(កំពង់ឆ្នាំង)៖ ឆ្នាំ២០២០នេះ វិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរត្បូង ទទួលបាននូវសមិទ្ធិផលថ្មីៗជាច្រើន ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាំឱ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងអាណាព្យាបាលសិស្ស មានក្តីរំភើបរីករាយយ៉ាងក្រៃលែង ព្រោះពុំធ្លាប់មានតាំងពីមុនមក។

ជាពិសេសគំរោងសមិទ្ធផលថ្មីៗ ទាំងអស់នេះ គឺបានចាប់ផ្តើមសាងសង់តាំងពីចុងខែឧសភា ឆ្នាំ២០១៧ ដែលមកដល់ពេលនេះ សាងសង់បានប្រមាណ ៩៥ភាគរយហើយ ដោយក្រុមការងារកងវិស្វកម្ម របស់លោក ខេង សុមេធ។

បើតាមលោកគ្រូ ខៀវ ឬទ្ធី នាយកវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរត្បូង តំណាងឱ្យលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សក្នុងវិទ្យល័យ បានសម្តែងការត្រេកអរ និងបានបញ្ជាក់ថា ក្នុងការធ្វើដំណើរចុះសាកសួរសុខទុក្ខប្រជាពលរដ្ឋ នៅក្នុងខេត្តកំពង់ឆ្នាំង អំឡុងឆ្នាំ២០១៧ សម្តចតេជោ ហ៊ុន សែន បានសម្រេចផ្តល់ជូនសមិទ្ធផលដ៏ច្រើន ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៅក្នុងវិទ្យាល័យ ប៊ុន រ៉ានី ហ៊ុន សែន រលាប្អៀរ ស្ថិតនៅក្នុងឃុំអណ្ដូងស្នាយ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ដែលមាន៣៦បន្ទប់, អគារសិក្សាមួយខ្នង២ ជាន់មាន២០បន្ទប់, អគារទីចាត់ការមួយខ្នងមាន ៣បន្ទប់, របងថ្មព័ទ្ធជុំវិញវិទ្យាល័យ, ក្លោង ទ្វារសាលា, ចាក់ដីបំពេញទីធ្លាសាលា និងសាងសង់ទីលានបាល់ទាត់ និងបាល់ទះ ព្រមទាំងផ្លូវបេតុងខ្វាត់ខ្វែង ក្នុងវិទ្យាល័យជាពិសេសសម្តេចបានគិតគូររៀបចំប្រព័ន្ធទឹកស្អាត ដើម្បីសុខមាលភាពលោកគ្រូអ្នកគ្រូ សិស្សានុសិស្សនៅក្នុងវិទ្យាល័យទៀតផង។

លោកនាយកសាលា បានបន្តថា ក្នុងនាមលោកជាតំណាងឱ្យលោកគ្រូអ្នកគ្រូ សិស្សានុសិស្ស លោកសូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅ ចំពោះទឹកចិត្តដ៍ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន ដែលជានិច្ចជាកាល សម្តេចតែងយកចិត្តទុកដាក់ដល់លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស គ្រប់ទីកន្លែង ជាពិសេសបានផ្តោតសំខាន់ជាមួយនឹងវិស័យសិក្សាធិការ ដែលជាវិស័យមួយ សម្រាប់ការបណ្តុះបណ្តាលចម្រាញ់គ្រាប់ពូជធ នធានមនុស្ស នៅក្នុងប្រទេសកម្ពុជាឱ្យកាន់តែមានគុណភាព ដើម្បីជាការអភិវឌ្ឍន៍ លើគ្រប់វិស័យឱ្យរីកចម្រើន ជាពិសេស គឺអភិវឌ្ឍធនធានមនុស្ស ដើម្បីបន្តការងារដឹកនាំប្រទេសជាតិឱ្យមានការរីកចម្រើនត សម្បូរសប្បាយទៅថ្ងៃអនាគត៕