(កណ្ដាល)៖ ក្រុមអ្នកញៀនល្បែងជល់មាន់ប្រមាណជា១០នាក់ បានរត់គេចខ្លួនបាត់ស្រមោល នៅគ្រាដែលនគរបាលស្រុកស្អាងចុះបង្ក្រាបសង្វៀនបញ្ជល់មាន់មួយកន្លែង នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០នេះ នៅចំណុចចំការស្វាយ ស្ថិតនៅភូមិព្រែកតាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល។

ក្នុងការចុះបង្រ្កាបនេះ កម្លាំងនគរបាលប៉ុស្តិ៍ត្រើយស្លា បានថ្លែងប្រាប់ភ្នាក់ងារអង្គភាពព័ត៌មាន Fresh News ឲ្យដឹងថា ហេតុការណ៍ខាងលើនេះ គឺមានប្រជាពលរដ្ឋរាយការណ៍ មកដោយមានសកម្មភាពបញ្ជល់មាន់ នៅចំណុចចំការស្វាយស្ថិត នៅភូមិព្រែក តាឯក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ហើយភ្លាមៗនោះកម្លាំងនគរបាល ក៏បានចុះដល់កន្លែងកើតហេតុ ឃើញមានមនុស្សប្រហែលជាង១០នាក់កំពុងជល់មាន់ ដោយឃើញកម្លាំងយើង ទៅដល់អ្នកទាំងនោះបានរត់គេចខ្លួនអស់ បន្សល់ទុកនូវវត្ថុតាងមួយចំនួនរួមមាន៖ ម៉ូតូចំនួន០១គ្រឿង ម៉ាក់សង់កូរ៉េ ពណ៌ក្រហម ផ្លាកលេខ ស្ទឹងត្រែង 1A 2715, មាន់ឈ្មោលចំនួន០១ក្បាល, ខ្នាយដែកចំនួន០២, កន្ត្រក់សំរាប់ដាក់មាន់ចំនួន០២។

ចំណែកជនសង្ស័យសមត្ថកិច្ច កំពុងស្រាវជ្រាវរកអត្តសញ្ញាណ ដើម្បីចាត់ការតាមនីតិវិធី ៕