(ភ្នំពេញ)៖ សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានប្រារព្ធមហាសន្និបាទ បូកសរុបការងាររយៈពេល៥ឆ្នាំ ចាប់ពី២០១៥ ដល់២០១៩ និងគម្រោងផែនការ ឆ្នាំ២០២០ របស់ខ្លួនក្រោមពាក្យស្លោក «រួមគ្នាបង្កើតគណៈកម្មការ ដល់គោលដៅ»។

មហាសន្និបាតនេះ បានធ្វើឡើងនាថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ នៅសណ្ឋាគារ Dyvith ដែលមានការចូលរួមជាប្រធានកិត្តិយស ពីសំណាក់នាយឧត្តមសេនីយ៍ ធឹម សុផា អគ្គនាយក នៃអគ្គនាយកដ្ឋានសវនកម្មផ្ទៃក្នុង ក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសរបស់សមាគម និងលោក ចៅ ចាន់ធឿន ប្រធានសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា ព្រមទាំងគណៈកម្មការ សមាជិករបស់សមាគម យ៉ាងច្រើនផងដែរ។

នាយឧត្តមសេនីយ៍ ធឹម សុផា បានឱ្យដឹងថា សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា បានចុះបញ្ជីនៅក្រសួងមហាផ្ទៃត្រឹមត្រូវ គឺសមាគមនេះធ្វើការងារមិនស្វែងរកកម្រៃជាឯកជនឡើយ ដោយបម្រើការងារប្រជាពលរដ្ឋ មិនប្រកាន់និន្នាការនយោបាយ ជាតិសាសនា ហើយលោកគាំទ្រនូវទម្រង់គោលការ របស់សមាគមក្នុងការចូលរួមជាមួយ រាជរដ្ឋាភិបាលកាត់បន្ថយភាពក្រីក្រ លើកកម្ពស់ជីវភាពប្រជាពលរដ្ឋកម្ពុជា។

លោក ចៅ ចាន់ធឿន បានថ្លែងថា ទស្សនៈវិស័យរបស់សមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា គឺចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ជីវភាពសុខុមាលភាពប្រជាពលរដ្ឋឱ្យកាន់តែប្រសើរទ្បើង និងកាត់បន្ថយភាពក្រីក្រតាមគម្រោង របស់សមាគមដែលមាន គោលបំណងធ្វើឱ្យមនុស្សកាន់តែមានគុណតម្លៃនៃជីវិត តាមរយៈគម្រោងធំៗទាំងនេះ «កើតមានគេគាំទ្រ ការមានគេចូលរួមអបអរសាទរ កប់មានគេចូលរួមមូលនិធិ ដើម្បីជួយដល់ក្រុមគ្រួសារសមាជិកសមាជិកាពេលជួប ហានិភ័យជីវិតចុងក្រោយ» រួមជាមួយនឹងគម្រោងសង្គ្រោះបន្ទាន់ ដែលនឹងត្រូវអនុវត្តន៍នាឆ្នាំនេះ។

លោកបានបន្ថែមទៀតថា ទិសដៅ ឆ្នាំ២០២០ នឹងបង្កើតគណ:កម្មការឱ្យបាន ២ម៉ឺននាក់ និងសមាជិក ១០ម៉ឺននាក់ ហើយសមាជិកគ្រប់លក្ខណ ដែលមរណភាពនឹងទទួបានមូលនិធិ៨០% ឬស្មើនឹង ៨០លានរៀល និងគណកម្មការស្មើនឹង ២៤០លានរៀល។ គណៈកម្មការរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ភូមិអាចធ្វើការស្នើបើកប្រាក់សន្សំបានទៅតាមគោលការ ហើយសមាគមនឹងខិតខំប្រឹងបង្កើតគម្រោងថ្មីៗ បន្ថែមថែមទៀត ដើម្បីផ្តល់ផលប្រយោជន៍កាន់តែច្រើន ដល់បងប្អូនគណៈកម្មការ និងសមាជិកនាឆ្នាំបន្តបន្ទាប់ទៀតតាមចក្ខុវិស័យ របស់សមាគមផងដែរ។

គូសបញ្ជាក់ផងដែរថា នៅឆ្នាំ២០២០នេះសមាគមមូលនិធិទ្រទ្រង់សហគមន៍កម្ពុជា មានបេសកកម្មធំៗចំនួន៤គឺទី១៖ លើកទិកចិត្ត គណៈកម្មការរាជធានី ខេត្ត ក្រុង ស្រុក ខណ្ឌ ឃុំ សង្កាត់ រហូតដល់ភូមិ, ទី២៖ បញ្ជួននគ្រូជំនាញបើកវគ្គបណ្តុះបណ្តាលដល់គណៈកម្មការរាជធានី ខេត្ត ឱ្យមានគ្រូបង្គោល ដើម្បីចេះធ្វើបទបង្ហាញបន្ត, ទី៣៖ ពង្រឹងការងាររដ្ឋបាល និងគណនេយ្យឱ្យបានល្អតាមគណនេយ្យភាព សុច្ចរិតភាព និងមានតម្លាភាព ក្នុងការផ្ដល់សេវាមូលនិធិឱ្យបានទាន់ពេលវេលា និងទី៤៖ ជំរុញការបង្កើតគណៈកម្មការអោយដល់គោលដៅ ក្នុងឆ្នាំ២០២០នេះ៕