(ភ្នំពេញ)៖ ព្រឹត្ដិការណ៍ផ្ដល់សំណាងដល់អតិថិជនរបស់ផ្សារទំនើបវឌ្ឍនៈ កាពីតាល ពិតជាជាកក្រើកមែន រង្វាន់មិនធម្មតា រហូតដល់១ម៉ឺនដុល្លារ ដែលធ្វើឱ្យមានការទាក់ទាញយ៉ាងខ្លាំង។

លើសពីនោះ ព្រឹត្ដិការណ៍ដែលបានធ្វើឡើងកាលពីល្ងាចថ្ងៃសៅរ៍ទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក៏មានរៀបចំកម្មវិធីប្រគំតន្ត្រីអបអរសាទរការចាប់រង្វាន់ធំអស្ចារ្យដល់ អតិថិជនរបស់ខ្លួនដែលមានសំណាងចំនួន៣រូបដោយរង្វាន់ សរុបជាទឹក ប្រាក់មានតម្លៃរហូតដល់ ១០ម៉ឺនដុល្លារនេះផងដែរ។

លោក ឈន់ សម្បត្តិ ប្រធានគ្រប់គ្រងផ្នែកអប់រំ និងអភិវឌ្ឍន៍នៃក្រុមហ៊ុន វឌ្ឍនៈ អ៊ិនវេសមេន បានថ្លែងនៅក្នុងកម្មវិធីថា នេះមិនមែនជាលើកទីមួយទេ ដែលវឌ្ឍនៈកាពីតាលបានផ្ដល់សំណាង ជូនដល់អតិថិជនរបស់ខ្លួននោះទេ។

លោកថ្លែងបន្ដថា «អតិថិជនតែងតែជាអតិភាពទីមួយរបស់ពួកយើងជានិច្ច ដូច្នេះជារឿយៗផ្សារទំនើប វឌ្ឍនៈ កាពីតាល តែងតែខិតខំស្វែងរកនូវអ្វីដែលថ្មី និងអស្ចារ្យផ្ដល់ជូនអតិថិជនវិញ ជាក់ស្ដែងដើមឆ្នាំនេះ យើងផ្ដល់ជូនរង្វាន់ជាទឹកប្រាក់សរុបរហូតដល់ ១០ម៉ឺនដុល្លារឯណោះ»

រង្វាន់ធំដែលអតិថិជនទទួលបាន ទាំង៣ រង្វាន់មានដូចជា៖ រង្វាន់ទី១៖ ទូរទស្សន៍ និងឧបករណ៍បំពងសម្លេង ឆ្លាតវៃ ម៉ាក BANG & OLUFSEN (B&O), រង្វាន់ទី២ សាឡុង និងតុលំអរដ៏ស្រស់ស្អាត ម៉ាក FENDI CASA និងរង្វាន់ទី៣៖ ជាការបន្ថែមបញ្ជូលគ្នារវាង គ្រែគេងម៉ាក Poltrona Frau និងពូកម៉ាក FRETTE ដែលរង្វាន់ទាំងនេះ សុទ្ធតែជាផលិតផលដែលមានគុណភាពខ្ពស់ ស្ដង់ដាពិភពលោក និង មានតម្លៃរាប់ម៉ឺនដុល្លារ។

នេះជាលើកដំបូងបំផុត ដែលផ្សារទំនើបវឌ្ឍនៈ បានរៀបចំកម្មវិធីប្រគំតន្ត្រី ដែលមានការចូលរួមពីកំពូលតារាចម្រៀងល្បីៗ មាស សុខសោភា, តារាចំរៀង original song កញ្ញា ចិត្ត កញ្ចនា និងលោក ស៊ូ លីផេង ដើម្បីធ្វើឲ្យអតិថិជនក៏ដូចជាអ្នកគាំទ្រមានអារម្មណ៍កាន់តែស្និទ្ធស្នាល និងសប្បាយរីករាយក្នុងឱកាសដ៏វិសេសវិសាលនេះជាមួយ វឌ្ឍនៈ កាពីតាល។

ការផ្ដល់រង្វាន់ដ៏កក្រើកនេះ នឹងមានជាលើកទី២ និងលើកក្រោយៗទៀត ជាមួយពិសេស ការនាំចូលនូវផលិតពីក្រៅប្រទេសសុទ្ធ ១០០% ជូនដល់អតិថិជនរបស់ខ្លួន។

គួររំលឹកផងដែរថា ផ្សារទំនើបវឌ្ឍនៈចាប់ដំណើរការតាំងពីឆ្នាំ២០១៣ ដោយផ្ដោតលើផលិតផលដែលជាម៉ាកល្បីៗលំដាប់ពិភពលោកជាសំខាន់ដែលមានដូចជា៖ BRIONI , BOTTEGA VENETA, BANG & OLUFSEN, CHRISTOFLE, CANALI, CLARINS, FRETTE, SALVATORE FERRAGAMO, HUGO BOSS, JIMMY CHOO, L’Occitane en Provence, POLTRONA FRAU, ROBERTO CAVALLI, SANTONI, STEFANO RICCI, TWG និង កាហ្វេ Arabica ដែលមានប្រភពមកពីប្រទេសជប៉ុនជាដើម។

វឌ្ឍនៈ កាពីតាល ក៏នឹងបន្តនាំចូលនូវផលិតផលម៉ាកល្បីៗពីជុំវិញពិភពលោក មកកាន់កម្ពុជា ជាបន្តបន្ទាប់ទៀតនៅក្នុងពេលឆាប់ៗនេះ និងអនាគត ដើម្បីបំពេញតម្រូវការរបស់អតិថិជន និងទីផ្សារកម្ពុជាខាងផ្នែកផលិតផល និងសេវាកម្មប្រណិតៗលំដាប់ថ្នាក់ពិភពលោក៕

ចង់បានផលិតផលម៉ាកល្បីៗគុណភាពខ្ពស់លំដាប់ពិភពលោក និងពេលវេលាដ៏សប្បាយរីករាយ បែបទាន់សម័យ គឺត្រូវតែនៅ វឌ្ឍនៈ កាពីតាល!