(ភ្នំពេញ)​៖​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានទូលថ្វាយសារលិខិតថ្វាយព្រះពរ​ សម្តេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ក្នុងឱកាសខួបទី ១០៩​ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០នេះ។

សារលិខិតថ្វាយព្រះពរនោះមានខ្លឹមសារថា​ ៖​ «ក្នុងឱកាសដ៏មានអត្ថន័យជា្រលជ្រៅជាប្រវត្តិសាស្ត្រ ដែលនារីនៅទូទាំងព្រះរាជាណាចក្រកម្ពុជា ក៏ដូចនារី​ទូទាំងសកលលោក មានក្តីសោមនស្សរីករាយ ចូលរួមអបអរខួបទី ​១០៩ ទិវាអន្ដរជាតិនារី ៨ មីនា ​​ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ​" ក្នុងនាមកាកបាទក្រហមកម្ពុជា និង​ក្នុង​នាម​ខ្ញុំម្ចាស់​ផ្ទាល់ ខ្ញុំម្ចាស់​​សូម​ព្រះបរមរាជានុញ្ញាត​សម្តែង​ថ្វាយ​នូវ​ព្រះសព្ទ​​សាធុការ​ពរ​​ជ័​យ បវរសួស្តី សិរីមង្គ​ល វិបុល​សុខ​​​មហាប្រសើរ ថ្វាយ សម្ដេច​​​​ព្រះ​មហា​ក្សត្រី ព្រះ​វរ​រាជ​​​​​មាតា​ជាតិខ្មែរ ជាទី​គោរពសក្ការៈដ៏​ខ្ពង់ខ្ពស់​​បំផុត សូមព្រះ​អង្គ​​ទ្រង់​ប្រកប​ដោយព្រះរាជ​សុខភាព​ល្អ​បរិបូរណ៍ ចាកផុតពីព្រះរោគាព្យាធិនានា ព្រះ​កា​យ​​ព​ល​​​មាំមួន​ ព្រះជន្មាយុ​យឺនយូរ​ ជាអង្វែង​តរៀងទៅ។

​ខ្ញុំម្ចាស់ សូមព្រះបរមរាជានុញ្ញាតថ្វាយនូវព្រះកតញ្ញុកតវេទិតាធម៌យ៉ាងធំធេង ចំពោះព្រះរាជសារ របស់​ សម្ដេច​​ព្រះ​មហាក្សត្រី ព្រះវររាជ​មាតា​ជាតិ​​ខ្មែរ ដែលបានថ្វាយ​ព្រះរាជ​តម្រិះគាំទ្រប្រធានបទ នៃទិវាអន្ដរជាតិនារី ៨ មីនា ឆ្នាំ២០២០ ផ្តោតជាសំខាន់លើគុណតម្លៃ​នៃសន្តិភាព និងការអភិវឌ្ឍ ​ការលើកកម្ពស់​វប្ប​ធ​ម៌​​អហិង្សា និងសាមគ្គីភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ជំរុញឲ្យមានការចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះ​​ទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់ស្ត្រី ក៏ដូចសុខុមាលភាពសង្គម ព្រម​ទាំង​ប្តេជ្ញារួមគ្នាថែរក្សា​សន្តិភាព និងការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។

លើសពីនេះទៀត ខ្លឹមសារព្រះរាជ​សារ​ដ៏​មាន​សារៈសំខាន់នេះ បានប្រោសប្រទាន​កម្លាំងចិត្តយ៉ាង​ធំធេងដល់ខ្ញុំម្ចាស់ និងសហការី ឲ្យកាន់តែមានឆន្ទៈមោះមុត​ខ្លាំង​​ក្លា​ថែមទៀត ក្នុងការ​បំពេញ​​ការងារ​មនុស្សធម៌ តាម​ព្រះ​រាជ​​គន្លងព្រះវីរៈ​គំរូម​នុស្សធម៌​​​​​​​​​​​ដ៏​ឆ្នើមនៃ ព្រះ​​ករុណា ព្រះ​បរម​រ​តន​កោដ្ឋ និង​ សម្ដេចព្រះ​មហា​ក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ក្រោម​ម្លប់ដ៏ត្រជាក់នៃ ព្រះករុណា ព្រះ​​បាទ​​​សម្តេច​​​​​ព្រះ​បរម​នា​ថ នរោត្តម សីហមុនី ព្រះមហា​ក្សត្រ នៃព្រះ​រាជា​ណាចក្រ​កម្ពុជា ជាទី​គោរពសក្ការៈ​​ដ៏​ខ្ពង់ខ្ពស់​​បំផុត​។

ខ្ញុំម្ចាស់ សូមលើកហត្ថប្រណមឧទ្ទិស​បួងសួងដល់តេជបារមី ដួងព្រះវិញ្ញាណក្ខន្ធអតីតព្រះមហាក្សត្រ ព្រះ​មហា​ក្ស​ត្រិ​​យានី​​ខ្មែរ​គ្រប់​​​​ព្រះអង្គ ជាពិសេស​ដួងព្រះវិញ្ញាណក្ខន្ធ ព្រះ​​ករុណា ព្រះ​បរម​រ​តន​កោដ្ឋ សូម​​​ប្រោស​​ព្រះរាជទានព្រះពរជ័យ ​មហាប្រសើរ ថ្វាយចំពោះ សម្តេចព្រះ​មហា​ក្ស​ត្រី ព្រះវរ​រា​ជ​​​​​​​មា​តា​​​​​​ជាតិ​​​ខ្មែរ​ ​ជាទី​គោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សូមព្រះ​ប្រកបដោយ​ព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូម សម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ទ្រង់​ប្រោស​​ព្រះរាជ​មេត្តា​ទទួលនូវអភិវន្ទនាការ និង​កតញ្ញុតាធម៌​ដ៏ខ្ពង់ខ្ពស់បំផុត អំពីខ្ញុំម្ចាស់»៕

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតថ្វាយព្រះពររបស់​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ទូលថ្វាយ​ សម្តេចព្រះមហាក្សត្រី​ ព្រះវររាជមាតាជាតិខ្មែរ​៖