(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន នៅថ្ងៃទី០៧ ខែមីនាឆ្នាំ២០២០នេះ បានចេញមកច្រានចោលជាថ្មីចំពោះការផ្សព្វផ្សាយរបស់ ទស្សនាវដ្តីមួយដែលបានលើកឡើងថា ក្រសួងសុខាភិបាលកម្ពុជា ទើបនឹងបំពាក់កាមេរ៉ាចាប់កំដៅ នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ។

ពាក់ព័ន្ធនឹងករណីនេះលោកស្រី ឱ វណ្ណឌីន បានបញ្ជាក់ថា ក្រសួងសុខាភិបាលបានដាក់បំពាក់កាមេរ៉ាចាប់កំដៅនៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ រួមទាំងព្រលានយន្តហោះផ្សេងៗទៀត នៅក្នុងប្រទេសកម្ពុជា ចាប់តាំងពីថ្ងៃទី១០ ខែមករា ឆ្នាំ២០២០ មកម្ល៉េះ ចាប់តាំងពីជំងឺកូរ៉ូណាបានផ្ទុះឡើងនៅប្រទេសចិន ដោយមិនមែនទើបតែចាប់ផ្ដើមបំពាក់នៅពេលនេះទេ។

លោកស្រីបានស្នើឱ្យសារព័ត័មានដែលមានការផ្សាយខុសបែបនេះកែតម្រូវឡើងវិញ និងស្នើដល់សមត្ថកិច្ចឱ្យចាត់ការតាមច្បាប់ចំពោះអ្នកដែលនិយាយបំភ្លៃការពិត ពាក់ព័ន្ធនឹងការដាក់បំពាក់កាមេរ៉ាចាប់កំដៅនេះ ដើម្បីកុំឱ្យសាធារណជនមានការភាន់ច្រឡំ។

សូមបញ្ជាក់ថា រយៈពេលប៉ុន្មានថ្ងៃនេះ ក្រសួងសុខាភិបាល ក្រសួងព័ត៌មាន រួមទាំងស្ថាប័នពាក់ព័ន្ធ បាននិងកំពុងប្រយុទ្ធប្រឆាំងយ៉ាងខ្លាំងជាមួយនឹងការបង្ហោះ និងចែកចាយព័ត៌មានមិនពិតពាក់ព័ន្ធនឹងជំងឺកូវីត១៩ នៅតាមបណ្តាញសង្គមនៅក្នុងប្រទេសកម្ពុជា។

យ៉ាងណាក៏ដោយ រហូតមកដល់ពេលនេះ ក្រសួងសុខាភិបាល នៅតែបញ្ជាក់ថា ពុំទាន់មានអ្នកជំងឺកូរ៉ូណាថ្មីណាម្នាក់ មាននៅក្នុងប្រទេសកម្ពុជាឡើយ ខណៈដែលក្រសួង កំពុងសហការជាមួយវិទ្យាស្ថានប៉ាស្ទ័រ រួមទាំងអង្គការសុខភាពពិភពលោក តាមដាន និងចាត់វិធានការប្រកបដោយការយកចិត្តទុកដាក់ចំពោះការរាតត្បាតនៃជំងឺនេះ៕