(ភ្នំពេញ)៖ លោក ផៃ ស៉ីផាន រដ្ឋមន្ដ្រីប្រតិភូអមនាយករដ្ឋមន្ដ្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល បានប្រកាសច្រានចោលទាំងស្រុង ចំពោះការដកស្រង់សម្ដីរបស់លោកខុស យកទៅចុះផ្សាយថា វ៉ាក់សាំងការពារជំងឺកូវដី១៩ នឹងនាំពីប្រទេសចិន មកកម្ពុជានៅចុងខែមីនាខាងមុខនេះ។
លោក ផៃ ស៉ីផាន នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានចេញមកអះអាងថា ក្នុងសន្នីសីទសារព័ត៌មាន កាលពីថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០ម្សិលមិញ លោកគ្រាន់តែបញ្ជាក់ថា សហរដ្ឋអាមេរិក និងចិន បានរកឃើញនូវវ៉ាក់សាំងដើម្បីការពារជំងឺកូវីដ១៩ ហើយនឹងដាក់ឲ្យប្រើប្រាស់នៅចុងខែមីនាប៉ុណ្ណោះ។
បើតាមលោក ផៃ ស៉ីផាន លោកមិនបាននិយាយថា វ៉ាក់សាំងការពារជំងឺកូវីដ១៩ នឹងនាំមកកម្ពុជានៅចុងខែមីនានោះទេ។ ចំពោះការចុះផ្សាយលើសពីអ្វីដែលលោកបាននិយាយ លោកមិនទទួលខុសត្រូវនោះឡើយ។
តាមរយៈ Facebook ប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលរូបនេះ បានសរសេរយ៉ាងដូច្នេះថា «ក្នុងនាម ខ្ញុំជាអ្នកនាំពាក្យរាជរដ្ឋាភិបាល សូមច្រានចោលនូវព័ត៌មាន ដែលបានផ្សព្វផ្សាយថា «រាជរដ្ឋាភិបាលប្រកាសថា ថ្នាំព្យាបាលជំងឺកូវីដ១៩ នឹងនាំពីចិនមកកម្ពុជានៅចុងខែនេះ»។ ការពិត ខ្ញុំគ្រាន់តែលើកឡើងថា «ចិន និងអាមេរិក បានរកឃើញវ៉ាក់សាំងដើម្បីការពារជំងឺ កូវីដ១៩» តែប៉ុណ្ណោះ។ ចំពោះការផ្សព្វផ្សាយព័ត៌មានលើសពីនេះ ខ្ញុំពុំទទួលខុសត្រូវឡើយ»៕