(ឧត្តរមានជ័យ)៖ លោក គន់ គីម សមាជិកគណៈអចិន្ត្រៃយ៍គណបក្សប្រជាជនកម្ពុជា បានក្រើនរំលឹកដល់សមាជិក សមាជិកាគណបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ ឱ្យកែលំអរនូវចំណុចខ្វះខាត និងខុសឆ្គងរបស់ខ្លួន និងប្រឹងប្រែងលើកកម្ពស់ការទទួលខុសត្រូវ ព្រមទាំងពង្រីកសមត្ថភាពរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់ប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព។

ការក្រើនរំលឹករបស់លោក គន់ គីម ដែលជាមន្ត្រីជាន់ខ្ពស់ទាំងក្នុងរាជរដ្ឋាភិបាលកម្ពុជា និងគណបក្សបក្សកាន់អំណាចនេះ បានធ្វើឡើងក្នុងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារប្រចាំខែកុម្ភៈ របស់គណបក្សប្រជាជនកម្ពុជា ខេត្តឧត្ដរមានជ័យ នៅថ្ងៃអាទិត្យ ទី០១ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងកិច្ចប្រជុំនេះមន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា ដែលចុះពង្រឹងការងារក្នុងខេត្តឧត្តរមានជ័យរូបនេះ បានគូសរំលេចជូនសមាជិក សមាជិការបស់ខ្លួន ពីសភាពការណ៍របស់សង្គមជាតិដែលវិវឌ្ឍន៍នាពេលថ្មីៗពាក់ព័ន្ធបញ្ហាសន្តិសុខសណ្តាប់ធ្នាប់សង្គម បញ្ហាប្រព័ន្ធអនុគ្រោះពន្ធដែលត្រូវសហភាពអឺរ៉ុបព្យួរ២០ភាគរយ និងបញ្ហាបង្កដោយជំងឺ COVID19 ជាដើម។

សម្រាប់បញ្ហាទាំងអស់នេះ បានលើកបង្ហាញសមាជិក សមាជិកា ពីការឆ្លើយតបប្រកបដោយភាពឈ្លាសវៃ និងមានប្រសិទ្ធភាពខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និងប្រធានគណបក្សប្រជាជនកម្ពុជា។ លោក គន់ គីម ស្នើសមាជិក សមាជិកា ឱ្យមានទំនុចចិត្តខ្ពស់ចំពោះការដឹកនាំ និងការដោះស្រាយបញ្ហាពីសំណាក់សម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាលដទៃទៀត។

ក្នុងកិច្ចប្រជុំនេះលោក គន់ គីម ក៏បានក្រើនរំលឹក និងជំរុញដល់សមាជិក សមាជិកាបក្សប្រជាជនកម្ពុជាក្នុងខេត្តឧត្តរមានជ័យ រួមទាំងក្រុមការងារចុះជួយក្នុងខេត្តនេះផង បន្តចុះជួបប្រជាពលរដ្ឋតាមរយៈវេទិការសាធារណៈ និងតាមខ្នងផ្ទះ ដើម្បីបានដឹងពីបញ្ហា និងទុក្ខកង្វល់របស់ប្រជាពលរដ្ឋ ហើយដាក់ចេញនូវដំណោះស្រាយឱ្យមានប្រសិទ្ធភាព និងឆាប់រហ័ស។

លោក គន់ គីម ក៏បានដាស់តឿនសមាជិកបក្ស ឱ្យចេះកែលំអរខ្លួន និងលេីកកម្ពស់ការទទួលខុសត្រូវ ពង្រីកសមត្ថភាព ដេីម្បីឆ្លេីយតបភារកិច្ចចំពោះមុខ ស្របទៅនឹងដំណេីរការកែទម្រង់ និងការធ្វេីប្រតិភូកម្មអំណាចពីថ្នាក់ជាតិមកថ្នាក់ក្រោមជាតិ។

មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជារូបនេះ ក៏មិនភ្លេចនោះដែរ ឱ្យសមាជិក សមាជិកាបក្សក្នុងខេត្ត ដែលភាគច្រើនសុទ្ធតែជាអ្នកដឹកនាំក្នុងខេត្តនោះ យកចិត្តទុកដាក់ទៅលើការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ និងសុខសុវត្ថិភាពនៅមូលដ្ឋាន បង្កេីនការទប់ស្កាត់ បង្ក្រាបបទល្មេីសគ្រឿងញៀន និងបទល្មេីសផ្សេងៗទៀត។

លោកទេសរដ្ឋមន្ត្រី ដែលទទួលបានកិត្តិនាមល្អលើការងារគ្រប់គ្រងគ្រោះមហន្តរាយ និងការងារអតីតយុទ្ធជនរូបនេះ ក៏បានក្រើនរំលឹកដល់មន្ត្រីបក្សនេះ ឱ្យខិតខំមេីលថែអតីតយុទ្ធជន និងបន្តដោះស្រាយផ្ទះជូនអតីតយុទ្ធជនគ្មានផ្ទះស្នាក់នៅ និងអ្នកមានដីអត់ផ្ទះ ឬមានផ្ទះមិនសមរម្យជាដើម៕