(កំពង់ចាម)៖ ពន្ធនាគារខេត្តកំពង់ចាមថ្មី បានសាងសង់រួចរាល់ដំណាក់កាលទី១ និងកំពុងសាងសង់បន្តដំណាក់កាលទី២។ នេះបើតាមលោក ហ៊ុន ខី ប្រធានពន្ធនាគារ ខេត្តកំពង់ចាម បានបញ្ជាក់ប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នារសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០។

លោក ហ៊ុន ខី បានបន្តថា ការសាងសង់ពន្ធធនាគារថ្មីនេះ គឺមាន២ ដំណាក់កាល ក្នុងនោះដំណាក់កាលទី១ ត្រូវបានសាងសង់រួចរាល់ ជាស្ថាពរហើយ ដែលមានទី១៖ ការសាងសង់របង ប្រវែង១០០ម៉ែត្រ៤ជ្រុង, ទី២៖ ប៉ុស្តិ៍ត្រួតពិនិត្យ ក្លោងទ្វារចូល, ទី៣៖ អគារឃុំខ្លួនស្ត្រី និងកុមារ និងទី៤៖ អគារឃុំខ្លួនពិរុទ្ធជន ទណ្ឌិត ដែលមានកម្ពស់២ជាន់ ស្មើនឹង២៤បន្ទប់។

ដោយឡែកដំណាក់កាលទី២ ដែលកំពុងសាងសង់បន្តនោះគឺមាន៥មុខព្រួញទៀត ក្នុងនោះមានទី១៖ អគាររដ្ឋបាល, ទី២៖ អគារស្នាក់នៅ, ទី៣៖ អគារប៉ុស្តិ៍សុខភាព, ទី៤៖ អគារពិរុទ្ធជន ទណ្ឌិត ដែលមានកម្ពស់២ជាន់ ស្មើនឹង២៤បន្ទាប់ និងទី៥៖ អគាររោងបាយ។

សូមបញ្ជាក់ផងដែរថា នៅរសៀលថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ លោក អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម អមដំណើរដោយថ្នាក់ដឹកនាំ អង្គភាពពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋាន បានចុះពិនិត្យគម្រោងសាងសង់ពន្ធនាគារថ្មី ដែលមានទីតាំងស្ថិតនៅភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម។

ជាមួយគ្នានោះដែរ តាមមន្ត្រីរដ្ឋបាលសាលាខេត្តកំពង់ចាមបានឱ្យដឹងថា ចំពោះការសាងសង់ពន្ធធនាគារថ្មីនេះ ដោយសារតែពន្ធនាគារ ខេត្តកំពង់ចាម បច្ចុប្បន្ន នៅរួមគ្នាជាមួយពន្ធនាគារខេត្តត្បូងឃ្មុំ ដែលដែលមានសភាពតូចចង្អៀត។ ដូច្នេះក៏តម្រូវឱ្យមានការសាងសង់ពន្ធធនាគារ ខេត្តកំពង់ចាម ១ទៀត ដែលមានទីតាំងស្ថិតនៅក្នុងភូមិផ្កាយព្រឹក ឃុំមៀន ស្រុកព្រៃឈរនេះ៕