(ភ្នំពេញ)​៖​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា​ បានផ្ញេីសារលិខិតជូនពរ​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក្នុងឱកាសខួបទី ១០៩​ ទិវាអន្តរជាតិនារី ៨ មីនា ឆ្នាំ២០២០នេះ​ ដែលសារលិខិតនោះមានខ្លឹមសារថា​ ៖​ «ក្នុងឱកាសដ៏មហាប្រសើរ ដែលព្រះរាជាណាចក្រ​កម្ពុជា ប្រារព្ធខួបទី​ ១០៩ ទិវា​អន្ដរជា​តិ​នារី ៨ មីនា ឆ្នាំ២០​២០ ក្រោមប្រធានបទ "មានសន្តិភាព មានការលើកកម្ពស់សមភាពយេនឌ័រ​" តាងនាម​គណៈ​កម្មាធិការ​​កណ្ដាល មន្ដ្រី អ្នកស្ម័​គ្រ​ចិត្ដ យុវជន នៃកាកបាទ​ក្រហម​កម្ពុជា ​និងក្នុង​នាមខ្ញុំបាទផ្ទាល់ សូម​គោរព​ជូននូវសព្ទសាធុការពរ​ជ័​យ ​បវរសួស្តី សិរីមង្គ​ល វិបុល​សុខ​​​ មហា​ប្រសើរ ជូន សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ​ក្រហម​កម្ពុជា ជាទីគោរព​ដ៏​ខ្ពង់ខ្ពស់ សូម​មាន​​សុខភាព​ល្អ​បរិបូរណ៍ កម្លាំង​កាយ​មាំមួន ជន្មាយុយឺន​យូរ។

ក្នុងឱកាសដ៏មហាកិត្តិយសនេះ ​យើងខ្ញុំទាំងអស់គ្នា សូមគោរពកោតស្ញប់ស្ញែងចំពោះភាពជាអ្នកដឹកនាំ របស់ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន ដែល​តែងតែខិតខំប្រឹងប្រែងដោយឆន្ទៈមោះមុត ​​យកអស់កម្លាំងកាយ ចិត្ត ផ្តល់​ក្តី​សង្ឃឹ​ម​​ដល់ប្រជាពលរដ្ឋ​ងាយរង​គ្រោះ ព្រម​ទាំង​ផ្តល់កម្លាំងចិត្តឲ្យយើងខ្ញុំទាំងអស់គ្នាបន្តយកចិត្តទុកដាក់ ក្នុងការ​ចូលរួម​ថែរ​ក្សា​សន្តិភាព ការលើកកម្ពស់​វប្ប​ធ​ម៌​​អហឹង្សា និងសាមគ្គីភាព ដែលរាជរដ្ឋាភិបាលបាននិងកំពុងគាំទ្រ ជំរុញឲ្យមាន​កា​រ​ចូលរួមពីគ្រប់ស្ថាប័ន រួមទាំងបុរស ស្ត្រី ដើម្បីវឌ្ឍនភាពសង្គម ឆ្ពោះទៅលើកកម្ពស់សិទ្ធិ ស្ថានភាព ជីវភាព ឋានៈ តួនាទី របស់​ស្ត្រី ក៏ដូចសុខុមាលភាពសង្គម និងការអភិវឌ្ឍសម្រាប់មនុស្សជំនាន់ក្រោយ។ លើសពីនេះទៅទៀត សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត​ប្រធាន គឺជាមាតាមនុស្សធម៌ ជាស្ត្រីកម្ពុជា​ដ៏​ឆ្នើម ដែលដង្ហែ​តាម​​​​​​​​ព្រះរាជ​គន្លង​​វីរៈគំរូ​​មនុស្ស​ធម៌​ដ៏ឆ្នើម នៃ​ព្រះករុ​ណា ព្រះ​បរម​​រតន​កោដ្ឋ និង សម្ដេច​​ព្រះ​មហា​ក្ស​ត្រី ព្រះវររាជមាតាជាតិខ្មែរ ក្រោមម្លប់ដ៏ត្រជាក់ នៃ​
ព្រះករុ​ណាព្រះបាទ​សម្តេច​ព្រះបរ​មនាថ នរោត្តម​ សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា ជាទីគោរព​សក្ការៈដ៏ខ្ពង់ខ្ពស់​បំផុត។

យើងខ្ញុំទាំងអស់គ្នា សូមគោរព​​​បួង​សួងដល់វត្ថុស័ក្តិសិទ្ធិទាំងអស់ក្នុងលោក ទេវតាថែរក្សាទឹកដី​នៃព្រះ​រាជា​ណា​ចក្រ​​កម្ពុជា សូមជួយបីបាច់ថែរក្សាអភិបាលប្រោះ​ព្រំ​ប្រសិទ្ធ​ពរជ័យគ្រប់ប្រការ ជូន សម្តេច​កិត្តិព្រឹទ្ធបណ្ឌិត​ប្រធាន និង សម្ដេច​តេជោ នាយករដ្ឋមន្ដ្រី នៃព្រះរាជា​ណា​ចក្រកម្ពុជា ជាពិសេស ​អ្នកឧកញ៉ា ព្រឹទ្ធ​មហាឧបាសិកា ធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី សូមឆាប់ជាសះស្បើយពីរោគាព្យាធិ ព្រមទាំង បុត្រា បុត្រី បុត្រ​ប្រសា និង​ចៅៗ សូមជួប​ប្រទះ​តែ​សេចក្តី​សុខ​ចម្រើន មានសុភមង្គល សិរីសួស្តី និង​បាន​ប្រកប​ដោយ​ព្រះពុទ្ធពរ​ទាំង ៤ ប្រការ គឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបី​ឃ្លៀងឃ្លាតឡើយ។

សូម សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន មេត្តាទទួលនូវអភិវន្ទនាការ និងកតញ្ញុតាធម៌ដ៏ជ្រាលជ្រៅ អំពីយើ​ង​​ខ្ញុំ​»។

ខាងក្រោមនេះ​ ជាខ្លឹមសារទាំងស្រុងនៃសារលិខិតជូនពររបស់​ សម្តេចចៅហ្វាវាំង​ គង់​ សំអុល​ គោរពជូន​ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត​ ប៊ុន​ រ៉ានី​ ហ៊ុនសែន​៖