(ពោធិ៍សាត់)៖ ភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) នៅចំណុចផ្លូវជាតិលេខ៥ ឆ្លងកាត់កំណាត់ផ្លូវបេតុង និងផ្លូវរថភ្លើង ទៅតំបន់អភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ក្នុងភូមិពោធិ៍តាគួយ សង្កាត់លលកស ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ នៅពេលនេះ បានចាប់ផ្តើមដាក់ឲ្យដំណើរការហើយ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ។

ខណៈដែលទីតាំងអភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ទើបនឹងដាក់ឲ្យដំណើរការលក់បណ្ណោះអាសន្ន បានរយៈពេលជិត ២ខែហើយ ជាមួយនឹងការផ្តល់ជូនអាជីវករ លក់ដូរដោយឥតគិតថ្លៃ ចន្លោះពី៣ ទៅ៥ឆ្នាំ, បងប្អូនអាជីវករ និងគ្រួសារម៉ូតូឌុប ក៏ដូចជាប្រជាពលរដ្ឋ រស់នៅជាប់តំបន់នោះ ក៏មានតម្រូវការបន្ថែមជាក់ស្តែង នូវភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ពីព្រោះនៅពេលធ្វើដំណើរទៅផ្សារនោះម្តងម្កាល ត្រូវឆ្លងកាត់ផ្លូវជាតិលេខ៥ និងផ្លូវរថភ្លើង ដែលអាចប្រឈមនឹងគ្រោះថ្នាក់ ប្រសិនបើគ្មានភ្លើងសញ្ញាចរាចរណ៍គ្រប់គ្រាន់។

ឆ្លើយតបនឹងតម្រូវការនេះ លោកឧកញ៉ា ភួ ពុយ ក៏ដូចជារដ្ឋបាលខេត្តពោធិ៍សាត់ បានបញ្ជាទិញភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) ដែលត្រូវបានតម្លើងកាលពីថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ និងបានដាក់ឲ្យដំណើរការ នាថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០នេះ។

គួរបញ្ជាក់ថា ជាង៦ឆ្នាំមកនេះ ចាប់តាំងពីលោក ម៉ៅ ធនិន បានមកដឹកនាំយន្តការក្នុងខេត្ត បានកែប្រែមុខមាត់ខេត្តពោធិ៍សាត់ ដែលពីមុនគឺគ្រាន់តែជាខេត្តឆ្លងកាត់ បច្ចុប្បន្នបានក្លាយជាខេត្ត ដែលមានការអភិវឌ្ឍកើនឡើងជាលំដាប់។

ជាក់ស្តែងនាពេលថ្មីៗនេះ សមិទ្ធផលថ្មីមួយទៀត គឺភ្លើងសញ្ញាចរាចរណ៍ (ភ្លើងស្តុប) បានដំឡើងបន្ថែមនៅចំណុចផ្លូវជាតិលេខ៥ ឆ្លងកាត់កំណាត់ផ្លូវបេតុង និងផ្លូវរថភ្លើង ទៅតំបន់អភិវឌ្ឍន៍ភួពុយ «ផ្សារភួពុយ» ដែលគិតមកដល់ពេលនេះ មានចំនួន០៤កន្លែងហើយ។

ទាំងនេះ គឺដោយសារកត្តានៃសុខសន្តិភាព ដែលសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានយកអាយុជីវិតទៅប្តូរ រហូតទទួលបានសុខសន្តិភាព និងការអភិវឌ្ឍដល់សព្វថ្ងៃ, ហើយបងប្អូនប្រជាពលរដ្ឋ ក៏អាចធ្វើដំណើរទៅគ្រប់ទីកន្លែង និងគ្រប់ពេលវេលា ដោយគ្មានការភ័យខ្លាចដូចពីមុនទៀតឡើយ៕