(រតនគិរី)៖ នៅរសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០នេះ ប្រជាពលរដ្ឋជាច្រើននាក់ មកពីឃុំកាឡែង និងឃុំសេដា ស្រុកលំផាត់ បានលើកគ្នាមកអន្តរាគមន៍ឲ្យដោះលែងមនុស្ស ២នាក់ ក្នុងពន្ធនាគារខេត្ត (ភ្នំស្វាយ) បន្ទាប់ពីមានការចាប់ខ្លួនសង្ស័យកាប់រានដីព្រៃក្នុងដែនជំរកបរិស្ថាន។

លោក សារុន ភារិន តំណាងប្រជាពលរដ្ឋបានប្រាប់ភ្នាក់ងារ Fresh News នៅកន្លែងជួបជុំមុខសាលាខេត្តរតនគិរីថា ពួកគាត់លើកគ្នាមកថ្ងៃនេះ សូមឲ្យដោះលែងប្រជាពលរដ្ឋចំនួន ២នាក់ រួមមាន៖

*ទី១ ៖ ឈ្មោះ អ៊ុ ធា ភេទប្រុស អាយុ៥៥ឆ្នាំ រស់នៅភូមិសមុទ្រក្រោម ឃុំសេដា
*ទី២ ៖ ឈ្មោះ បិន ឈាង ភេទស្រី អាយុ៥៥ឆ្នាំ រស់នៅភូមិកាឡែង ឃុំកាឡែង ស្រុកលំផាត់។

លោកថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ កន្លងមកលោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានសន្យាជាមួយពួកគាត់ថា ដោះលែងជនសង្ស័យទាំង២នាក់នេះ ឲ្យមានសេរីភាពវិញនៅថ្ងៃចន្ទ ដើមសប្តាហ៍នេះ ប៉ុន្តែរហូតមកដល់អង្គារ៍នេះ ពួកគេទាំង២នាក់ នៅតែឃុំខ្លួនក្នុងពន្ធនាគារខេត្ត (ភ្នំស្វាយ) ដដែល ដូច្នេះពួកគាត់នាំគ្នាឈរមុខសាលាខេត្តរតនគិរី តវ៉ាឲ្យមានការដោះលែង។

សូមបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែកុម្ភៈ ប្រជាពលរដ្ឋមកពីស្រុកលំផាត់ចំនួន ៧០នាក់ លើកគ្នាមកមន្ទីរបរិស្ថាន ក្នុងបំណងឲ្យអាជ្ញាធរខេត្ត ជួយធ្វើអន្តរាគមន៍ដោះលែងអ្នកភូមិ ២នាក់ ដែលកម្លាំងឧទ្យាននុរក្សចាប់ដាក់ពន្ធនាគារ ពីបទកាប់រានដីព្រៃដែនជម្រកសត្វព្រៃលំផាត់ដោយខុសច្បាប់។

ទាក់ទិនទៅនឹងករណីប្រជាពលរដ្ឋជាច្រើននាក់ លើកគ្នាមកអន្តរាគមន៍នៅមុខសាលាខេត្តឲ្យដោះលែងជនសង្ស័យទាំង ២នាក់ខាងលើនេះដែរ លោក នូ ថេ អភិបាលស្រុកលំផាត់ បានប្រាប់ភ្នាក់ងារ Fresh News នៅរសៀលថ្ងៃនេះថា រហូតមកដល់ពេលនេះលោក ថង សាវុន អភិបាលខេត្តរតនគិរី កំពុងមមាញឹកសម្របសម្រួលជាមួយតំណាងអយ្យការអមសាលាដំបូងខេត្តរតនគិរី និងដើមបណ្តឹង (មន្ទីរបរិស្ថាន) ដើម្បីឲ្យពួកគេទាំង ២មានសេរីវិញ។

លោកថា តែឥឡូវហាក់ដូចឡើងកំដៅដោយសារតែបងប្អូនប្រជាពលរដ្ឋ លើកគ្នាមកមុខសាលាខេត្តច្រើនបែបនេះ។ ទោះបីយ៉ាងណាក៏ដោយ ដំណោះស្រាយយ៉ាងណានោះនៅមិនទាន់ ដឹងនៅឡើយទេ៕