(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានអំពាវនាវដល់ ប្រជាពលរដ្ឋទាំងអស់ កុំឱ្យមានការភ័យខ្លាចជំងឺកូវីដ១៩ រហូតដល់មិនហ៊ានទៅខេត្តសៀមរាប ខណៈដែលខ្លួនមានតម្រូវការចាំបាច់ ឬត្រូវមានដំណើរកម្សាន្តនៅកាន់ខេត្តនេះឱ្យសោះ។
ការអំពាវនាវនេះ បានធ្វើឡើងក្នុងឱកាសដែលសម្តេច អញ្ជើញប្រគល់សញ្ញាបត្រជូននិស្សិតវិទ្យាស្ថានវ៉ាន់ដា ប្រមាណ ៣៤៥៨នាក់ នៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ នាព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០នេះ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់យ៉ាងដូច្នេះថា៖ «នៅលើពិភពលោក មានការប្រកាន់រើសអើងជាមួយប្រទេសដែលមានបញ្ហាកូវីដ១៩ ប៉ុន្តែប្រយ័ត្នក្នុងប្រទេសរបស់យើង បែរជានាំគ្នារើសអើងចំពោះអ្នកចេញពីសៀមរាប ហ្នឹងមួយទៀត ហើយមួយទៀតបែរជាមិនហ៊ានធ្វើដំណើរទៅកាន់ខេត្តសៀមរាប ក្នុងពេលដែលខ្លួនមានតម្រូវការចាំបាច់»។
កម្ពុជាបានរកឃើញករណីកូវីដ១៩ ចំនួន២ករណី ក្នុងនោះមានករណីទី១ គឺនៅលើខ្លួនជនជាតិចិនម្នាក់ អាយុ៦០ឆ្នាំ ដែលត្រូវព្យាបាលជាសះស្បើយហើយចាកចេញពីកម្ពុជា កាលពីថ្ងៃទី១១ ខែកុម្ភៈ និង១ករណីទៀត គឺនៅលើខ្លួនបុរសជនជាតិខ្មែរ អាយុ៣៨ឆ្នាំ នៅខេត្តសៀមរាប។ បុរសចុងក្រោយនេះ បានឆ្លងពីជនជាតិជប៉ុនម្នាក់ ដែលត្រូវបានរកឃើញថាមានផ្ទុកមេរោគកូវីដ ពេលចេញពីកម្ពុជាទៅដល់ព្រលានយន្តហោះ ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០។
កាលពីថ្ងៃទី០៩ ខែមីនា ម្សិលមិញនេះ ក្រសួងសុខាភិបាល បានធ្វើតេស្តទៅលើអ្នកពាក់ព័ន្ធនឹងអ្នកផ្ទុកមេរោគកូវីដនេះ ចំនួន២២នាក់ ហើយលទ្ធផលបង្ហាញថា ពួកគេមិនមានមេរោគកូរ៉ូណាឡើង។ ក្រសួងសុខាភិបាលកម្ពុជា និងភាគីពាក់ព័ន្ធបានវាយតម្លៃរួមមួយ រហូតដល់ពេលនេះ មេរោគកូវីដ១៩ (Covid-19) នៅមិនទាន់បានរាតត្បាតចូល សហគមន៍កម្ពុជានៅឡើយទេ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់បន្តថា៖ «ឥឡូវយើងកំពុងបន្តស្វែងរក អ្នកដែលមានការពាក់ព័ន្ធ ដើម្បីយកមកពិនិត្យសំណាកតើមានជំងឺនេះទៀតឬអត់ ក្នុងពេលដែលយើងត្រូវដាក់ឱ្យនៅដាច់ដោយឡែកសម្រាប់អ្នកដែលពាក់ព័ន្ធ ជាពិសេសសម្រាប់អ្នកដែលឆ្លងកូវីដ១៩នេះតែម្តង»។
សម្តេចបន្តថា៖ «ខ្ញុំមិនស្នើឱ្យមានការខ្លាចអ្នកសៀមរាបទេ សូមប្រយ័ត្នប្រយែង តិចថា “ឱ្យតែមនុស្សចេញពីខេត្តសៀមរាប គឺខ្លាចទាំងអស់” នេះគឺជារោគគ្រោះថ្នាក់ជាងគេទាំងអស់»៕