(ភ្នំពេញ)៖ ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ បានគូសបញ្ជាក់ថា សម្ដេចគ្មានសិទ្ធិហាមឃាត់ ប្រជាពលរដ្ឋមិនឲ្យភិតភ័យនោះទេ ដូច្នេះសម្តេចមិនរារាំងការជ្រួលច្របល់ របស់ប្រជាពលរដ្ឋទៅទិញទំនិញផ្សេងៗឡើយ។
ការគូសបញ្ជាក់ជាថ្មីបែបនេះ បានធ្វើឡើងក្នុងឱកាសដែល សម្ដេចតេជោ ហ៊ុន សែន អញ្ជើញប្រគល់សញ្ញាបត្រ ជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ៣,៤៥៨នាក់ នារី ២,៩៥៤នាក់ ដែលរៀបចំធ្វើឡើង នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា «បើនិយាយគ្នាមិនស្ដាប់ទេ ខ្ញុំអត់មានសិទ្ធិហាមឃាត់ ការភ័យខ្លាចនោះទេ ប៉ុន្ដែឥលូវនេះ ដល់ថ្នាក់ ទិញអង្ករ ទិញមី ទិញស្រា -ល- យកទៅដាក់ក្នុងផ្ទះ ក្រែងលចេញមកផឹកមិនបាន»។
សម្ដេចតេជោ បានបន្ថែមទៀតថា «បើបានជាជ្រុលទិញចឹងក៏ល្អដែរ មូលហេតុអីបានល្អ អង្ករឥលូវខ្វះទីផ្សារ ចឹងបើជួយទិញអង្ករម្នាក់មួយប៉ាវៗ យកទៅដាក់តាមផ្ទះ អាហ្នឹងស្រួល...ព្រោះអ្នកកិនស្រូវ កំពុងតែខ្វះទីផ្សារ។ ៤០០រោងចក្រ ៤០០ឃ្លាំងកំពុងតែខ្វះ អីចឹងសូមអញ្ជើញទិញទៀតទៅ!»។
ជាមួយគ្នានោះ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ក៏បានស្នើដល់ក្រុមហ៊ុន ដែលផ្គត់ផ្គង់អង្ករតាមទីផ្សារ បញ្ចូលអង្ករចូលទីផ្សារ ដើម្បីឲ្យអ្នកទិញយកទៅដាក់ផ្ទះ ប៉ុន្ដែ កុំឆ្លៀតតម្លើងថ្លៃជ្រុល។
បន្ថែមពីនោះទៀត សម្ដេចតេជោ បានឲ្យដឹងថា ប៉ុន្ដែទីផ្សារសេរីពិបាកណាស់ រវាងសេចក្ដីត្រូវការ និងការផ្គត់ផ្គង់ នៅពេលដែលតម្រូវការច្រើន ការផ្គត់ផ្គង់តិច ច្បាស់ណាស់វាឡើងថ្លៃ តែនៅពេលដែលតម្រូវការតិច ការផ្គត់ផ្គង់ច្រើន ច្បាស់ជាចុះថោក។
សូមជម្រាបថា ក្នុងឱកាសចុះសម្ពោធផ្លូវ នៅខេត្តពោធិ៍សាត់ កាលពីម្សិលមិញ សម្ដេចតេជោ ហ៊ុន សែន ក៏បានថ្លែងឲ្យដឹងផងដែរថា សម្តេចមិនរារាំងចំពោះការទិញអង្ករ និងគ្រឿងបរិភោគស្តុកទុកនេះទេ ប៉ុន្តែសម្តេច គ្រាន់តែអំពាវនាវ ដល់អ្នកលក់ កុំដំឡើងថ្លៃទំនិញហួសហេតុ ក្នុងពេលមានតម្រូវការខ្លាំង។
សម្ដេចតេជោ បានថ្លែងថា សម្តេចមិនអាចហាមឃាត់ មិនឲ្យប្រជាពលរដ្ឋឈប់ភ័យខ្លាចចំពោះជំងឺ Covid-19 ឡើយ ប៉ុន្តែសូមប្រជាពលរដ្ឋកុំភ័យខ្លាចជ្រុលពេក រហូតប៉ុន្មានថ្ងៃមកនេះ ប្រជាពលរដ្ឋមួយចំនួន ឈានដល់ការទិញអង្ករ និងគ្រឿងបរិភោគស្តុកទុកក្នុងផ្ទះថែមទៀត។
បើតាមសម្ដេចតេជោនាយករដ្ឋមន្ដ្រី, ចំពោះបរិមាណអង្កររបស់កម្ពុជា សូមប្រជាពលរដ្ឋ កុំមានការព្រួយបារម្ភថា ខ្វះខាតឲ្យសោះ ព្រោះរោងម៉ាស៊ីនចំនួន៤០០ របស់កម្ពុជា ស្រូវស្តុកទុកសម្រាប់ផ្គត់ផ្គង់ត្រូវការក្នុងស្រុក និងនាំចេញ ដែលអាចធានាថា បើទោះបីកម្ពុជា មិនបង្កបង្កើនផលស្រូវ១ឆ្នាំ ក៏កម្ពុជាមិនខ្វះអង្ករហូបដែរ៕