(ភ្នំពេញ)៖ ក្រសួងព័ត៌មាន បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលេីគណនី Facebook ចំនួន៧ ដែលធ្វេីសកម្មភាពផ្សព្វផ្សាយបំភ្លៃ បំផុសបំផុលនិងបំភ័យឱ្យមានការយល់យល់ច្រឡំលេីជំងឺ COVID19 នៅកម្ពុជា។

គណនី Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង។

ក្រសួងព័ត៌មាន បានគូសបញ្ជាក់ថា គណនី Facebook ទាំងនេះ បានផ្សព្វផ្សាយព័ត៌មានមិនពិត ដោយមិនបានផ្ទៀងផ្ទាត់ឱ្យបានត្រឹមត្រូវជាមួយស្ថាប័នមានសមត្ថកិច្ចពាក់ព័ន្ធ។

តាមសេចក្តីប្រកាសនេះ ក្រសួង បានស្នើដល់សាធារណជនកុំមានការភាន់ច្រឡំ និងបញ្ឈប់ការចែករំលែកបន្តរាល់ព័ត៌មានមិនពិតទាំងនេះ ព្រោះអាចប្រឈមចំពោះមុខច្បាប់។

សូមរំលឹកថា កន្លងទៅក្រសួងព័ត៌មានធ្លាប់បានធ្វើការជាមួយក្រុមហ៊ុន Facebook បិទគណនី Facebook មួយផងដែរ ចំពោះការផ្សាយព័ត៌មានមិនពិតលើករណីជំងឺ COVID19នេះ។

សូមបញ្ជាក់ថា ក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ គណនី Facebook ខាងលើនេះ បានធ្វើសកម្មភាពផ្សព្វផ្សាយបំភ្លៃយ៉ាងផុលផុស ដោយទាញភ្ជាប់ករណីផ្សេងៗកើតមាននៅក្នុងប្រទេសកម្ពុជាថា ជាជំងឺ COVID19 បង្កឱ្យមានការភាន់ច្រឡំជាច្រើនពីអ្នកលេងបណ្តាញសង្គម Facebook។

ក្រសួងសុខាភិបាល បានបញ្ជាក់ហើយថា មកដល់ពេលនេះនៅកម្ពុជាមិនមានករណីជំងឺ COVID19 នោះទេ។ បើទោះបីកម្ពុជាមិនមានឆ្លងជំងឺនេះក៏ដោយ ក៏ក្រសួងបានដាក់ចេញវិធានការជាច្រើន ដើម្បីបង្កា និងការពារកុំឱ្យមានការឆ្លងនៃជំងឺនេះ៕