(ឡូវែល-អាមេរិក)៖ លោក W.Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា ក្នុងឱកាសជួបសំណេះសំណាល និងសួរសុខទុក្ខប្រជាពលរដ្ឋខ្មែរ នៅរស់ទីក្រុងឡូវែល នៃរដ្ឋម៉ាសាឈូសេត បានបញ្ជាក់ថា លោកមកធ្វើជាឯកអគ្គរដ្ឋទូតនៅកម្ពុជា នឹងខិតខំធ្វើឲ្យទំនាក់ទំនងរវាងប្រទេសទាំងពីរកាន់តែរឹងមាំ។
ក្នុងឱកាសស្ថិតនៅក្រុងឡូវែល លោក W.Patrick Murphy បានប្រាប់ពលរដ្ឋខ្មែរនៅទីនោះថា លោកមានក្ដីរីករាយដែលបានជួបពលរដ្ឋខ្មែរ ប៉ុន្ដែលោកនឹកជីវិតរស់នៅក្រុងភ្នំពេញ ហើយលោកមានអារម្មណ៍ហាក់បី ដូចជាស្ថិតនៅក្នុងរាជធានីភ្នំពេញដូច្នោះដែរ។
លោកបានលើកឡើងថា លោកមានកិត្តិយសណាស់ ដែលបានមកកាន់ទីក្រុងឡូវែល ពីព្រោះក្នុងនាមជាឯកអគ្គរដ្ឋទូត លោកតំណាងឲ្យប្រជាជនអាមេរិកកាំង ទាំងអស់ ហើយសហគមន៍ខ្មែរ-អាមេរិកកាំង គឺជាផ្នែកមួយដ៏ធំនៅក្នុងទំនាក់ទំនងនេះ ជាពិសេសអ្នកដែលបានកសាងទំនាក់ទំនងឡើងវិញ និងកសាងទំនាក់ទំនងថ្មីៗ នៅក្នុងប្រទេសកម្ពុជា។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសកម្ពុជា បានគូសបញ្ជាក់ថា លោកធ្វើការនៅកម្ពុជា រយៈពេលប្រហែល៦ខែហើយ ប៉ុណ្ណេះទើបនៅថ្មីៗនៅឡើយ ប៉ុន្តែលោកកំពុងប្រឹងប្រែងលើការលើកកម្ពស់ទំនាក់ទំនងរវាងប្រទេសទាំងពីរនេះ។ លោកថា រយៈពេលពីរឆ្នាំមកនេះ ទំនាក់ទំនងកម្ពុជា-អាមេរិក មានភាពរកាំរកូស ប៉ុន្តែគ្រឹះនៃទំនាក់ទំនងរបស់យើង មានភាពរឹងមាំ ជាពិសេសក្នុងរយៈកាល ៣ទសវត្សមកនេះ។
លោកបានឲ្យដឹងថា នៅឆ្នាំនេះកម្ពុជា-អាមេរិក កំពុងអបអរនូវព្រឹត្តិការណ៍គួរឲ្យចាប់អារម្មណ៍ ឆ្នាំនេះគឺជាខួប៧០ឆ្នាំ ដែលអាមេរិកបានទទួលស្គាល់ ប្រទេសកម្ពុជា ហើយបានកសាងទំនាក់ ទំនងការទូត។ នៅក្នុងឆ្នាំ១៩៥០ អាមេរិកបានបញ្ជូនអ្នកការទូតមកកាន់ប្រទេសកម្ពុជា ប៉ុន្តែប្រទេសកម្ពុជា នៅមិនទាន់ទទួលបានឯករាជ្យនៅឡើយ រហូតដល់ឆ្នាំ១៩៥៣។ ដូច្នេះ សហរដ្ឋអាមេរិក បានជួយដល់កម្ពុជា ក្នុងដំណើរឆ្ពោះទៅរកឯករាជ្យ៕