(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងលោក វ៉ាង វិធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា បានប្រកាសរួមគ្នា មិនលុបចោលការធ្វើសមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន នៅខែមីនា ឆ្នាំ២០២០នេះ ទោះបីប្រទេសចិន កំពុងតែរងគ្រោះដោយសារតែវីរុសរលាកសួត កូរ៉ូណា ឬ Covid-19 ក៏ដោយ។
ការប្រកាសព្រមគ្នាបែបនេះ របស់រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងឯកអគ្គរដ្ឋទូតចិន ក្នុងឱកាសដែលស្ថានទូតចិន ទទួលសម្ភារការពារទប់ស្កាត់វីរុស កូរ៉ូណាថ្មី ឬ Covid-19 ជូនក្រសួងការពារជាតិ នៃសាធារណរដ្ឋប្រជាមានិតចិន នៅព្រឹក២ ខែមីនា ឆ្នាំ២០២០នេះ។
សម្តេចពិជ័យសេនា ទៀ បាញ់ បានថ្លែងយ៉ាងដូច្នេះថា៖ «គ្មានស្អីប្រែប្រួលទេ ក៏ដូចជាកិច្ចសហប្រតិបត្តិការទាំងឡាយ រួមទាំងការរៀបចំ ធ្វើលំហាត់ហ្វឹកហ្វឺននាគមាស នៅពេលខាងមុខនេះ ក៏យើងនៅតែបន្តធ្វើ ដូចគ្មានអ្វីប្រែប្រួលនោះឡើយ»។
សម្តេចពិជ័យសេនា ទៀ បាញ់ បានបញ្ជាក់យ៉ាងច្បាស់ថា អ្វីៗទាំងអស់ដែលធ្វើការជាមួយគ្នា គឺអត់មានស្អីមួយ ឬគម្រោងការណាមួយកាត់ផ្តាច់ ឬផ្អាក់ដំណើរការនោះទេ ជាមួយសាធារណៈរដ្ឋ ប្រជាមានិតចិន មិនតែប៉ុណ្ណោះកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិននឹងរឹតតែសកម្ម និងរឹងមាំបន្ថែមទៀត។ សម្តេចពិជ័យសេនា វាយតម្លៃខ្ពស់ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិន គឺមានតម្លៃ និងផលប្រយោជន៍ ដល់ការអភិវឌ្ឍប្រទេសកម្ពុជាផងដែរ។
រដ្ឋមន្ត្រីការពារជាតិកម្ពុជា សម្តេចពិជ័យសេនា បានបង្ហាញក្តីសង្ឃឹមជឿជាក់មុតមាំយ៉ាងខ្លាំង ទៅលើរដ្ឋាភិបាលចិនថា នឹងមានលទ្ធភាពបង្ក្រាប និងលុបបំបាត់វីរុស កូរ៉ូណា ឬ Covid-19 នេះឱ្យទទួលបានជោគជ័យក្នុងពេលឆាប់ៗនេះ ជាក់ជាមិនខាន។
ដោយឡែក សម្តេចពិជ័យសេនា ទៀ បាញ់ បានបន្តថា ការប្រគល់សម្ភារការពារទប់ស្កាត់វីរុសកូរ៉ូណា របស់ក្រសួងការពារជាតិកម្ពុជា ដល់ក្រសួងការពារជាតិចិននាពេលនេះ គឺជាទឹកចិត្តចូលរួមចំណែក ការទប់ស្កាត់ជំងឺដ៏សាហាវនេះ ជាមួយរដ្ឋាភិបាលចិន ក៏ដូចជា ចូលរួមលើកស្ទួយកិច្ចការមនុស្សធម៌ ជាដើម។
ចំណែកលោក វ៉ាង វិធាន បានលើកឡើងថា ចាប់តាំងពីប្រទេសចិន ទទួលរងគ្រោះដោយសារវីរុស កូរ៉ូណា ឬ Covid-19 មក ព្រះមហាក្សត្រ ព្រះមហាក្សត្រី សម្តេចតេជោ ហ៊ុន សែន ថ្នាក់ដឹកនាំកំពូល និងប្រជាជនកម្ពុជា បានយកព្រះហឬទ័យ និងយកចិត្តទុកដាក់ដល់ប្រជាជនចិន។ ជាពិសេសរាជរដ្ឋាភិបាលកម្ពុជា មិនបញ្ឈប់ជើងហោះហើររវាងកម្ពុជា និងប្រទេសចិន ព្រមទាំងបានផ្តល់ការគាំទ្រដល់រដ្ឋភិបាលចិន យ៉ាងពេញទំហឹងបំផុត។
លោក វ៉ាង វិនធាន បានបន្តថា អ្វីដែលធ្វើឱ្យរដ្ឋាភិបាល និងប្រជាជនចិន រន្ធត់ចិត្តយ៉ាងខ្លាំងនោះ គឺសម្តេចតេជោ ហ៊ុន សែន បានដឹកនាំគណៈប្រតិអញ្ជើញទៅទស្សនកិច្ចក្នុងប្រទេសចិន ដែលគ្មានបណ្តាថ្នាក់ដឹកនាំណាមួយហ៊ានទៅប្រទេសចិន ក្នុងពេលចិនកំពុងតែជួបវិបត្តិវីរុស រលាកសួត កូរ៉ូណាថ្មី ឬ Covid-19 ដែលបង្ហាញពីទឹកចិត្ត និងអត្ថន័យដ៏ជ្រាលជ្រៅសហគមន៍ ជោគវាសនាតែមួយរវាងកម្ពុជា និងចិន។
ឯកអគ្គរដ្ឋទូតចិន បានបន្ថែមទៀតថា ហើយនាំយកសម្ភារទប់ស្កាត់ការពារវីរុស កូរ៉ូណា របស់សម្តេចពិជ័យសេនា ដល់ក្រសួងការពារជាតិ គឺបង្ហាញឱ្យឃើញពីមនោសញ្ចេតនាដ៏ជ្រាលជ្រៅបំផុត រវាងកងយោធពលខេមរភូមិន្ទ និងកងទ័ពរំដោះប្រជាជនចិន និងទឹកដ៏ល្អរវាងប្រជាជនកម្ពុជា និងប្រជាជនចិន។
លោក វ៉ាង វិនធាន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ប្រឈមមុខនឹងវីរុស Covid-19 នេះស្ថិតនៅក្រោមការដឹកនាំដ៏រឹងមាំតរបស់ប្រធានាធិបតី ស៊ី ជិនពីង ដើម្បីខិតខំប្រឹងប្រែងទប់ស្កាត់វីរុស Covid-19 អីឡូវស្ថានភាពរបស់ប្រទេសចិន ដែលទប់ស្កាត់ការរីករាលដាល់នៃវីរុស Covid-19 មានភាពល្អប្រសើរកាន់តែខ្លាំងក្លាថែមទៀត យើងជឿជាក់ថា នៅក្នុងពេលអនាគតយើងនឹងទទួលជ័យជម្នះ យ៉ាងរឹងមាំនៅក្នុងការប្រយុទ្ធប្រឆាំងវីរុស Covid-19 [...] ទោះបីវីរុស Covid-19 មានភាពកាចសាហាវខ្លាំងមែនទែន ប៉ុន្តែមិនអាចរារាំងកិច្ចសហប្របត្តិការ ផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក រវាងចិន និងកម្ពុជា សមយុទ្ធនាគមាស ឆ្នាំ២០២០ រវាងកងទ័ពប្រទេសចិន និងកម្ពុជានឹងប្រព្រឹត្តទៅតាមផែនការនៅក្នុងខែមីនា ខាងមុខនេះ ដែលបញ្ជាក់ពីមិត្តភាពយ៉ាងជ្រាលជ្រៅរវាងកងទ័ពទាំងពីរ»។
ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជារូបនេះ បានបញ្ជាក់ថា បន្ទាប់ពីធូរស្រាល នៃវីរុស Covid-19 កិច្ចសហប្រតិបត្តិការកម្ពុជា និងចិន មានភាពកាន់តែល្អប្រសើរ និងមានភាពខ្លាំងក្លាបន្ថែមទៀត ក្នុងពេលអនាគតផងដែរ៕