(ភ្នំពេញ)៖ គណបក្សសញ្ជាតិកម្ពុជា នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០នេះ បានចេញសេចក្តីថ្លែងការណ៍មួយ បញ្ជាក់ថា ខ្លួននៅតែបន្តជំហរគាំទ្រដល់ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់ សម្ដេចតេជោ ហ៊ុន សែន ចំពោះគ្រប់វិធានការ ឆ្លើយតបទៅនឹងផលប៉ះពាល់ដោយជំងឺកូរ៉ូណាថ្មី (Covid-19) និងការព្យួរ ២០ភាគរយ នៃប្រព័ន្ធអនុគ្រោះពន្ធ EBA ដើម្បីធ្វើឲ្យប្រសើរឡើងដល់សេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចប្រជាជនកម្ពុជា។

«យើងបានដឹងទាំងអស់គ្នាហើយថា ការកើតឡើងនៃការរីករាលដាលជំងឺ COVID-19 គឺជាករណីប្រធានស័ក្ក និងត្រូវការនូវវិធានការជាសកល ហើយបើវានៅតែបន្តអូសបន្លាយ ក្នុងរយៈពេលវែង កុំថាឡើយតែកម្ពុជា គឺពិភពលោកទាំងមូល ដែលត្រូវទទួលរងនូវផលប៉ះពាល់សេដ្ឋកិច្ច។ ចំពោះកន្លែងនេះ កម្ពុជាជាពិសេស ក្រសួងសុខាភិបាល ត្រូវតែបន្តចាត់វិធានការទៅតាមបច្ចេកទេសវេជ្ជសាស្ត្រទំនើប តាមស្តង់ដារអន្តរជាតិ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ព្រមទាំងសហការជាមួយ អង្គការសុខភាពពិភពលោក ជាមួយនឹងការលើកទឹកចិត្តឱ្យមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការបង្ការការឆ្លងរីករាលដាល និងការព្យាបាលនៃជំងឺនេះ គឺដើម្បីបំបាត់បាននូវការភ័យខ្លាច ការរើសអើង និងទទួលបាននូវទំនុកចិត្តពីប្រជាពលរដ្ឋកម្ពុជា និងភ្ញៀវទេសចរគ្រប់ជាតិសាសន៍»។ នេះបើតាមសេចក្តីថ្លែងការណ៍។

គណបក្សសញ្ជាតិកម្ពុជា បានបញ្ជាក់ទៀតថា EBA ជាចំណែកមួយនៃសេដ្ឋកិច្ចកម្ពុជា ហើយមូលហេតុនៃការដក EBA គឺបណ្ដាលមកពីក្រោយផែនការបដិវត្តន៍ពណ៌មិនបានសម្រេចរបស់ អតីតថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិ ជាក្រុមឧទ្ទាមខុសច្បាប់ ដែលមានទណ្ឌិតក្បត់ជាតិសម រង្ស៉ី និងជនជាប់ចោទ កឹម សុខា ជាមេក្លោង បានញុះញង់អុចអាលបំប្លែងសភាពការណ៍ពិតនៅកម្ពុជា ក្រោមលេសថា កម្ពុជារឹតបិទសេរីភាពសារព័ត៌មាន រំលោភសិទ្ធិមនុស្ស និងបំផ្លាញប្រជាធិបតេយ្យ ដល់សហគមន៍អន្តរជាតិ ជាពិសេសសហគមន៍អឺរ៉ុប ដែលមានការទូងស្គរបន្ទរបន្ថែមពីសំណាក់សង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយប្រឆាំងមួយចំនួន។

គណបក្សនេះ បន្តថា ក្រោមល្បិចកលកណ្តុរងាប់ឆ្មាយំ ដើម្បីតែអំណាច និងចាញ់ឈ្នះនយោបាយ និងបន្តផែនការបដិវត្តពណ៌ និងបក្ខពួករបស់ខ្លួន ពួកឧទ្ទាមខុសច្បាប់មិនខ្លាចនឹងយកឆ្នាំងបាយរបស់កម្មករ ដើម្បីកម្ទេចចោលនោះទេ។ ជាការពិតណាស់គឺពួកទានខុសច្បាប់ បានទៅលុតជង្គង់សុំអង្វរសហគមន៍អន្តរជាតិ កុំផ្ដល់ជំនួយដល់កម្ពុជា កុំវិនិយោគនៅកម្ពុជា កុំទិញទំនិញដែលផលិតនៅកម្ពុជា និងកុំនាំចូលពីកម្ពុជា។ ទោះជាយ៉ាងនេះក្តី EBA វាគ្រាន់តែជាមធ្យោបាយសេដ្ឋកិច្ចមួយ ដែលពឹងផ្អែកទៅលើការដកដង្ហើមរបស់គេតែប៉ុណ្ណោះ ព្រោះចង់ឬមិនចង់ គេនឹងបិទខ្ទប់ផ្លូវដង្ហើមនោះជាឯកតោភាគី នៅពេលណា ដែលគេមិនសប្បាយចិត្តនឹងយើង៕

ខាងក្រោមនេះជាសេចក្តីថ្លែងការណ៍របស់គណបក្សសញ្ជាតិកម្ពុជា៖