(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅថ្ងៃនេះបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដទៃទៀត ដែលធ្លាប់មានការពាក់ព័ន្ធជាមួយបុរសជនជាតិខ្មែរវ័យ៣៨ឆ្នាំ ដែលឆ្លងជំងឺកូវីដ១៩ ពីជនជាតិជប៉ុននោះ ទៅពិនិត្យសុខភាពទាំងអស់គ្នា ដើម្បីងាយស្រួលក្នុងការតាមដានការឆ្លងជំងឺកូវីដ និងការពារខ្លួន។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣៤៥៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
នៅក្នុងឱកាសនោះ សម្តេចតេជោ ហ៊ុន សែន បានកោតសរសើរចំពោះប្រជាពលរដ្ឋខ្មែរ ដែលមិនមានការរើសអើងចំពោះអ្នកផ្ទុកមេរោគកូវីតកន្លងមក។ សម្តេចថ្លែងថា «ការភ័យខ្លាច និងការរើសអើងធ្ងន់ជាង ជំងឺកូរ៉ូណាថ្មី ឬកូវីដ១៩នេះ ទៅទៀត»។
សម្តេចតេជោ ហ៊ុន សែន បានពន្យល់អំពីមូលហេតុដែលសម្តេចសម្រេចបិទសាលា នៅទីរួមខេត្តសៀមរាប គឺរដ្ឋាភិបាលមានការយកចិត្តទុកដាក់លើសុខភាពកុមារខ្ពស់បំផុត ដោយសារកុមារមិនយល់អំពីរបៀបនៃការការពារខ្លួនឯងនៅឡើយទេ ពាក់ព័ន្ធនឹងការបង្ការការឆ្លងជំងឺកូវីដ១៩នេះ។
រហូតមកដល់ពេលបច្ចុបន្ននេះ កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន២ករណីប៉ុណ្ណោះ ក្នុងនោះមានទី១ គឺនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលត្រូវព្យាបាលជាសះស្បើយ ហើយចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ និង១ករណីទៀត គឺនៅលើខ្លួនបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។ បុរសចុងក្រោយនេះ បានឆ្លងពីជនជាតិជប៉ុនម្នាក់ ដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ ពេលចេញពីកម្ពុជាទៅដល់ព្រលានយន្តហោះ ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយសារតែបុរសជនជាតិខ្មែររូបនោះ គឺជាមនុស្សម្នាក់ ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ខណៈដែលមនុស្ស៣នាក់ទៀតមិនមានឆ្លងឡើយ។
កាលពីថ្ងៃទី០៩ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាល បានធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុកមេរោគកូរ៉ូណាថ្មី ចំនួន២២នាក់ ហើយលទ្ធផលបង្ហាញថា ពួកគេមិនមានមេរោគកូរ៉ូណាឡើង។ ភាគីពាក់ព័ន្ធបានវាយតម្លៃរួមមួយ រហូតដល់ពេលនេះ មេរោគកូវីដ១៩ (Covid-19) នៅមិនទាន់បានរាតត្បាតចូល សហគមន៍កម្ពុជានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ទៀតថា ទោះជាយ៉ាងនេះក្តី ឥឡូវនេះមិនទាន់ដឹងអំពីចំនួនអ្នកដែលពាក់ព័ន្ធបុរសជនជាតិខ្មែរ និងជនជាតិជប៉ុន ដែលឆ្លងមេរោគកូវីដ១៩ ប្រាកដទាំងស្រុងនៅឡើយទេ ដោយកម្ពុជាកំពុងបន្តតាមស្វែងរកបន្តទៀត។
សម្តេចស្នើកុំឱ្យប្រជាពលរដ្ឋនៅតំបន់ដទៃខ្លាចប្រជាពលរដ្ឋសៀមរាប ហើយត្រូវចេះការពារខ្លួន ហើយកុំមានការរើសអើង។ ជាមួយគ្នានេះ សម្តេចជំរុញកុំឱ្យមានការខ្លាចក្នុងការធ្វើដំណើរទៅកាន់ខេត្តសៀមរាប នៅពេលមានតម្រូវការចាំបាច់ផងដែរ។ សម្តេចលើកឡើងថា ពេលនេះភ្ញៀវទេសចរបរទេស ក៏បានធ្វើដំណើរកម្សាន្ត នៅក្នុងខេត្តសៀមរាបដូចធម្មតា៕