(ភ្នំពេញ)៖ សម្ដេចតេជោ ហ៊ុន សែន ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា ស្នើសិល្បករ សិល្បការិនី និងនិស្សិតទាំងអស់ ត្រូវធ្វើជាសកម្មភាពអប់រំប្រជាពលរដ្ឋ ក្រុមគ្រួសារទាំងអស់ ដើម្បីប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពាក់ព័ន្ធនឹងវីរុសកូរ៉ូណា ឬ Covid-19 ដែលកំពុងរីករាលដាល ខណៈកម្ពុជាគ្មានវីរុសដ៏កាចសាហាវនេះឡើយ។

ក្នុងឱកាសអញ្ជើញប្រាព្ធទិវាវប្បធម៌ជាតិ៣មីនា ក្រោមប្រធានបទ «យុវជនដើម្បីវប្បធម៌ជាតិ» នៅមជ្ឈមណ្ឌលពិព័រណ៍ និងសន្និបាតកោះពេជ្រ នាល្ងាចថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០នេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានក្រើនរំលឹកទៀតថា ទាំងសិល្បករ សិល្បការិនី សិស្ស និស្សិត ក៏ត្រូវដើរតួនាទីជាអ្នកអប់រំ បង្កើតភាពអនាម័យ ការពារខ្លួនពីការឆ្លងជំងឺនេះ។

សម្ដេចតេជោ ហ៊ុន សែន បានមានប្រសាសន៍យ៉ាងដូច្នេះថា «ខ្ញុំក៏ចង់ឲ្យសិល្បករ សិល្បការិនីរបស់យើងទាំងអស់ដែលនៅទីនេះ ទាំងនិស្សិត សិស្សដែលចូលរួម នៅក្នុងពិធីនាថ្ងៃនេះ ក្លាយទៅជាសកម្មជនដើម្បីអប់រំពលរដ្ឋរបស់យើង ក្រុមគ្រួសាររបស់យើងដើម្បីប្រយុទ្ធប្រឆាំង នឹងមេរោគ Covid-19 ឬហៅថា កូរ៉ូណាថ្មី។ ធ្វើយ៉ាងណាយើងខិតខំការពារជំងឺនេះ ដែលមកដល់ម៉ោងនេះ ពុំទាន់មានវត្តមានជំងឺនេះនៅក្នុងព្រះរាជាណាចក្រកម្ពុជាទេ»

សម្ដេចតេជោនាយករដ្ឋមន្ដ្រី បានបន្ដទៀតថា «សង្ឃឹមថា យើងនឹងដើរតួនាទីជាអ្នកអប់រំ ដើម្បីនឹងបង្កើតភាពអនាម័យការពារខ្លួន ពីការឆ្លងរីករាលដាល នៃជំងឺកូរ៉ូណាថ្មី ធ្វើយ៉ាងមិចខិតខំដើម្បីបំផុសឲ្យប្រជាពលរដ្ឋរបស់យើង ឲ្យបុគ្គលម្នាក់ៗ គ្រួសារនីមួយៗ បង្កើតអនាម័យខិតខំអនាម័យ ព្រោះការមិនអនាម័យនោះ វានាំទៅដល់ជំងឺទាំងឡាយ ដែលមិនមែនតែ Covid-19 ជំងឺគ្រប់ប្រភេទនឹងអាចចូលមកដល់»

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏ស្នើឲ្យសិល្បករ សិល្បការិនីទាំងអស់ ត្រូវចូលរួមប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបំផុសឲ្យមានការភ័យខ្លាច ហើយសម្ដេចសង្ឃឹមថា សិល្បករ សិល្បការិនីរបស់យើងគ្រប់ទម្រង់ នឹងក្លាយទៅជាសកម្មជន នៃការប្រយុទ្ធប្រឆាំង នៃព័ត៌មានក្លែងក្លាយ ទាក់ទងទៅនឹងជំងឺដ៏កាចសាហាវនេះ។

គួរជម្រាបថា យោងតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល បានបញ្ជាក់ថា រហូតមកដល់ពេលនេះ ពុំទាន់មានប្រជាជនកម្ពុជាណាម្នាក់ ត្រូវបានរកឃើញមានជំងឺកូវីដ១៩ នោះទេ។ ក្រសួងបានឲ្យដឹងទៀតថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្តសំណាកបុគ្គល ដែលសង្ស័យសរុបចំនួន១៣៥នាក់ គិតមកត្រឹមថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០នេះ តែមិនទាន់រកឃើញអ្នកណាម្នាក់នៅក្នុងប្រទេសកម្ពុជា មានវីរុសកូវីដ១៩នោះឡើយ។

កន្លងទៅមានជនជាតិចិនម្នាក់ ដែលបានធ្វើដំណើរមកពីទីក្រុងវូហាន ប្រទេសចិន ហើយបានរកឃើញផ្ទុកវីរុសកូវីដ១៩ នៅខេត្តព្រះសីហនុ ប៉ុន្ដែដោយមានការយកចិត្តទុកដាក់ព្យាបាលពីក្រុមគ្រូពេទ្យជំនាញ ជនជាតិចិននោះត្រូវបានព្យាបាលជាសះស្បើយ និងបានត្រឡប់ទៅប្រទេសដើមវិញ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០៕