(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានស្នើទៅលោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល ឱ្យជ្រើសរើសអ្នកមានសមត្ថភាពប្រចាំការក្នុងការទទួលអ្នកហៅចូលលេខ១១៥ បន្ទាប់ពីទទួលបានព័ត៌មានមួយចំនួនពាក់ព័ន្ធនឹងការរុញដាក់គ្នា ពីសំណាក់អ្នកកាន់លេខទូរស័ព្ទនេះ ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្ត។
ការស្នើបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣៤៥៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានស្នើយ៉ាងដូច្នេះថា៖ «ហើយខ្ញុំសូមស្នើដល់ឯកឧត្តម ម៉ម ប៊ុនហេង ចាត់តាំងមនុស្ស ដែលមានសមត្ថភាព ក្នុងការប្រចាំការ នៅតាមក្នុងការទទួលអ្នកហៅចូលលេខ១១៥ អញ្ចឹងទេ ខ្ញុំឃើញគេបង្ហោះតាម Facebook មួយ ក៏ប៉ុន្តែ មិនដឹងថា វាពិតប៉ុណ្ណា ហៅទៅមួយ មួយថា ត្រូវទាក់ទងទៅកន្លែងនោះ ដល់ទាក់ទងទៅកន្លែងនោះ គេថាទាក់ទងទៅកន្លែងនោះ បើឆ្លើយដាក់គ្នាតែអញ្ចឹងអ្នកជំងឺសង្ឃឹមអី អញ្ចឹងទេសូមពង្រឹងសមត្ថភាពបន្ទាន់ ទៅលើអ្នកប្រចាំការ កុំឱ្យគេទូរស័ព្ទមករកបែរជាយើងអត់មានលើកទូរស័ព្ទ អញ្ចឹងទេត្រូវពង្រឹងសមត្ថភាព ហើយត្រូវឱ្យស្គាល់ភូមិសាស្ត្រទាក់ទង និយាយរួមកុំរុញដាក់គ្នា ដូច្នេះ ត្រូវពង្រឹងសមត្ថភាពច្រកប្រចាំការនេះ ឱ្យមាន២៤/២៤ម៉ោង»។
ការស្នើសុំរបស់សម្តេចតេជោ ហ៊ុន សែន ឱ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលពង្រឹងសមត្ថភាព អ្នកប្រចាំការលើកទូរស័ព្ទលេខ១១៥ ដែលដាក់ឱ្យប្រជាពលរដ្ឋខ្មែរទាំងអស់ តេចូលក្នុងករណីមានការសង្ស័យ ថាមានជំងឺ Covid-19 ឬជំងឺផ្សេងៗនេះ បន្ទាប់ពីសម្តេចបានមើលឃើញ តាមរយៈ Facebook ដែលបង្ហាញពីការត្អួញត្អែរ សម្រាប់ការហៅចូលលេខ១១៥នេះ ដោយអ្នកលើកទូរស័ព្ទចេះតែរុញដាក់គ្នាទៅវិញ ទៅមក ដែលធ្វើឱ្យប្រជាពលរដ្ឋបាត់បង់ជំនឿចិត្ត ក្នុងការជូនដំណឹង ជាដើម។
ជាមួយគ្នានេះដែរ ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបន្ថែមទៀតថា ដូច្នេះ សម្រាប់អ្នកកាន់ទូរស័ព្ទលេខ១១៥ ត្រូវតែឆ្លើយតបនៅពេល ដែលប្រជាពរដ្ឋទាក់ទងចូល ប្រសិនបើទទួលបានការហៅចូលហើយ អ្នកកាន់លេខទូរស័ព្ទលេខ១១៥ មិនត្រូវឱ្យអ្នកដែលពឹងពាក់នោះគាត់ ធ្វើទំនាក់ទំនងទៅកន្លែងផ្សេងនោះទេ គឺក្នុងនាមខ្លួន ដែលក្រសួងបានចាត់តាំងឱ្យកាន់លេខទូរស័ព្ទនេះ ត្រូវធ្វើការទំនាក់ទំនងទៅកន្លែងផ្សេង ដែលចំគោលដៅ និងចាំបាច់ ដូច្នេះ អ្នកកាន់លេខទូរស័ព្ទនេះ ត្រូវតែមានភាពម្ចាស់ការចំពោះតួនាទីរបស់ខ្លួន ដើម្បីឆ្លើយតបឱ្យបានទាន់ពេលវេលានឹងការព្រួយបារម្ភរបស់ប្រជាពលរដ្ឋ៕