(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានប្រតិកម្មចំពោះអ្នកវិភាគមួយចំនួន ពិសេស លោក រ៉ុង ឈុន ដែលលើកឡើងដដែលពាក់ព័ន្ធនឹងការសម្រេចរបស់អឺរ៉ុប ក្នុងការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធអ្វីៗគ្រប់យ៉ាងលើកលែងតែអាវុធ (EBA) និងបានបញ្ជាក់អំពីការត្រៀមខ្លួនរួចរាល់ ចំពោះការដោះស្រាយបញ្ហាការកាត់ EBA ក្នុងកម្រិតណាក៏ដោយ មិនឲ្យរោងចក្របិទទ្វារឡើយ។
ការថ្លែងយ៉ាងដូច្នេះរបស់សម្តេចតេជោប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្វើឡើងក្នុងឱកាសសម្តេចអញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ៣,៤៥៨នាក់ ដែលរៀបចំឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងយ៉ាងដូច្នេះថា «យើងបានត្រៀមទុកពីចំងាយសម្រាប់ផលប៉ះពាល់ដោយ EBA ២០ភាគយ។ កម្ពុជាបញ្ជាក់ច្បាស់ហើយ ថាកម្ពុជាមិនទៅស្នើសុំ ២០ភាគរយនោះត្រឡប់មកវិញទេ សូមអ្នកវិភាគជាពិសេស រ៉ុង ឈុន និយាយស្តាប់ឲ្យបាន គេត្រៀមបម្រុងរួចហើយ ឲ្យបាត់ទៅអា ២០ភាគរយនោះ កុំទៅខ្វល់។ ខ្ញុំបានចុះហត្ថលេខា យល់ព្រមរួចហើយ លើការលើកពន្ធដើម្បីឲ្យរោងចក្រ នៅតែប្រកួតប្រជែងបាន។ អ្នកឯងនិយាយស្អីឡើយ EBA អា EBA នេះវាគង់តែបាត់ទេ គ្រាន់តែវាបាត់មុន ឬបាត់ក្រោយប៉ុណ្ណោះ ឥឡូវបាត់២០ភាគរយអត់មានបញ្ហាអីទេ»។
សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សម្តេចនឹងមិនយកអធិបតេយ្យជាតិ ទៅដោះដូរនឹងការអនុគ្រោះពន្ធ២០ភាគរយនោះទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្តេចនឹងប្រកាសចេញនៅថ្ងៃទី០១ ខែមេសា ឆ្នាំ២០២០ ខាងមុខក្នុងវេទិការាជរដ្ឋាភិបាលវិស័យឯកជន លើកទី១៩ នៅវិមានសន្តិភាពនូវវិធានការបន្ថែមលើវិធានការដែលបានដាក់ចេញកាលពីថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៩កន្លងទៅ ដែលការប្រកាសចេញវិធានការថ្មីនេះ គឺជាការស្រោចស្រង់ខាងសេដ្ឋកិច្ច។
សូមជម្រាបថា កាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២០ គណៈកម្មការអឺរ៉ុប (EU) បានចេញសេចក្តីសម្រេចកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធ EBA ក្រោមហេតុផលថា កម្ពុជាធ្វើឱ្យធ្លាក់នូវការគោរពសិទ្ធិមនុស្ស សិទ្ធិនយោបាយ និងលទ្ធិប្រជាធិបតេយ្យ និងទាមទារឱ្យកម្ពុជាកែលំអរនូវចំណុចទាំងអស់នេះ។ តាមការវាយតម្លៃ ការកាត់ផ្នែកខ្លះនៃប្រព័ន្ធអនុគ្រោះពន្ធនេះ មានទឹកប្រាក់ប្រមាណជាង១០០លានដុល្លារអាមេរិក លើកផលិតផល៤0មុខរបស់កម្ពុជា។
សេចក្តីសម្រេចនេះនឹងចូលជាធរមាន នៅរយៈពេល៦ខែទៀត ពោលគឺក្នុងខែសីហា ឆ្នាំ២០២០នេះ ប្រសិនបើសភារបស់អឺរ៉ុបអនុម័តយល់ព្រម តាមការសម្រេចរបស់គណៈកម្មការអឺរ៉ុបនោះ៕