(ភ្នំពេញ)៖ សមាគមរាជសីហ៍ បានរៀបចំពិធីមនុស្សធម៌ ដែលមានការចូលរួម ពីលោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ នៅសាលាបឋមសិក្សាចំរាំង ឃុំកែវផុស ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ សមាជិកសមាគមរាជសីហ៍ អាជ្ញាធរដែនដី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ប្រជាពលរដ្ឋជាអាណាព្យាបាលសិស្ស ប្រមាណជាង៣០០នាក់ នាព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ។

លោក ស៊ូម សារឿន ប្រធានសមាគមរាជសីហ៍ បានបញ្ជាក់ថា ការងារមនុស្សធម៌ ដែលសមាគមបានអនុវត្តក្នុងពេលកន្លងមក វាពិតជាមានវិសាលភាពតូច បើប្រៀបធៀបនឹងការងាររបស់រាជរដ្ឋាភិបាល ពាក់ព័ន្ធនឹងវិស័យមនុស្សធម៌នេះ ក៏ប៉ុន្តែវាជាការចូលរួម ចំណែកក្នុងកិច្ចការមនុស្សធម៌ ដែលមិនអាចខ្វះបាន ក្នុងនាមជាអង្គភាពមនុស្សធម៌តូចមួយនៃសង្គម ។

ទន្ទឹមនេះ សមាគមយល់ឃើញយ៉ាងច្បាស់ថា សេចក្តីទុក្ខលំបាករបស់ប្រជាពលរដ្ឋទូទាំងប្រទេស គឺជាការព្រួយបារម្ភរបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត និងភាពឈ្លាសវៃរបស់ សម្តេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាពិសេសនៅគ្រប់ទីកន្លែងណា នៅទូទាំងប្រទេសដែលកំពុងជួបទុក្ខលំបាក តែងតែមានវត្តមានជានិច្ចរបស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចុះជាប់ដល់មូលដ្ឋាន ចូលរួមដោះស្រាយបញ្ហាផ្ទាល់ ដោយមិនគិតការលំបាកនិងនឿយហត់របស់ សម្តេច ជាក់ស្តែងដូចជាយើងទាំងអស់គ្នា មើលឃើញអំពីព្រឹត្តិការណ៍បាក់រលំអគារ សណ្ឋាគារដែលកំពុងសាងសង់នៅខេត្តព្រះសីហនុ និងខេត្តកែប ជាទឡ្ហីករណ៍ស្រាប់។

អភិបាលរងខេត្ត ក៏បានលើកឡើងអំពីសារៈសំខាន់ ដែលមិនអាចខ្វះបាននៃសន្តិភាព និងសន្តិសុខប្រទេស ដែលជាកត្តាដ៏សំខាន់បំផុត សម្រាប់នាំឲ្យប្រទេសជាតិមានការអភិវឌ្ឍ។ ទន្ទឹមនឹងសុខសន្តិភាព នៅការរីកចម្រើនរបស់ប្រទេសជាតិ យើងត្រូវការរួមគ្នា ដើម្បីធ្វើការមនុស្សធម៌ ដើម្បីជួយដល់ប្រជាជន។

សូមបញ្ជាក់ថា សមាគមរាជសីហ៍ បានផ្តល់សម្ភារៈសិក្សា និងថវិកាដល់សិស្សានុសិស្សសរុបចំនួន ១៦៤ នាក់ ផ្តល់ថវិកាមួយចំនួន ជូនដល់គណៈគ្រប់គ្រង សាលាសម្រាប់ប្រើប្រាស់ចាំបាច់របស់សាលា និងជូនដល់លោកគ្រូ អ្នកគ្រូផងដែរ ព្រមទាំងបានរៀបចំអាហារសាមគ្គីថ្ងៃត្រង់ ជាអាហារនំបញ្ចុកសន្តិភាព ដោយមានការចូលរួមពីសមាជិកសមាគមរាជសីហ៍ទាំងអស់ អភិបាលរងខេត្ត ប្រតិភូអម អាជ្ញាធរមូលដ្ឋាន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងប្រជាពលរដ្ឋមូលដ្ឋាន ក្រោមបរិយាកាសស្និទ្ធស្នាល សាមគ្គីភាព និងភាតរភាព៕