(ភ្នំពេញ)៖ កម្លាំងប្រដាប់អាវុធគ្រប់ប្រភេទសរុបជាង ១ម៉ឺននាក់ ត្រូវបានត្រៀមដើម្បីការពារកិច្ចប្រជុំកំពូលអាស៉ីអឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។
នេះបើយោងតាមរបាយការណ៍ បង្ហាញក្នុងកិច្ចប្រជុំផែនការការពារ សន្ដិសុខ សណ្ដាប់ធ្នាប់ សម្រាប់កិច្ចប្រជុំអាស៉ីអឺរ៉ុប នៅព្រឹកថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ ដឹកនាំដោយនាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៉ីង ប៊ុនហៀង អគ្គមេបញ្ជាការរង និងជាមេបញ្ជាការ បញ្ជាការដ្ឋានអង្គរក្ស។
កិច្ចប្រជុំនៅព្រឹកមិញនេះ គឺជាការរៀបចំយន្ដការច្បាស់លាស់ ដើម្បីធានាបាននូវស្ថិរភាព សន្ដិសុខ សណ្ដាប់ធ្នាប់សាធារណៈ និងសុវត្ថិភាពសម្រាប់ កិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០ ឲ្យប្រព្រឹត្ដទៅដោយជោគជ័យ និងលើកកម្ពស់កិត្តិយស កិត្យានុភាពជាតិ ដោយធ្វើការបែងចែក ការទទួលខុសត្រូវ ដល់កងកម្លាំងដែលមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីធានាសុវត្ថិភាពសម្រាប់ព្រឹត្តិការណ៍កម្រិតអន្ដរជាតិនេះ។
ក្នុងនោះគណៈដឹកនាំកិច្ចប្រជុំ បានដាក់ចេញនូវសំណូមពរមួយចំនួន ដោយទាមទារឲ្យប្រើប្រាស់វិធានការសរុប កម្លាំងសរុប មធ្យោបាយសរុប សំដៅធានាដល់កិច្ចប្រតិបត្តិការការពារកិច្ចប្រជុំកំពូលអាស៉ី-អឺរ៉ុប លើកទី១៣ ឆ្នាំ២០២០។ ពង្រឹងការងារប្រមូល ក្ដាប់ព័ត៌មាន សភាពការណ៍សន្ដិសុខពាក់ព័ន្ធដល់កិច្ចប្រជុំ និងម្ចាស់ការចាត់វិធានការដោះស្រាយ សភាពការណ៍ និងមានផែនការពង្រឹងស្ថានការណ៍សន្ដិសុខទូទាំងប្រទេស។
គួរជម្រាបថា កិច្ចប្រជុំអាស៊ី-អឺរ៉ុប (ASEM) គឺជាកិច្ចពិភាក្សានៃដំណើរការផ្លូវការមួយ និងកិច្ចសហប្រតិបត្តិការរវាងសមាជិកសហភាពអឺរ៉ុបទាំង៣០ប្រទេស និងអាស៊ីចំនួន២១ប្រទេស ព្រមទាំងលេខាធិការអាស៊ានផងដែរ។ កិច្ចពិភាក្សា ASEM លើកឡើងពីបញ្ហា នយោបាយ សេដ្ឋកិច្ច និង វប្បធម៌ ជាមួយគោលបំណង នៃការលើកកំពស់ទំនាក់ទំនង រវាងតំបន់ទាំងពីរ ដោយឈរលើគោលបំណង នៃការគោរពគ្នាទៅវិញទៅមក និង ភាពជាដៃគូដោយស្មើសិទ្ធិគ្នា។
ASEM ត្រូវបានបើកកិច្ចប្រជុំជាលើកដំបូងកាលពីឆ្នាំ១៩៩៦ ក្នុងទីក្រុងបាងកក ប្រទេសថៃ ដោយមានការចូលពីប្រទេសចំនួន១៥នៃសហភាពអឺរ៉ុប និងប្រទេសចំនួន៧ នៃសមាជិកអាស៊ាន បូកថែមប្រទេសចិន ជប៉ុន កូរ៉េខាងត្បូង និងស្នងការអឺរ៉ុបប៉ុណ្ណោះ។ នៅពេលនោះអឺរ៉ុប បានទទួលស្គាល់ពីការអភិវឌ្ឍការលូតយ៉ាងរហ័ស និងសក្តានុពលនៅក្នុងតំបន់អាស៊ី ហើយគេចង់ពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ តាមរយៈការពង្រឹង និងការធ្វើទំនើបកម្មទំនាក់ទំនងលើវិស័យ ឬសរសរស្តម្ភបីគឺ៖ នយោបាយ សេដ្ឋកិច្ច និងវប្បធម៌។
កិច្ចប្រជុំកំពូល ASEM គឺជាការជួបគ្នារវាងពីរឆ្នាំម្តង របស់ប្រមុខដឹកនាំរដ្ឋ និងរដ្ឋាភិបាល ប្រធាននៃក្រុមប្រឹក្សាអឺរ៉ុប ប្រធាននៃស្នងការអឺរ៉ុប និង អគ្គលេខាធិការនៃសមាគមប្រជាជាតិ អាស៊ីអាគ្នេយ៍ហៅកាត់ថាអាស៊ាន។ កិច្ចប្រជុំអាស៊ី-អឺរ៉ុប ដែលធ្វើឡើងជាទៀងទាត់រៀងរាល់ ២ឆ្នាំម្តង បានក្លាយជាវេទិកាមួយយ៉ាងសំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការជាដៃគូ ក្នុងការថែរក្សាសន្តិភាព ស្ថេរភាព ការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចប្រកបដោយចីរភាព៕