(រតនគិរី)៖ បន្ទាប់ពីស្រាវជ្រាវយ៉ាងមមាញឹកក្រោមការដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ត្រី ថាវ យ៉េន មេបញ្ជាការអាវុធហត្ថខេត្តរតនគិរី កម្លាំងអាវុធហត្ថមូលដ្ឋានស្រុកកូនមុំ នៅយប់ថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២០ បាននាំកូនស្រីគ្រួសារកម្មករក្រុមហ៊ុន «ហ័ងអាញ់» មកស្នាក់ការអាវុធហត្ថស្រុកកូនមុំ ដើម្បីរង់ចាំប្រគល់ឲ្យអាណាព្យាបាលយកទៅផ្ទះវិញ។

គួរបញ្ជាក់ថា គ្រួសារខាងលើមាន ឪពុកឈ្មោះ យ៉ាវ យឿង អាយុ៦០ឆ្នាំ, ភរិយាឈ្មោះ ហេង លួន អាយុ៦១ឆ្នាំ និងកូនស្រីឈ្មោះ យឿង ស្រីនិត អាយុ១៥ឆ្នាំ ត្រូវបានជនសង្ស័យឈ្មោះ ង៉ែត កម្មករក្រុមហ៊ុនជាមួយគ្នា ពង្រត់ចេញពីផ្ទះតាំងពីយប់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅ។

បើតាមការរៀបរាប់ពីក្មេងស្រី យឿង ស្រីនិត ប្រាប់មន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកកូនមុំថា គ្រាដែលរូបគេរត់ចេញពីផ្ទះ ជាមួយឈ្មោះ ង៉ែត បានទៅសំងំលាក់ខ្លួននៅផ្ទះមិត្តភក្តិមានឈ្មោះ ឌិប រយៈពេល២ថ្ងៃ ស្ថិតនៅចំណុចភូមិសាស្ត្រស្រុកសេសាន ខេត្តស្ទឹងត្រែង។ រហូតដល់ថ្ងៃទី២៥ ពួកគេទាំង២នាក់ បានជិះរថយន្តឈ្នួលពីចំណតរថយន្តខេត្តស្ទឹងត្រែង បន្តទៅសំងំលាក់ខ្លួននៅខេត្តក្រចេះ (អ៊ុខាងប្រុស)។

ដោយប្រើប្រាស់វិធានជំនាញមន្ត្រីអាវុធហត្ថ បានឲ្យគ្រួសារខាងប្រុសទាក់ទងជាប្រចាំ ឲ្យពួកគេទាំង២ត្រឡប់មកផ្ទះវិញ ជាមួយការសន្យាផ្សេងៗ។ លុះដល់ថ្ងៃទី២៧ លេចមុខពួកគេមកដល់ចំណុចគល់ស្ពានស្រែពក ជិតដល់ផ្ទះខាងស្រី ក្នុងក្រមហ៊ុន «ហ័ងអាញ់» ប៉ុន្តែបានរយៈពេល២ម៉ោង ក្រោយមកជនសង្ស័យ ឈ្មោះ ង៉ែត ហាក់ដឹងខ្លួនខ្លាចកម្លាំងអាវុធហត្ថចាប់ខ្លួន ក៏នាំគ្នាជិះម៉ូតូរត់ទៅផ្ទះឈ្មោះ ឌិប នៅខេត្តស្ទឹងត្រែងវិញ រួចបន្តដំណើរទៅសំងំលាក់ខ្លួន នៅខេត្តក្រចេះម្តងទៀត។

ប៉ុន្តែដោយសាច់ញាតិខាងប្រុស ខ្លាចមានបញ្ហាផ្លូវច្បាប់ និងការប្រើវិធានជំនាញរបស់មន្ត្រីអាវុធហត្ថផងនោះ គឺគ្រួសារសាច់ញាតិជនសង្ស័យលួងលោម ឲ្យក្មេងស្រីត្រឡប់មកផ្ទះតែមកម្នាក់ឯង ពោលជនសង្ស័យឈ្មោះ ង៉ែត មិនមកជាមួយទេ។

បន្ទាប់ពីធ្វើការសាកសួរ ពីមន្ត្រីអាវុធហត្ថមូលដ្ឋានស្រុកកូនមុំរួច និងមានការអនុញ្ញាតពី លោក ងិន ពេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី បានប្រគល់ក្មេងស្រី យឿង ស្រីនិត ឲ្យអាណាព្យាបាលនាំយកត្រលប់ទៅលំនៅដ្ឋានវិញ។ រីឯខាងជនស្ស័យឈ្មោះ ង៉ែត រង់ចាំបទបញ្ជាថ្នាក់លើ និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តរតនគិរី ចាត់ចែងបន្តទៀត៕