(បាត់ដំបង)៖ នារសៀលថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ នៅសាលាខេត្តបាត់ដំបង មានបើកកិច្ចប្រជុំពិភាក្សាត្រួតពិនិត្យការតាំងពិព័រណ៍សមិទ្ធិផល និងផ្សព្វផ្សាយពីការងាររៀបចំផ្ទះស្នាក់ទីក្រុង សម្រាប់ត្រៀមអបអរសាទរក្នុងពិធីបុណ្យទន្លេ ខួបលើកទី៦ ឆ្នាំ២០២០។

ដឹកនាំកិច្ចប្រជុំនេះក្រោមវត្តមានលោក សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង និងមានការចូលរួមពីមន្ទីរ អង្គភាពរដ្ឋនានាទាំង អស់ជុំវិញខេត្ត អភិបាលក្រុង ស្រុកទាំង១៤ ចូលរួមផងដែរ។

ក្នុងកិច្ចប្រជុំនេះដែរ លោក សឿម ប៊ុនរិទ្ធ បានរំលឹកនិងពង្រឹងការងារ ទាំងបច្ចេកទេសនិងការរៀបចំដោយធ្វើការបែងចែកការទទួលខុសត្រូវ នៅតាមចំណុចគោលដៅរៀងៗខ្លួនឲ្យបានល្អ និងសមរម្យនេះជាកិត្តិយសខេត្តបាត់ដំបង។ សូមបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងទេសចរណ៍ និងរដ្ឋបាលខេត្តបាត់ដំបង នឹងរៀបចំពិធីបុណ្យទន្លេលើកទី៦ ក្រោមប្រធានបទ «ទន្លេនៃសន្តិភាព ទន្លេនៃវិបុលភាព» ដែលនឹងប្រព្រឹត្តទៅនៅខេត្តបាត់ដំបង ចាប់ពីថ្ងៃទី១៣-១៥ ខែមីនា ឆ្នាំ២០២០។

លោក សឿម ប៊ុនរិទ្ធ ក៏បានជម្រាបផងដែរ អំពីកាលបរិច្ឆេទ ព្រឹត្តិការណ៍នីមួយៗ ដូចជាតាំងពិព័រណ៍វិថីម្ហូបអាហារ ដឹកដោយមន្ទីរទេសចរណ៍ខេត្ត ពិធីដាំកូនឈើនៅសួនសម្តេចក្រឡាហោម ស ខេង, សិក្ខាសាលាស្តីអំពី បុណ្យទន្លេសន្តិភាព បុណ្យទន្លេវិបុលភាព, ការរៀបចំស្តង់បែងចែកទៅតាមទីតាំងដែលបានគ្រោងទុក នៅកន្លែងនីមួយៗរបស់ខ្លួនទទួលខុសត្រូវ និងការរៀបចំការងារផ្សេងៗទៀតផងដែរ។

លោកបានបញ្ជាក់ថា ការរៀបចំស្តង់មានដូចជា ស្តង់ VIP ស្តង់តាំងពិព័រណជាតិ និង អន្តរជាតិ និងត្រូវចែកគ្នា ស្តង់ណាតាំងអី ស្តង់ណាតាំងផលិតផលអ្វីខ្លះ ឲ្យមានផលិតផលកសិផល ដែលបានបង្ហាញពីស្នាដៃកសិករពាណិជ្ជករ និងពីសក្តានុភាពលើគ្រប់វិស័យរបស់ខេត្តបាត់ដំបងផង។ ហើយការតាំងពិព័រណមិនអាចយកគ្រប់ស្រុកបានទេ តែបានបញ្ចូលស្រុកសំខាន់ៗចូលរួមគ្នា មានភាពខុសគ្នាសម្រាប់បង្ហាញថ្នាក់ដឹកនាំកំពូល គឺសម្តេចតេជោនាយករដ្ឋមន្រ្តី ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានអញ្ជើញទស្សនាក្នុងឱកាសបុណ្យទន្លេនេះផងដែរ៕