(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកទាត់ចោលទាំងស្រុងចំពោះ Facebook មួយដែលយករូបជនជាតិបរទេសម្នាក់ ស្លាប់ដោយសារគាំងបេះដូង មកបំភ្លៃការពិតថា ស្លាប់ដោយសារជំងឺ Covid-19 ទៅវិញ ធ្វើឲ្យមានការយល់ច្រឡំ។
លោកស្រីថា ជនបរទេសដែលស្លាប់នោះ កើតឡើងតាំងពីដើមខែកុម្ភៈ ឆ្នាំ២០២០មកម្ល៉េះ ប៉ុន្តែក្រុមបំពុលសង្គម បានយកមកបង្ហោះជាថ្មី ដើម្បីបង្កភាពចលាចលសង្គមជាតិ។
ជាមួយគ្នានេះ មន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលរូបនេះ ក៏អំពាវនាវដល់អាជ្ញាធរមានសមត្ថកិច្ច ស្វែងរកចាប់ខ្លួន ជនដែលបង្ហោះព័ត៌មានបំពុលសង្គមនេះ មកផ្តន្ទាទោសតាមច្បាប់។
លោកស្រី ឱ វណ្ណឌីន បានបញ្ជាក់យ៉ាងដូច្នេះថា «តើអ្នកផុសនេះ ចំណេញអ្វីខ្លះទៅ ក្រៅតែពីបំពុលសង្គម ហើយដែលមិនទាំងបានជួយអ្វីដល់ប្រទេសជាតិផង។ ករណីនេះ តាំងពីដើមខែកុម្ភៈ ឆ្នាំ២០២០ ហើយក្រុមការងារកោសល្យវិច្ច័យបានបញ្ជាក់ជាករណីគាំងបេះដូង មិនមែនកូវីដ១៩ទេ។ សូមអាជ្ញាធរពាក់ព័ន្ធស្វែងរកជនបង្ហោះព័ត៌មាននេះ មកផ្តន្ទាទោសតាមច្បាប់»។
សូមជម្រាបថា រហូតមកដល់ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ មិនទាន់មានករណីជំងឺកូរ៉ូណាថ្មី កើតឡើងនៅកម្ពុជាទៀតនោះឡើយ។ ករណីជំងឺកូរ៉ូណា ទើបកើតឡើង១ករណីគត់នៅកម្ពុជា លើបុរសជនជាតិចិនម្នាក់ ដែលធ្វើដំណើរតាមជើងយន្តហោះមកពីទីក្រុងវូណាន់។
បុរសជនជាតិចិនរូបនោះ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ព្យាបាលជាសះស្បើយ និងបានធ្វើត្រឡប់ទៅប្រទេសចិនវិញហើយ។ ក្រៅពីករណីនេះមិនទាន់មានករណី ជំងឺកូរ៉ូណាផ្សេងទៀតកើន នៅកម្ពុជានោះទេ៕