(ភ្នំពេញ)៖ ឆ្លើយតបនឹងកង្វល់របស់វិស័យឯកជន ពាក់ព័ន្ធផលប៉ះពាល់នៃការព្យួរភាព អនុគ្រោះពន្ធលើទំនិញមួយចំនួន ក្រោមកម្មវិធីទំនិញគ្រប់មុខលើកលែងតែអាវុធ (EBA) និងការផ្ទុះឡើងនៃវីរុស Covid-19 ចំពោះសេដ្ឋកិច្ចកម្ពុជានោះ, ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា រាជរដ្ឋាភិបាល ក៏នឹងប្រកាសដាក់ចេញនូវកញ្ចប់នៃវិធានការ គោលនយោបាយ និងការកែទម្រង់មុតស្រួច និងជាក់លាក់មួយចំនួនទៀត នៅក្នុងឱកាសនៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ខាងមុខនេះ។
វេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី ១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ខាងមុខនេះ នឹងត្រូវធ្វើឡើងក្រោមអធិបតីភាព របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា។
សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ស្តីពីលទ្ធផលនៃកិច្ចប្រជុំ ក្រុមការងារផ្នែកនីតិកម្ម ពន្ធដារ និង អភិបាលកិច្ច (ក្រុម ឃ) នៃវេទិការាជរដ្ឋាភិបាល-ផ្នែកឯកជន ដើម្បីបន្តពិនិត្យដោះស្រាយ បញ្ហារបស់វិស័យឯកជន ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៥ ខែមីនានេះ បានបញ្ជាក់ថា ក្នុងគោលដៅដោះស្រាយបញ្ហាទាំងពីរ (EBA និង Covid-19) នេះ សម្តេចតេជោនាយករដ្ឋមន្រ្តី ក៏បានប្រកាសអំពីវិធានការរបស់រារដ្ឋាភិបាល ដើម្បីគ្រប់គ្រងផលប៉ះពាល់ពីជំងឺ Covid-19 និងការព្យួរ EBA តាមរយៈការដាក់ចេញនូវវិធានការជុំទី១ ដោយមុតស្រួចចំវិស័យ និងចំណុចដែលរងផលប៉ះពាល់ខ្លាំង ដើម្បីជួយសម្រាលផលប៉ះពាល់ និងគាំទ្រដល់វិស័យដែលប៉ះ ពាល់ខ្លាំង ដូចជាវិស័យទេសចរណ៍ វិស័យកាត់ដេរ វិស័យអចលនទ្រព្យ និងអ្នកដែលអាចបាត់បង់ការងារធ្វើ ព្រមទាំងដើម្បីទ្រទ្រង់កំណើន។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញនូវសេចក្តីណែនាំជាបន្តបន្ទាប់ សម្រាប់អនុវត្តក្នុងពេលដ៏ខ្លីខាងមុខ។ ជាមួយគ្នានេះដែរ, រាជរដ្ឋាភិបាល ក៏នឹងប្រកាសដាក់ចេញនូវ កញ្ចប់នៃវិធានការ គោលនយោបាយ និងការកែទម្រង់មុតស្រួច និងជាក់លាក់មួយចំនួនទៀត នៅក្នុងឱកាសនៃវេទិការាជរដ្ឋាភិបាល-វិស័យឯកជនលើកទី១៩ នៅថ្ងៃទី០១ ខែមេសា ឆ្នាំ ២០២០ខាងមុខនេះ ដើម្បីបន្តលើកកម្ពស់ភាពប្រកួតប្រជែង និងប្រសិទ្ធភាពសេដ្ឋកិច្ច ពិសេស ការលើកកម្ពស់បរិយាកាសវិនិយោគ និងធុរកិច្ចនៅកម្ពុជា រួមទាំងការលើកម្ពស់វិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និង SMEs ជាដើម ដែលនឹងជួយវិស័យឯកជន និងប្រជាជនកម្ពុជា ទទួលផលទាំងអស់គ្នាពីការរីកចម្រើន ប្រកបដោយសមធម៌ និងបរិយាប័ន្ន។
គូសបញ្ជាក់ផងដែរថា តាមរយៈយន្តការក្រុម «ឃ», ក្រុមការងារនៃអគ្គនាយកដ្ឋានពន្ធដារ និងផ្នែកឯកជន បានធ្វើការពិភាក្សា និងដោះស្រាយរួចរាល់ទាំងស្រុង នូវបញ្ហាកង្វល់របស់វិស័យឯកជន ដែលបានលើកឡើងសរុបចំនួន១៦ ក្នុងស្មារតីកែលម្អបរិយាកាសធុរកិច្ច និងកិច្ចដំណើរការរបស់សហគ្រាស។
លើសនេះទៀត ក្រុម «ឃ» នឹងបន្តយកចិត្តទុកដាក់ខ្ពស់ ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងឆន្ទៈយ៉ាងមុះមុតឥតរាថយក្នុងកិច្ចខិតខំប្រឹងប្រែង ដោះស្រាយបញ្ហារបស់វិស័យឯកជន ដើម្បីរួមចំណែកពង្រឹងការប្រកួតប្រជែងរបស់កម្ពុជា បង្កើតនូវបរិយាកាសល្អប្រសើរ ឡើងចំពោះការធ្វើធុរកិច្ច ការវិនិយោគ តាមរយៈការប្រកួតប្រជែងដោយស្មើភាព និងយុត្តិធម៌ ដើម្បីលើកស្ទួយកំណើន សេដ្ឋកិច្ចជាតិនៅកម្ពុជា៕