៅយប់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានប្រកាសច្រានចោល និងអំពាវនាវឱ្យសមត្ថកិច្ចចាត់វិធានការតាមផ្លូវច្បាប់ចំពោះ Facebook «Sdam Husen» ដែលបង្ហោះប្រឌិតព័ត៌មានអំពីជំងឺកូរ៉ូណាថ្មីនៅកម្ពុជា។

ការចេញមុខបដិសេធនេះ បានធ្វើឡើងបន្ទាប់ពី Facebook ខាងលើបានផ្សព្វផ្សាយរូបភាពជនជាតិបារាំងម្នាក់ដែលស្រវឹងស្រាហើយដេកដួល។ ទោះជាយ៉ាងនេះក្តីនៅពេលសមត្ថកិច្ចចុះទៅដល់ ជនបរទេសនោះក៏បានដឹងខ្លួនហើយដើរចេញទៅបាត់ផងដែរ។

បេីតាមការបញ្ជាក់របស់ក្រសួងសុខាភិបាល គឺរហូតមកទល់ពេលនេះកម្ពុជាមិនទាន់មានវត្តមាននៅជំងឺកូរ៉ូណាថ្មី ទៀតឡើយ ក្រៅតែពីបានរកឃើញនៅលើខ្លួនជនជាតិចិនម្នាក់ ដែលបានចេញពីក្រុងវូហាន ប្រទេសចិន ហើយចូលមកកម្ពុជា កាលពីថ្ងៃទី២៣ ខែមករាឆ្នាំ២០២០ ប៉ុន្តែទោះជាយ៉ាងនេះក្តីជនជាតិចិនរូបនោះ ត្រូវបានព្យាបាលជាសះស្បើយ ហើយត្រឡប់ទៅកាន់ប្រទេសចិនវិញផងដែរ៕