(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានបញ្ចេញប្រតិកម្មធ្ងន់ៗ ចំពោះការយករបាំព្រះរាជទ្រព្យរបស់ខ្មែរ ទៅសម្តែងនៅប្រទេសសិង្ហបុរី ដែលធ្វើឱ្យខុសនឹងវប្បធម៌ ប្រពៃណីខ្មែរ ហើយជាការប្រមាថដល់វប្បធម៌ខ្មែរ រាជវង្សានុវង្ស និងអង្គព្រះមហាក្សត្រ។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសថា ក្នុងតួនាទីជានាយករដ្ឋមន្រ្តី សម្តេចមិនអាចទទួលយកបានទេ នូវការសម្តែងរបាំព្រះរាជទ្រព្យ នៅប្រទេសសិង្ហបុរីបែបនោះ ដោយមានអប្សរារាំនៅក្រោយ ជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី ដែលជាគ្រូអាគមន៍អោមអាម។ សម្តេចបញ្ជាក់ដូច្នេះថា៖ «អ្វីដែលធ្ងន់ធ្ងរជាងនេះ មនុស្សម្នាក់នេះ ជាជនជាតិម៉ាឡេស៊ី ហើយទើបនឹងចូលសញ្ជាតិសាំងហ្គាព័រ បានបន្តុះបង្អាប់ វាយប្រហារព្រះបរមរាជវាំងយ៉ាងធ្ងន់ធ្ងរ»

ប្រតិកម្មនេះ បានធ្វើឡើងក្នុងពិធីប្រារព្ធទិវាវប្បធម៌ជាតិ ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នារសៀលថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ បន្ទាប់ពីសម្តេចទទួលបានវីដេអូមួយដែលបង្ហោះលើបណ្តាញសង្គម Facebook ពាក់ព័ន្ធនឹងការសម្តែងរបាំព្រះរាជទ្រព្យ ដែលរៀបចំឡើងដោយ ជនជាតិម៉ាឡេស៊ីសញ្ជាតិសិង្ហបុរី សហការជាមួយពលរដ្ឋខ្មែរមួយចំនួន។

ជាមួយនឹងការចាត់ទុកថា ការសម្តែងបែបនេះ ជាការវាយប្រហារដល់របបរាជានិយម ព្រះមហាក្សត្រ និងរាជវង្សានុវង្ស សម្តេចតេជោ ក៏បានបញ្ជាឱ្យហាមឃាត់លោក Cheah Fah Loong ជនជាតិម៉ាឡេស៊ី សញ្ជាតិសង្ហបុរី ដែលរៀបចំរបាំព្រះរាជទ្រព្យដោយខុសឆ្គនេះ មិនចូលមកប្រទេសកម្ពុជាផងដែរ ប៉ុន្តែបើសិនជាជននេះសុំទោសចំពោះទោសកំហុសខ្លួន រាជរដ្ឋាភិបាលនឹងពិចារណា ក្នុងការអនុញ្ញាតឱ្យចូលមកកម្ពុជាវិញ។

សម្តេចបញ្ជាក់ថា៖ «ប្រសិនបើធ្វើការបួងសួងឱ្យ ព្រះរាជាណាចក្រកម្ពុជា ក៏ខ្លួនឯងត្រូវរកទីតាំងឱ្យបានសមរម្យ ហើយមិនអាចឱ្យអ្នករបាំខ្មែរមកអង្គុយ និងរាំពីក្រោយបុគ្គលដែលជាគ្រូ អោមអាមនោះទេ»

យ៉ាងណាក៏ដោយ សម្រាប់បញ្ហានេះ សម្តេចបានបញ្ជាក់ថា នេះមិនមែនជាជម្លោះរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលសិង្ហបុរីនោះទេ គឺផ្តោតសំខាន់តែលើជនជាតិម៉ាឡេស៊ី សញ្ជាតិសិង្ហបុរីម្នាក់នេះ ដោយមានការរួមគំនិតជាមួយបុគ្គលខ្មែរមួយចំនួនប៉ុណ្ណោះ។

សម្តេចបញ្ជាក់បន្ត៖ «រាប់ទាំងបុគ្គលម្នាក់ដែលខ្ញុំចេញអនុក្រឹត្យដកចេញពីតំណែង ដែលជាជំនួយការរដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី ដែលមិនអនុញ្ញាតឱ្យគេប្រមាថរាជវង្សានុវង្សខ្មែរតាម Facebook ទេ»

ក្នុងឋានៈជាអ្នកការពាររាជវង្ស ព្រះមហាក្សត្រ និងវប្បធម៌ សម្តេចបានណែនាំឱ្យក្រសួងវប្បធម៌ ណែនាំពង្រឹងវិស័យសិល្បៈខ្មែរបន្ថែមទៀត។ សម្តេចគាំទ្រឱ្យសិល្បៈខ្មែរទៅសម្តែងនៅក្រៅប្រទេស ប៉ុន្តែមិនមែនទៅធ្វើឱ្យសិល្បៈខ្មែរអាប់ឱនកិត្តិយសក្នុងកម្រិតណាមួយបានទេ៕