(ភ្នំពេញ)៖ ក្រុមអ្នកជំនាញឯកទេសខាងសុខាភិបាលរបស់កម្ពុជា បានអះអាងថា ជំងឺកូវីត១៩ មិនអាចធ្វើឱ្យអ្នកជំងឺដួលសន្លប់ភ្លាមៗនោះទេ។ ជាមួយគ្នានេះ ពួកគាត់បានច្រានចោលនូវការផ្សព្វផ្សាយតាមបណ្តាញសង្គមដែលថា ការដួលសន្លប់បន្តបន្ទាប់មកនេះ ដោយសារតែជំងឺកូរ៉ូណាថ្មី។
ថ្លែងក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយក្រសួងសុខាភិបាល នារសៀលថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០នេះ លោកសាស្រ្តាចារ្យ វេជ្ជ បណ្ឌិត វ៉ាន់ មិច ប្រធាន នាយកដ្ឋានផ្នែកជំងឺសួតមកពីមន្ទីរពេទ្យខ្មែរ-សូវៀត បានបញ្ជាក់ថា៖ «ខាងផ្នែកសួត ឬជំងឺកូរ៉ូណាថ្មី មិនអាចធ្វើឱ្យដួលសន្លប់ភ្លាមៗបានទេ»។ លោកបន្តថា៖ «ជំងឺរលាកសួតគឺត្រូវការយ៉ាងតិច ២ដំណាក់កាល ទី១ គឺពេលមេរោគចូលទៅក្នុងខ្លួនគឺត្រូវការរយៈពេលសម្ងំ៧ថ្ងៃទៅ១០ថ្ងៃ ឬ១៤ថ្ងៃ»។
លោកបានអះអាងថា ការដែលសង្ស័យថាមានជំងឺកូវីត១៩បានលុះត្រាតែបុគ្គលនោះមានអាការៈមួយចំនួនដូចជា ក្តៅខ្លួនលើសពី៣៨អង្សាសេ ឈឺក ក្អកស្ងួត ហត់ ពិបាកដកដង្ហើម ហើយធ្លាប់ធ្វើដំណើរទៅប្រទេសដែលមានបញ្ហាប្រឈមនឹងការចម្លងមេរោគកូវីតជាដើម។
ចំណែកលោកស្រីសាស្រ្តាចារ្យ រស់ ស៊ីណា ប្រធានផ្នែកសសៃប្រសាទនៃមន្ទីរពេទ្យកាល់ម៉ែត្រ ក៏បានពន្យល់ផងដែរថា មូលហេតុនៃការដួលសន្លប់នេះ មិនពាក់ព័ន្ធនឹងជំងឺកូវីតនោះទេ។ លោកស្រីបញ្ជាក់ថា ការដួលសន្លប់នេះមានតាំងពីយូរមកហើយ មិនមែនទើបតែមានការផ្ទុះជំងឺកូវីត ទើបមានការដួលសន្លប់នោះទេ។ មូលហេតុនៃការដួលសន្លប់មានច្រើន។ ការដួលសន្លប់នេះធ្វើឱ្យខួរក្បាលរបស់យើងលែងមានទំនាក់ទំនងជាមួយរាងកាយ។ មូលហេតុមុនគេ គឺសសៃឈាមបេះដូង បន្ទាប់មកសសៃឈាមក្នុងខួរក្បាល ឬមានជំងឺប្រកាច់ ឬជំងឺឆ្កួតជ្រូក។
លោកស្រីបន្តដូច្នេះថា៖ «គ្រាន់តែឃើញដួលសន្លប់យើងក៏គិតថាកូវីតនោះ គឺមិនត្រឹមត្រូវទេ ហើយក៏មិនមានផលចំណេញអ្វីដល់យើងទេ»។
លោកស្រីបានបញ្ជាក់បន្ថែមថា ជាក់ស្តែងកន្លងទៅការពិនិត្យលើជនជាតិយ៉េមែន ដែលដួលសន្លប់នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញកន្លងទៅនេះ គឺគាត់ពុំបានកើតជំងឺកូវីតនោះទេ គឺគាត់មានជំងឺប្រចាំកាយគាត់រួចទៅហើយ ដោយសារគាត់ត្រូវសម្រាកឱ្យគ្រប់គ្រាន់ និងត្រូវលេបថ្នាំជាប្រចាំ ប៉ុន្តែគាត់បានធ្វើដំណើរទេសចរ ហើយគាត់មិនបានពិសារថ្នាំទើបបណ្តាលឱ្យសុខភាពគាត់ខ្សោយដួលសន្លប់បែបនេះ។
សូមបញ្ជាក់ថា រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាលកម្ពុជានៅតែបន្តបញ្ជាក់ថា កម្ពុជាមិនទាន់រកឃើញមានករណីកូវីតថ្មីទៀតនៅឡើយទេ ក្រៅពីជនជាតិចិនម្នាក់ដែលបានចូលមកកម្ពុជាកាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ហើយត្រូវបានព្យាបាលជាសះស្បើយ និងចាកចេញពីកម្ពុជាកាលពីថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២០។ ទោះជាយ៉ាងនេះក្តី ក្រសួងកំពុងតាមដាន និងរង់ចាំការឆ្លើយតបពីភាគីជប៉ុន ចំពោះបុរសជនជាតិជប៉ុនម្នាក់ ដែលត្រូវសារព័ត៌មានវៀតណាម ផ្សព្វផ្សាយថា ត្រូវបានរកឃើញថាមានឆ្លងជំងឺកូវីត ពេលទៅដល់ប្រទេសជប៉ុន ដោយជនជាតិជប៉ុននេះបានចាកចេញពីកម្ពុជា ហើយឆ្លងកាត់ប្រទេសវៀតណាម ហើយធ្លាប់ធ្វើដំណើរទៅកាន់ប្រទេសមួយចំនួនទៀតដូចជាវៀតណាម ហ្វីលីពីន និងប្រទេសថៃជាដើម៕