(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត នៅល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា បានបន្ដអំពាវនាវសិល្បការិនីទាំងឡាយកុំឲ្យស្លៀកពាក់ស៊ិចស៊ីខ្លាំង ព្រោះការស្លៀកពាក់បែបនេះ ជារឿងមិនសមរម្យ និងប៉ះពាល់ដល់តម្លៃស្ដ្រី ព្រមទាំងតម្លៃវប្បធម៌របស់ខ្មែរ។

ការអំពាវនាវជាថ្មីនេះបានធ្វើឡើងក្នុងឱកាសដែលសម្ដេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីប្រារព្ធទិវាវប្បធម៌ជាតិ៣មីនា លើកទី២២ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌» ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលកោះពេជ្រ រាជធានីភ្នំពេញ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ។

សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «ភាពស៊ិចស៊ីនានា ក៏គួរគប្បីត្រូវបានកាត់បន្ថយ សង្ឃឹមថា កូនក្មេងទាំងឡាយ ដែលជាសិល្បករ-សិល្បការិនី ជាពិសេសសិល្បការិនី សូមអង្វរករ សូមកុំឲ្យមានភាព ស៊ិចស៊ីហួសហេតុ»។ លើសពីនោះទៀត សម្តេចតេជោ ហ៊ុន សែន បានស្នើដល់អ្នកសិទ្ធិមនុស្សនិយមឲ្យបែងចែក ឲ្យបានច្បាស់រវាងសិទ្ធិ និងតម្លៃសីលធម៌ និងវប្បធម៌របស់ខ្មែរ។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើដល់អ្នកសិល្បៈទាំងអស់ គួរបញ្ឈប់សកម្មភាពបរិហាកេរ្ដិ៍គ្នា នៅតាមបណ្តាញសង្គម Facebook ដែលផ្ទុយពីតួនាទីរបស់ខ្លួនឯង ដែលជាអ្នកអប់រំមួយនៅក្នុងសង្គម បែបជាជេគ្នា នៅតាមរយៈបណ្ដាញសង្គមនានាទៅវិញ។

នៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រី កាលពីពេលថ្មីៗ កន្លងទៅនេះ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាទៅក្រសួងប្រៃសនីយ និងទូរគមនាគមន៍ ឲ្យបិទរាល់គណនី Facebook ផ្សាយលក់ផលិតផល ដែលបញ្ចេញអស់កេរ្តិ៍ខ្មាសទាំងនេះ ចំណែកអ្នកមិនបញ្ចេញកេរ្តិ៍ខ្មាស់មិនអីនោះទេ។

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ការ Live បែបនេះនាំឲ្យមានការបំពានផ្លូវភេទស្រី ក្នុងសង្គមនាពេលបច្ចុប្បន្ន ហើយអាចនាំឲ្យកើតមានករណី ចាប់រំលោភផងដែរ។ បន្ទាប់ពីបំរាមនេះ ស្ដ្រីឈ្មោះ ថៃ ស្រីនាង ដែលជាអ្នកលក់សម្លៀកបំពាក់ក្នុងរបស់នារីៗ ហើយតែងតែស្លៀកស៊ិចស៊ីខ្លាំងពេល live លក់សម្លៀកបំពាក់ម្ដងៗ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន បញ្ជូនទៅកាន់តុលាការ និងឃុំខ្លួនផងដែរ។

ការចាប់ និងឈានដល់ការឃុំខ្លួននេះ បន្ទាប់ពី ថៃ ស្រីនាង មិនស្ដាប់នូវការអប់រំរបស់សមត្ថកិច្ច ហើយនៅតែផ្គើន បង្ហាញភាពស៊ិចស៊ីលក់ផលិតផលនារីៗ៕