(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ បានហៅក្រុមដែលព្យាយាមប្រឌិតព័ត៌មានបំពុលសង្គម អំពីជំងឺកូរ៉ូណាថ្មី ឬ COVID-19 ថាជាក្រុមទុច្ចរិត ហើយសម្តេចនឹងចាត់ទុកពួកគេជាក្រុមភេរវករផងដែរ បើសិនជាក្រុមនេះនៅតែបន្តបំពុល ឬប្រឌិតព័ត៌មាន ដើម្បីជំរុញឲ្យពលរដ្ឋខ្មែរមានការភ័យខ្លាច។
ការប្រកាសរបស់ សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០។ ប្រតិកម្មនេះ បានធ្វើឡើងបន្ទាប់ពី ក្រុមអ្នកលេង Facebook មួយចំនួនជាពិសេសអ្នកដែលប្រឆាំងនៅក្រៅប្រទេស បានបង្ហោះព័ត៌មានក្លែងក្លាយជាបន្តបន្ទាប់ថា កម្ពុជាមានអ្នកជំងឺកូរ៉ូណាថ្មី ឬ Covid-19 ច្រើនប៉ុន្តែថារដ្ឋបាលបិទព័ត៌មាន។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឥឡូវតើប្រជាពលរដ្ឋខ្មែរប៉ុន្មាននាក់ហើយ ដែលបានឆ្លង។ ការបំផុសព័ត៌មានអាក្រក់ពីជនទុច្ចរិត ដែលឥឡូវខ្ញុំព្រះករុណាខ្ញុំ បាននិយាយដល់ចំណុចហៅអ្នកឯងថាទុច្ចរិត នៅថ្ងៃខាងមុខ ខ្ញុំនឹងចាត់ទុកអ្នកឯងជាភេរវករ ព្រោះការបំពុលព័ត៌មានដូចជាការដួលស្លាប់»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់ថា ជំងឺ COVID-19 នេះមិនមានប្រកាច់ស្លាប់ដូចជំងឺដាច់សសៃឈាម ឬគាំងបេះដូងទេ។ សម្តេចបានកត់សម្គាល់ថា កន្លងទៅនេះ កុំឲ្យតែមាននរណាម្នាក់ស្លាប់ ក្រុមអ្នកលេង Facebook មួយចំនួនបានបង្ហោះថា ជាជំងឺ COVID-19 ទាំងអស់។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍បន្ថែមទៀតថា៖ «ខ្ញុំសូមអំពាវនាវចំពោះជនទុច្ចរិតទាំងឡាយ តើអ្នកឯងទទួលបានអីមកវិញ នៅក្នុងការដែលអ្នកឯងបង្ហោះព័ត៌មាននេះ អ្នកឯងបានត្រឹមតែបង្កការភ័យខ្លាច សម្រាប់ប្រជាពលរដ្ឋ និងសម្រាប់ក្រុមគ្រួសាររបស់អ្នកឯង ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំនៅតែមានជំនឿចិត្តដូច្នេះ គឺប្រជាពលរដ្ឋយើងមិនមែនតក់ស្លត់ ដែលមិនអាចគ្រប់គ្រងខ្លួនឯងបាននោះទេ»។
ទោះបីជាយ៉ាងនេះក្តី សម្តេចគាំទ្រចំពោះការជំរុញឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន តាមរយៈការអនុវត្តតាមវិធានការនានាដែលដាក់ចេញដោយក្រសួងសុខាភិបាល និងអង្គការសុខភាបពិភពលោក ដោយក្នុងនោះមានការបង្កើនអនាម័យលាងដៃ និងសម្អាតផ្ទះជាដើម។
សម្តេបន្តថែមថា៖ «យើងម្នាក់ៗ ត្រូវធ្វើជាគោលដៅនៃការជំនះព័ត៌មានភ្លែងក្លាយ បើទុកឲ្យតែក្រសួងសុខាភិបាល ទុកឱ្យតែអ្នកនាំពាក្យរាជរដ្ឋាភិបាល ទុកឱ្យនាយករដ្ឋមន្ត្រីនិយាយ វាមិនគ្រប់គ្រាន់ទេ ម្នាក់ត្រូវធ្វើជាសកម្មជនប្រឆាំងព័ត៌មានក្លែងក្លាយ»។
សូមបញ្ជាក់ថា ពាក់ព័ន្ធនឹងការបង្ហោះបំភ្លៃព័ត៌មានរឿងជំងឺ COVID-19 នៅកម្ពុជានេះ ក្រសួងព័ត៌មាន បានស្នេីឱ្យសមត្ថកិច្ចពាក់ព័ន្ធចាត់វិធានការលេីគណនី Facebook ចំនួន៧ ដែលធ្វេីសកម្មភាពផ្សព្វផ្សាយបំផុសបំផុលនិងបំភ័យប្រជាពលរដ្ឋ។ Facebook ទាំង៧ ដែលស្នើឱ្យចាត់វិធានការនេះរួមមាន៖ Sdam Husen, Sovannara Som, កូននាគ អហិង្សា ស្វ.រ, សំលេងពលករចង់បានការផ្លាស់ប្តូរ, សឹម សុភា Soem Sophea, Ah Song Ha និង រិទ្ធីវង្ស ឡុង៕