(ឡូវ៉ែល-អាមេរិក)៖ លោក W.Patrick Murrphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅកម្ពុជា បានចុះជួបសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ ដែលកំពុងរស់នៅទីក្រុងឡូវ៉ែល នៃរដ្ឋម៉ាសាឈូសេត ប្រកបដោយភាពស្និតស្នាល និងរីករាយជាទីបំផុត។

តាមរយៈសកម្មភាពរបស់លោក W.Patrick Murrphy នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ចំពោះប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅទីនោះ បានបង្ហាញពីភាពកក់ក្ដៅ និងធ្វើឲ្យចំណងមិត្តភាព រវាងប្រទេសកម្ពុជា និងសហរដ្ឋអាមេរិក កាន់តែល្អប្រសើរផងដែរ។

ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក បានលើកឡើងថា ការដែលលោកទៅជួបសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរនៅពេលនេះ ដើម្បីចង់ស្ដាប់នូវមតិយោបល់ និងអ្វីដែលជាកង្វក់របស់ពលរដ្ឋ ដែលសុទ្ធតែជាពាណិជ្ជករកំពុងធ្វើអាជីវកម្មលើទឹកដីនៃសហរដ្ឋអាមេរិក។

លោកបញ្ជាក់ថា សព្វថ្ងៃនេះនៅក្នុងប្រទេសកម្ពុជា មានមនុស្សកាន់តែច្រើនឡើងៗ ដែលធ្វើកិច្ចការ ដូចដែលអ្នកកំពុងធ្វើទីនេះដែរ ពោលគឺមានសហគ្រាសធុនតូច និងមធ្យមកាន់តែច្រើនឡើង។

ក្នុងឱកាសនោះ លោកឯកអគ្គរដ្ឋទូត សង្ឃឹមថា នឹងបានស្ដាប់ឮមតិយោបល់ និងការយល់ឃើញរបស់ប្រជាពលរដ្ឋក្នុងអំឡុងពេលវេលាអាហារថ្ងៃត្រង់នេះ ដែលលោកពិតជាមានក្ដីរីករាយណាស់ ដែលបានជួបអ្នកទាំងអស់នោះ៕