(ភ្នំពេញ)៖ លោក ជិន ប៊ុនធឿន នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សហការជាមួយ អនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ស៊ូ សោគន្ធ នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ បានបន្តចុះសួរសុខទុក្ខ និងយកអំណោយសង្គ្រោះបន្ទាន់ មកឧបត្ថម្ភជូនដល់ប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆេះផ្ទះ រស់នៅភូមិទួលសំពៅ សង្កាត់ទួលសង្កែទី១ និងភូមិសាមគ្គី សង្កាត់ប្ញស្សីកែវ សរុប៤៤គ្រួសារ។

ក្នុងសកម្មភាពមនុស្សធម៌នេះ នាយកសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ ក៏ដូចជាលោក ស៊ូ សោគន្ធ ប្រធានអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌឫស្សីកែវ ក៏បានលើកឡើងផងដែរថា ចំពោះអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា ដែលក្រុមការងារ បាននាំមកឧបត្ថម្ភជូននៅពេលនេះ គឺសម្រាប់ចែកជូនចំពោះ តែប្រជាពលរដ្ឋក្រីក្រ ងាយរងគ្រោះប៉ុណ្ណោះ ដូចជាជនគ្មានទីពឹង ជនចាស់ជរា អ្នកកើតជំងឺរ៉ាំរៃ ជាដើម ដែលជាការចង្អុលបង្ហាញចំគោលដៅ ដោយមិនប្រកាន់ ពូជសាសន៍ ពណ៌សម្បុរ ឫនិន្នាការនយោបាយឡើយ ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។

សកម្មភាពមនុស្សធម៌ របស់សាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ និងអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ខាងលើនេះ ក៏មានការចូលរួម ពីលោក-លោកស្រី និងការនិមន្ដអញ្ជើញចូលរួម ពីព្រះតេជគុណព្រះគ្រូ រតនៈវិសាលមុនី នួន នាថ ព្រះចៅអធិការវត្តទួលសុវណ្ណរាម ព្រមទាំងក្រុមការងារ ជាសមាជិកគណៈកម្មាធិការអនុសាខា ក.ក្រ.ក សង្កាត់ទួលសង្កែទី១ និងសង្កាត់ប្ញស្សីកែវ និងយុវជន ស.ស.យ.ក ព្រមទាំង អាជ្ញាធរមូលដ្ឋាន ផងដែរ។

សូមជម្រាបថា សម្រាប់អំណោយមនុស្សធម៌ របស់អនុសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ ដែលបានចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះសម្បែង ៤៤គ្រួសារនាពេលនេះរួមមាន៖ ក្នុង១គ្រួសារៗ មានជាគ្រឿងគ្រឿងឧបភោគ បរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន។

ដោយឡែក សម្រាប់អំណោយរបស់ព្រះចៅអធិការវត្តទួលសុវណ្ណារាម ដែលបានបរិច្ចាគទេយ្យវត្ថុ នាពេលនេះ ក្នុង១គ្រួសារៗ មានជាគ្រឿងឧបភោគ បរិភោគ និងបច្ច័យមួយចំនួន។

គួររំលឹកផងដែរថា កាលល្ងាចថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ គ្រឿងឧបភោគបរិភោគ និងថវិកាដ៏ថ្លៃថ្លារបស់កាកបាទក្រហមកម្ពុជា ក្រោមការដឹកនាំ របស់សម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ត្រូវបានសាខាកាកបាទក្រហមកម្ពុជា រាជធានីភ្នំពេញ សហការជាមួយអនុសាខាកាកបាទក្រហមកម្ពុជា ខណ្ឌប្ញស្សីកែវ នាំយកទៅឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះចំនួន ៩៥គ្រួសារម្ដងរួចមកហើយ បន្ទាប់ពីអគ្គិភ័យឆាបឆេះផ្ទះសម្បែងរបស់ពួកគាត់អស់ទាំងស្រុង ស្ថិតនៅតាមបណ្ដោយអតីតផ្លូវរថភ្លើង កែងផ្លូវ២៧៣ ក្រុមទី១R ភូមិបាក់ទូក សង្កាត់ទួលសងែ្កទី១ កាលពីព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០។

ក្នុងសកម្មភាពមនុស្សធម៌នេះ ក្រៅពីការនាំយកនូវគ្រឿងឧបភោគបរិភោគ និងថវិកាឧបត្ថម្ភជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារអគ្គិភ័យឆាបឆេះផ្ទះសម្បែង, ក្នុងនាមក្រុមការងារសាខាកាកបាទ ក្រហមកម្ពុជា រាជធានីភ្នំពេញ ក៏ដូចជា ក្រុមការងារអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌប្ញស្សីកែវ ដឹកនាំដោយលោក ជា ពិសី បានផ្ដាំផ្ញើសួរសុខទុក្ខ និងចូលរួមសោកស្ដាយរំលែកទុក្ខយ៉ាងក្រៃលែង ពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដើម្បីលើកទឹកចិត្ត ឲ្យពួកគាត់ខិតខំ តស៊ូប្រកបរបរទទួលទានបន្តទៀត និងមានការប្រុងប្រយ័ត្នខ្ពស់ជានិច្ចនូវរាល់ឧបត្ថវហេតុផ្សេងៗ ដែលអាចកើតមានឡើងដោយចៃដន្យ ពិសេសគ្រោះអគ្គិភ័យនេះឯង។

លើសពីនេះទៅទៀត កាលថ្ងៃ១៥-១៦ ខែកុម្ភៈ កន្លងមកនេះ អនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ ក៏បានយកអំណោយមានជាគ្រឿងឧបភោគបរិភោគ និងថវិកា មកឧបត្ថម្ភជូនប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារអគ្គិភ័យឆេះផ្ទះ ម្ដងរួចមកហើយផងដែរ ចំនួន៤៤គ្រួសារ កាលថ្ងៃ១៥-១៦ ខែកុម្ភៈ កន្លងមកនេះ៕