(ភ្នំពេញ)៖ អភិបាលខណ្ឌឫស្សីកែវ លោក ជា ពិសី នៅព្រឹកថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ បានប្រាប់បណ្ដាញព័ត៌មាន Fresh News ឲ្យដឹងថា គណនី Facebook ឈ្មោះ «មានិត ស្ដើង» ដែលចូលទៅ Comment ក្នុងទំព័រ Facebook របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងចេតនាមិនល្អ មិនមែនជាកម្មសិទ្ធិរបស់លោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦នោះឡើយ។

ជាមួយគ្នានេះ លោក ស្ដើង ម៉ានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ ក៏បានច្រាលចោលទាំងស្រុងចំពោះគណនីខាងលើ ដែលបានចូលទៅសរសេរសារក្នុង Facebook របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងចេតនាមិនល្អប៉ះពាល់ដល់សន្ដិសុខ សណ្ដាប់ធ្នាប់ជាតិ។ លោកបានបន្ថែមថា លោកមិនមានអ្វីពាក់ព័ន្ធជាមួយម្ចាស់គណនីនោះឡើយ ហើយលោកក៏មិនទទួលខុសត្រូវនូវអ្វីដែលគណនីបានបង្ហោះនោះដែរ។

លោក ស្ដើង ម៉ានិត បានសំណូមពរយ៉ាងទទូចដល់ស្ថាប័នសមត្ថកិច្ចពាក់ព័ន្ធ ពិសេសក្រសួងមហាផ្ទៃ មេត្តាជួយស្រាវជ្រាវវែកមុខរកជនខិលខូចបង្កើតគណនី Facebook ក្លែងក្លាយឈ្មោះ «មានិត ស្ដើង» មួយនេះ ដែលបានយករូប និងឈ្មោះរបស់លោកទៅប្រើប្រាស់ផ្ទុយពីការពិតផ្សេងៗទៀត ឬក្នុងចេតនាប្រឆាំងទាំងស្រុង លើរាជរដ្ឋាភិបាលកម្ពុជា ដើម្បីចាត់វិធានការតាមផ្លូវច្បាប់។

ជាមួយគ្នានេះ លោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវ ក៏បានដាក់បទបញ្ជាភ្លាមៗ ទៅកាន់មន្ត្រីពាក់ព័ន្ធ នៃកម្លាំងស្នូលប្រតិកម្មរហ័ស ទាំងអស់ ឲ្យជួយពិនិត្យតាមដានរាល់សកម្មភាព Comment ទាំងឡាយផងដែរ បន្ទាប់ពីលោកបានឃើញ គណនី Facebook ឈ្មោះ «មានិត ស្ដើង» ក្លែងក្លាយមួយនេះ បានយករូប និងឈ្មោះរបស់លោក ស្ដើង មានិត ចៅសង្កាត់គីឡូម៉ែត្រលេខ៦ ទៅសរសេរវាយប្រហារ Comment ប្រើពាក្យមិនសមរម្យ ប្រឆាំងទាំងស្រុង ចូលទៅក្នុង Pages របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា៕