(ភ្នំពេញ)៖ ទោះបីជាមានការវិភាគផ្សេងៗគ្នា ចំពោះការពន្យារពេលរបស់សហរដ្ឋអាមេរិក ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក ក្នុងខែមីនានេះក៏ដោយ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែជឿជាក់ថា មូលហេតុចម្បងនៃការពន្យារពេលនេះ គឺដោយសារតែការប្រយុទ្ធប្រឆាំងជំងឺកូរ៉ូណាថ្មី ឬ COVID-19 នៅក្នុងសហរដ្ឋអាមេរិក។
ការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើង ក្នុងឱកាសប្រគល់សញ្ញាបត្រជូននិស្សិត សាកលវិទ្យាល័យអាស៊ីអឺរ៉ុប១,៥៨៩នាក់ នៅវិទ្យាស្ថានជាតិអប់រំ នាព្រឹកថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ។ នៅក្នុងពិធីនោះ សម្តេចតេជោ ហ៊ុន សែន បានរៀបរាប់អំពីការវិភាគមួយចំនួន ពាក់ព័ន្ធនឹងការលើកពេលប្រជុំរបស់សហរដ្ឋអាមេរិក ដោយអះអាងថា មួយហេតុមួយទៀតអាចថា កន្លងទៅប្រធានាធិបតីអាមេរិក បានខកខាន មិនបានចូលរួមកិច្ចប្រជុំអាស៊ាន រយៈពេល៣ឆ្នាំជាប់គ្នា ហើយពេលនេះ ដោយសារតែមានមេដឹកនាំកំពូលប្រទេសចំនួន៣ គឺហ្វីលីពីន ឥណ្ឌូនេស៊ី និងឥណ្ឌូនេស៊ី មិនទៅចូលរួមកិច្ចប្រជុំអាស៊ាន-អាមេរិក ទើបធ្វើឱ្យលោកដូណាល់ ត្រាំ លើកពេលតែម្តង ដោយសារតែ៣ប្រទេសនេះ គឺតំណាងឱ្យប្រជាជនពាក់កណ្តាលរបស់អាស៊ាន។
សម្តេចបញ្ជាក់យ៉ាងដូច្នេះថា៖ «ប៉ុន្តែខ្ញុំព្រះករុណាខ្ញុំ នៅតែយល់ថា មូលហេតុទី១ ស្តីពីការប្រយុទ្ធនឹង COVID-19 គឺជាមូលហេតុចម្បងដែលនាំឈ្ពោះទៅរកការផ្អាកនេះសិន ព្រោះជួបគ្នានៅពេលក្រោយក៏វាមិនយឺតពេលដែរ ព្រោះអាមេរិកក៏បានឱ្យតម្លៃខ្ពស់ចំពោះសារសំខាន់នៃទំនាក់ទំនងអាមេរិក-អាស៊ានដែរ»។
ទោះជាយ៉ាងនេះក្តី សម្តេចបានបន្តទៀតថា បញ្ហានេះមានតែសហរដ្ឋអាមេរិកមួយគត់ ហើយក៏មានតែ ប្រធានាធិបតីអាមេរិក និងសហការីរបស់គាត់តែប៉ុណ្ណោះ ដែលមានលទ្ធភាពបញ្ចេញព័ត៌មាននេះបាន។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានសម្រេចចិត្តពន្យារពេលរៀបចំកិច្ចប្រជុំកំពូល ជាមួយថ្នាក់ដឹកនាំកំពូលនៃបណ្តាប្រទេសអាស៊ានទាំង១០ ដែលគ្រោងធ្វើឡើងនៅថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២០ ខាងមុននេះ នៅទីក្រុងឡាសវេហ្គាស រដ្ឋណេវ៉ាដា ដោយសារក្តីព្រួយបារម្ភកាន់តែខ្លាំងឡើង ចំពោះការរីករាលដាលនៃវីរុសកូរ៉ូណាថ្មី ឬ COVID-19។
ចំនួនអ្នកស្លាប់ជាសកលដោយសារជំងឺឆ្លង COVID-19 បានកើនឡើងជាង ៣,០០០នាក់ហើយ បើគិតត្រឹមថ្ងៃចន្ទនេះ បន្ទាប់ពីមានមនុស្សស្លាប់បន្ថែមទៀតនៅប្រទេសចិន ដែលជាប្រភពនៃជំងឺនេះ។ ជាមួយគ្នានេះ មានប្រទេសជាច្រើននៅទូទាំងពិភពលោក បានរាយការណ៍បន្តបន្ទាប់គ្នាពីការរកឃើញករណីឆ្លងដំបូង ឬករណីឆ្លងថ្មីបន្ថែមទៀត រៀងៗខ្លួន ខណៈមន្ត្រីអាមេរិកកំពុងប្រឈមមុខនឹងការរិះគន់ ពីការខ្វះឆន្ទៈក្នុងការប្រយុទ្ធប្រឆាំង នឹងជំងឺដ៏កាចសាហាវនេះផងដែរ៕