(កំពង់ស្ពឺ)៖ នៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ឧត្តមសេនីយ៍ត្រី ជូ សារុន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានផ្សព្វផ្សាយអនុសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ស្តីពីវិធានការរបស់រាជរដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ដែលបង្កឡើងដោយមេរោគ COVID-19 (ខូវីដ-១៩) និងការព្យួរភាពអនុគ្រោះពន្ធ លើទំនិញមួយចំនួន ក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងសព្វាវុធ (EBA)។

ការផ្សព្វផ្សាយនេះបានធ្វើឡើងថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយមានការចូលរួមពីសំណាក់លោកមេបញ្ជាការរង នាយរងសេនាធិការ ប្រធានមន្ទីរស្តីទី អនុប្រធានមន្ទីរ នាយការិយាល័យ ជំនួយការ ក្រុង-ស្រុក ស្នាក់ការសន្តិសុខ ព្រមទាំងនាយ នាយរងអាវុធហត្ថខេត្តជាច្រើនរូបទៀត។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២០ បានថ្លែងសារពិសេសមួយជូនជនជាតិខ្មែរទាំងអស់ ពាក់ព័ន្ធស្ថានភាពថ្មីៗចុងក្រោយ។ សម្តេចមានប្រសាសន៍ថា បច្ចុប្បន្ននេះ COVID-19 បានក្លាយទៅជាបញ្ហាប្រឈមដ៏ធំមួយសម្រាប់សកលលោក ពិសេសគឺសង្រ្គាមពាណិជ្ជកម្ម និងការថមថយនៃកំណើនសេដ្ឋកិច្ច។

សម្តេចបន្តថា ប្រការនេះ ក៏បានបង្កើតជាការព្រួយបារម្ភ និងភាពរំជើបរំជួលដល់វិនិយោគិន និយោជិត និងសាធារណជនផងដែរ។ រដ្ឋាភិបាលនៃប្រទេសជាច្រើន នៅក្នុងតំបន់បានប្រញាប់ប្រញាល់ ដាក់ចេញនូវវិធានការ ដើម្បីជួយស្រោចស្រង់កាត់បន្ថយនូវផលប៉ះពាល់ និងគាំទ្រលើកស្ទួយនូវកំណើនសេដ្ឋកិច្ច។

ដូចប្រទេសដ៏ទៃទៀតនៅក្នុងតំបន់ COVID-19 នេះក៏មានផលប៉ះពាល់មកលើវិស័យសំខាន់ៗ នៃសេដ្ឋកិច្ចកម្ពុជាដែរ មានវិស័យពីររងផលប៉ះពាល់ធ្ងន់ជាងគេរួមមាន៖

*ទី១ ៖ វិស័យទេសចរណ៍ ដោយមូលហេតុ អ្នកទេសចរមានការភ័យខ្លាចលែងហ៊ានធ្វើដំណើរកម្សាន្ត និងការបិទជើងយន្ត-ហោះ
*ទី២ ៖ វិស័យកាត់ដេរ ដោយសារការខ្វះវត្ថុធាតុដើម ត្បិតរោងចក្រមួយចំនួននៅប្រទេសចិន មិនទាន់បើកដំណើការឡើងវិញជាប្រក្រតី។

រាជរដ្ឋាភិបាលបានគិតគូរលើគ្រប់ទិដ្ឋភាព សំដៅជួយដល់គ្រប់តួរអង្គពាក់ព័ន្ធផង និងជំរុញលើកស្ទួយកំណើននៅតាមវិស័យដែលមានសល់សក្តានុពលផង រួមមាន៖

*ទី១ ៖ ជួយដល់ក្រុមហ៊ុន ដែលទទួលរងផលប៉ះពាល់ខ្លាំង ដើម្បីឲ្យក្រុមហ៊ុនទាំងនោះ អាចបន្តអាជីវកម្មបាននៅក្នុងពេលដ៏លំបាកនេះ
*ទី២ ៖ ជួយដល់កម្មករ-និយោជិត ក្នុងករណីត្រូវបាត់បង់ ឬត្រូវព្យួរការងារ ឱ្យមានលំនឹងជីវភាព និងអាចលើកកម្ពស់ជំនាញ ព្រមទាំងផលិតភាពការងាររបស់ខ្លួនសម្រាប់អនាគត
*ទី៣ ៖ ជួយទ្រទ្រង់លើកស្ទួយកំណើន ជាពិសេសជួយដល់សហគ្រាសធុនតូច និងមធ្យម ដែលជាឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ។ ទន្ទឹមនេះ វិធានការ ដែលត្រូវបានដាក់ចេញមកនេះ មិនត្រឹមតែជួយកាត់បន្ថយផលប៉ះពាល់ចំពោះមុខប៉ុណ្ណោះទេ តែក៏ជាវិធានការជួយលើកស្ទួយភាពប្រកួតប្រជែងដល់វិស័យទាំងនោះ និងសេដ្ឋកិច្ចជាតិទាំងមូល នៅពេល COVID-19 បានឆ្លងផុតទៅ៕