(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រត្ន័ សណ្ដាប់ បានថ្លែងថាថ្ងៃនេះ និយាយពីខួបលើកទី១០៩ នៃទិវាអន្ដរជាតិនារី៨ មិនា ឆ្នាំ២០២០ ដែលប្រទេសកម្ពុជាយើង ក៏ដូចជាបណ្ដាប្រទេសនានាលើពិភពលោក បានរៀបចំប្រារព្វពិធីយ៉ាងប្រពៃថ្លៃថ្លាដើម្បីលើកកម្ពស់សិទ្ធិនារី ឬសមភាពយេនឌ័រ ដូចយើងឃើញនេះ។ ស្ថិតត្រង់ពិធីនេះអ្នកជំនាញអារ្យធម៌ខ្មែរ យល់ថាបើនិយាយអំពីតួនាទីស្រ្ដីខ្មែរ ក៏ដូចជាស្រ្ដីបណ្ដាប្រទេសនានា ដែលបានប្រារព្វពិធីនេះ គឺបានឆ្លុះបញ្ចំាងអំពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់ ក្នុងប្រទេសនីមួយៗផងដែរ។

ដោយទ្បែកកម្ពុជាយើងវិញ ចំពោះតួនាទីស្រ្ដី បើយើងយោងទៅលើទស្សនៈអ្នកប្រាជ្ញបារំាងសែសលោក ហ្ស៊ក ហ្រ្គោលីយ៉ែរ (George Groslier) នាសម័យអាណានិគមនិយមបារំាង បានបញ្ជាក់យ៉ាងច្បាស់ថា «អំពីគុណតម្លៃសិទ្ធិស្រ្ដីខ្មែរ បានផ្សារភ្ជាប់វប្បធម៌ ប្រពៃណីទំនៀមទម្លាប់ក្នុងសង្គម អំពីភាពសាមញ្ញ និងភាពជិតស្និទ្ធិនឹងធម្មជាតិ»

មានន័យថា «ចំពោះភាពសាមញ្ញរបស់ស្រ្ដីខ្មែរ គេបានឃើញយ៉ាងច្បាស់នៅក្នុងតួអប្សរាអង្គរ របំាព្រះរាជព្រទ្យមានភាពយ៉ាងលេចត្រដែត ទន់ភ្លន់ល្វត់ល្វន់តែងមានតួនាទីយ៉ាងខ្ពង់ខ្ពស់ជាអ្នកមានទំនាក់ទំនងរវាងព្រះមហាក្សត្រ និងពពួកទេវតាឯឋានសួគ៌ ដែលសង្គមត្រូវគោរព»យ៉ាងដូច្នោះដែរ។ យើងគួររំឭកបន្ដិចថា លោក ហ្គ្រោលីយ៉ែរ ជាវិចិត្រករនិងជាអ្នកស្រាវជ្រាវដ៏ល្បីល្បាញអំពីប្រវត្ដិសិល្បខ្មែរ ដោយបានបង្កើតសារមន្ទីរជាតិនាឆ្នាំ១៩២០ និងសាលារចនាសព្វថ្ងៃនេះ។

លោក រត្ន័ សណ្ដាប់ បន្ដថាស្ថិតក្នុងបរិការនេះ បើនិយាយពីទិវាសិទ្ធិនារីអន្ដរជាតិដែលប្រទេសកម្ពុជាយើង ក៏ដូចបណ្ដាប្រទេសនានាលើពិភពលោក កំពុងរៀបចំប្រារព្វនេះគឺបានទទួលឥទ្ធិពលវប្បធម៌ពីស្រ្ដីពួកស្បែកស ឬពួកបស្ចឹមប្រទេសចាប់ពីស.វ.ទី១៩ ពិសេសចាប់ពីក្រោយសង្រ្គាមលោកលើទី២ ឆ្នាំ១៩៤៥មក។ ដោយហេតុថាចាប់ពីស.វ.ទី១៩ រហូតមក បណ្ដាប្រទេសនានាលើពិភពលោក គឺបានទទួលឥទ្ធិពលវប្បធម៌ពីពួកស្បែកសនេះឯង ។
ស្ថិតក្នុងកាលៈទេសៈនោះ បើនិយាយអំពីតួនាទីស្រ្ដីនេះ បើទោះបីពួកអាណានិគមបារំាង ឬខ្មែរហៅថា «ពួកស្បែកស » មានឥទ្ធិលយ៉ាងណាក្ដី តែលោក ហ្គ្រោលីយ៉ែរ បានឲ្យតម្លៃអំពីតួនាទីស្រ្ដីខ្មែរ ក្នុងសង្គមយ៉ាងអស្ចារ្យ ។ ដោយក្នុងនោះ លោក បានធ្វើការវាយប្រហារទៅលើសិទ្ធិស្រ្ដីក្នុងសង្គមបារំាងថា ពួកអាណានិគមនិយមបារំាង ដែលតំាងខ្លួនឯងជាពួក«គហបតី»ដ៏អស្ចារ្យនោះ គឺមានអាប្បកិរិយាដ៏រាក់កំភែលទៅវិញ ពិសេសអំពីតួនាទីសិទ្ធិស្រ្ដី ដែលឃ្លាតឆ្ងាយពីវប្បធម៌ ប្រពៃណីទំនៀមទម្លាប់នេះឯង។

លោក រត្ន័ សណ្ដាប់ បន្ដថាបន្ថែមពីលើនេះទៀត លោក ហ្រ្គោលីយ៉ែរ ក៏បានវាយប្រហារទៅលើអរិយធម៌បណ្ដាបស្ចឹមប្រទេស និងការសន្មត់របស់ពួកគេថា«គហបតី»នោះ គឺជារឿងដីឥដ្ឋទៅវិញ។ ដោយក្នុងនោះ លោក ថែមទំាងបានថ្កោលទោសយ៉ាងជូរចត់បំផុតដល់ស្រ្ដីបណ្ដាបស្ចឹមថា «បានធ្វើឲ្យបាត់បង់ភាពជាស្រ្ដី» ពីធម្មជាតិទៅជាស្រ្ដីអាត្មានិយម។ ពីព្រោះតែការរីកចម្រើនបានប្រែក្លាយម្ដាយពីធម្មជាតិ ឲ្យទៅជាមនុស្សកំណាច និងអាត្មានិយមដោយការទាមទារដើម្បីភាពស្មើគ្នារបស់ពួកគេ គឺបានធ្វើឲ្យសង្គម និងគ្រួសារមានការបែកបាក់គ្នា។

បើបើដូចនេះ ចំពោះការរីកចម្រើនឥតសណ្ដាប់ធ្នាប់នៃអារ្យធម៌ គឺបានលុបបំបាត់ភាពជាស្រ្ដីនៅប្រទេសបារំាង ជាហេតុប៉ះពាល់ដល់សង្គមគ្រួសារដ៏ធ្ងន់ធ្ងរបំផុត ។
ជាសរុប លោក រត្ន័ សណ្ដាប់ បានបញ្ជាក់ថាដោយស្ថិតត្រង់ចំណុចនេះហើយ ទើបលោក ហ្គ្រោលីយ៉ែរ បានស្នើថា « បើដូច្នេះបើនិយាយអំពីគុណតម្លៃស្រ្ដីនេះ គឺប្រទេសបារំាង គួរងាកនឹងត្រូវរៀនសូត្រឲ្យបានច្រើនអំពីតួនាទីស្រ្ដីនៅកម្ពុជា ហើយត្រូវយកធ្វើជាម្កុដដើម្បីពាក់នៅប្រទេសបារំាង»។ ពិសេសអ្វីតែកាន់អស្ចារ្យថែមទៀតនោះ លោក ក៏បានស្នើផងដែរ កុំឲ្យពួកបស្ចឹមប្រទេសបំផ្លាញប្រទេសដ៏បរមបុរាណនេះឲ្យសោះ បើពុំដូច្នេះទេគឺជាការសោកស្ដាយបំផុត៕