(ភ្នំពេញ)៖ សាលាសិលាមាសនៃក្តីសង្ឃឹមពិភពលោក គឺជាគ្រឹះស្ថានអប់រំមួយ ដែលបានធ្វើសកម្មភាពអប់រំចំណេះដឹងទូទៅចាប់ពីថ្នាក់ទី១ ដល់ថ្នាក់ទី១២ ស្របតាមកម្មវិធីសិក្សារបស់ក្រសួងអប់រំ យុវជន និងកីឡារយៈពេលប្រមាណជា ២០ឆ្នាំមកហើយ។

សាលាដែលបានចាប់ផ្តើមដំណើរការក្រោមរូបភាពសមាគម «ក្តីសង្ឃឹមនៅកម្ពុជា» កាលពីឆ្នាំ២០០២នេះ ធ្វើសកម្មភាពមិនរកប្រាក់ចំណេញនោះឡើយ។ សាលានេះ បានរួមចំណែកផ្តល់ការអប់រំដល់សិស្សមកពីគ្រួសារក្រីក្រ តាមរយៈការមិនយកថ្លៃសិក្សា។

លោក តាន់ គឹមម៉េង នាយកសាលាសិលាមាសនៃក្ដីសង្ឃឹមពិភពលោកបានឱ្យដឹងថា សាលាសិលាមាសនៃក្តីសង្ឃឹមពិភពលោក មានបេសកកម្មជួយបណ្តុះបណ្តាលដល់សិស្សមកពីគ្រួសារក្រីក្រ ជួយដល់គ្រួសារមានកូនច្រើន និងគ្រួសារមានចំណូលតិចតួច។

សាលាសិលាមាសនៃក្តីសង្ឃឹមពិភពលោក បានចាប់ផ្តើមជាមួយសិស្សត្រឹមតែ ៥០នាក់ប៉ុណ្ណោះ។ តែដោយសារតែគុណភាពអប់រំ និងជំនឿចិត្តពីមាតាបិតាសិស្សនោះចំនួនសិស្សបានកើនឡើងរាល់ឆ្នាំ មកដល់ពេលបច្ចុប្បន្នមានសិស្សរហូតដល់ទៅជិត ៥០០នាក់។

ក្នុងនោះសិស្សប្រលងជាប់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) មានអត្រាខ្ពស់រហូតដល់ទៅ៩៣ភាគរយ។ សិស្សសិក្សានៅសាលាសិលាមាសនៃក្តីសង្ឃឹមពិភពលោក មិនត្រឹមតែទទួលបានចំណេះដឹងទូទៅស្របតាមកម្មវិធីអប់រំរបស់ក្រសួងនោះទេ តែក៏បានទទួលចំណេះដឹងផ្នែកភាសាអង់គ្លេសបានល្អប្រសើរផងដែរ។

បើតាមលោក តាន់ គឹមម៉េង សិស្សសិក្សានៅសាលានេះត្រឹមថ្នាក់ទី៦ គឺមានសមត្ថភាពនិយាយភាសាអង់គ្លេសបានល្អ ព្រោះសាលាបានបន្ថែមកម្មវិធីពិសេសសម្រាប់ភាសាអង់គ្លេស ដែលបង្រៀនដោយគ្រូបរទេស។

ដោយមើលឃើញទីផ្សារការងារមានតម្រូវការខ្ពស់លើភាសាចិននោះ សាលាសិលាមាសនៃក្តីសង្ឃឹមពិភពលោក បានចុះកិច្ចព្រមព្រៀងជាមួយសាលារបស់ចិន ដែលមានជំនាញបង្រៀនភាសាចិន បញ្ចូលកម្មវិធីសិក្សាភាសាចិនថែមទៀតផង។

ពិធីចុះហត្ថលេខារវាងសាលាទាំងពីរបានធ្វើឡើងនៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០កន្លងទៅនេះ។ លោក តាន់ គឹមម៉េង បានបង្ហាញក្តីសង្ឃឹមថា បន្ទាប់ពីបញ្ចូលភាសាចិនក្នុងកម្មវិធីសិក្សា នឹងធ្វើឱ្យសិស្សទទួលបានចំណេះដឹងផ្នែកភាសាចិនមួយទៀត ជាដើមទុនសម្រាប់ការចាប់ជំនាញផ្សេងពេលបញ្ចប់មធ្យមសិក្សា ជាពិសេសមានឱកាសខ្ពស់សម្រាប់រកការងារធ្វើពេលបញ្ចប់ការសិក្សា។

លោក តាន់ គឹមម៉េង ក៏មានគម្រោងបញ្ចូលកម្មវិធីសក្សាភាសាកូរ៉េនៅក្នុងសាលាផងដែរ។ សូមបញ្ជាក់ថា សាលាសិលាមាសនៃក្ដីសង្ឃឹមពិភពលោក បានរួមចំណែកបណ្ដុះបណ្ដាលធនធានមនុស្សជាមួយរាជរដ្ឋាភិបាលបានចំនួន១០០នាក់ដែលមានសមត្ថភាពបានទៅបម្រើការក្នុងស្ថាបន័រដ្ឋ ដូចជានៅវិទ្យាស្ថានប៉ាស្ទើរ និងវិស័យឯកជនព្រមទាំងបានទទួលអាហារូបករណ៍ទៅរៀនបន្តនៅសហរដ្ឋអាមេរិកមួយចំនួនផងដែរ។

លោក តាន់ គឹម ម៉េង បាននែនាំដល់សិស្សៗត្រូវខិតខំយកចិត្តទុកដាក់រៀនសូត្រមិនត្រូវយកពេលទំនេរទៅដើរលេង សេពគបមិត្តភក្តិមិនល្អ ត្រូវជៀសវាងឱ្យផុតពីគ្រឿងញៀន និងល្បែងស៊ីសង ដែលសង្គមស្អប់ខ្ពើម។ លោកបានសង្កត់ធ្ងន់ថា ត្រូវខិតខំសិក្សារៀនសូត្រ ពង្រឹងសមត្ថភាព ដើម្បីធ្វើខ្លួនឱ្យសាកសមជាទំពាំងស្នងឫស្សី និងក្លាយជាធនធានមនុស្សដ៏សំខាន់ក្នុងការអភិវឌ្ឍប្រទេសជាតិនាពេលអនាគត៕