(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានឲ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានត្រៀមកញ្ចប់ថវិកា៣០លានដុល្លារអាមេរិក ដើម្បីការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ចាប់តាំងពីបច្ចុប្បន្ននេះ ហើយប្រសិនបើនៅតែមិនទាន់រកឃើញឱសថព្យាបាលជំងឺនេះទៀត រាជរដ្ឋាភិបាលក៏ត្រៀមនូវកញ្ចប់ថវិកាមួយចំនួនទៀតផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ។
សេចក្តីប្រកាសព័ត៌មាន ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយ បញ្ហារបស់វិស័យឯកជនបានបញ្ជាក់ថា ឆ្លើយតបនឹងបញ្ហាជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ (Covid-19) ក្រសួងសុខាភិបាល បានចាត់វិធានការ លើកពីការការពារការរីករាលដាលនៃវីរុស Covid-19 ព្រមទាំងគិតគូររកវិធានការជាប្រព័ន្ធ ដើម្បីទប់ស្កាត់បញ្ហានេះ ពីគ្រប់ក្រសួង-ស្ថាប័នពាក់ព័ន្ធ តាមរយៈការរៀបចំផែនការយុទ្ធសាស្ត្រ, វិធានការឆ្លើយតបបន្ទាន់, រៀបចំគោលការណ៍ណែនាំ ចុះធ្វើការផ្សព្វផ្សាយនៅហ្នឹងកន្លែង និងវិធានការអប់រំដល់ប្រជាពលរដ្ឋ ដើម្បីដោះស្រាយ និងបង្ការបញ្ហាដែលអាចកើតមានជាយថាហេតុឱ្យ បានទាន់ពេលវេលាក្នុងស្មារតីបុរេសកម្ម ក៏ដូចជា ពង្រឹង និងបង្កើនធនធានបន្ថែម ទាំងផ្នែកគ្រូពេទ្យ សម្ភារៈពេទ្យ រៀបចំឧបករណ៍ស្គេនកម្តៅ ប្រព័ន្ធគ្រប់គ្រង និងភ្នាក់ងារចាំទទួលព័ត៌មាន ពាក់ព័ន្ធវីរុសតាមរយៈលេខទំនាក់ទំនង បន្ទាន់លេខ ១១៥ ព្រមទាំងពង្រឹងកិច្ចសហការជាមួយ អង្គការសុខភាពពិភពលោក (WHO) ជាដើម។
សេចក្តីប្រកាសព័ត៌មានដដែលបញ្ជាក់ថា «ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិងកំពុងសហការជាមួយក្រសួងសុខាភិបាល និងដៃគូពាក់ព័ន្ធ ដើម្បីរៀបចំក្របខណ្ឌ រួមជាវិធានការ និងយន្តការជាកញ្ចប់ពាក់ព័ន្ធ នឹងការការពារវីរុស Covid-19 និងមេរោគឆ្លងនានា សម្រាប់រយៈពេល៦ខែ ដោយគ្រោងចំណាយថវិកាជាង ៣០ លានដុល្លារអាមរិក តាមរយៈការរៀបចំបង្កើតប្រព័ន្ធការពារ និងឧបករណ៍តាមដាន, រៀបចំទីកន្លែងដើម្បីទទួលដោះស្រាយ ក៏ដូចជា ស្វែងរកអ្នកដែលមានលទ្ធភាពឆ្លងកុំឱ្យមានការរីករាលដាល សំដៅបង្ការ ការពារ និងព្យាបាលក្នុងករណីមានការឆ្លងវីរុស»។
សូជម្រាបថា ការរីករាលដាលនៃវីរុស Covid-19 នៅក្នុងពិភពលោក និងក្នុងតំបន់បានជះឥទ្ធិពល ដល់សេដ្ឋកិច្ចកម្ពុជា ផ្នែកឯកជនបានស្នើសុំការផ្ដល់ព័ត៌មាន វិធានការរបស់រាជរដ្ឋាភិបាលលើបញ្ហានេះ ដូចជាការរៀបចំជាច្បាប់បទប្បញ្ញត្តិ និងគោលនយោបាយ សម្រាប់ប្រយុទ្ធប្រឆាំងនឹងវីរុស Covid-19 ប្រសិនបើវីរុសរីករាលដាល នៅប្រទេសកម្ពុជា និងផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជា៕