(ភ្នំពេញ)៖ សភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប លើកទី១១ ពីថ្ងៃទី២៦ ដល់ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ខាងមុខនេះ នៅសណ្ឋាគារ សុខារ៉េស៊ីដង់ រាជធានីភ្នំពេញ ក្រោមមូលបទ «ការពង្រឹងភាពជាដៃគូសភា ដើម្បីសន្តិភាព និងការអភិវឌ្ឍដោយចីរភាព»។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប Asia-Europe Parliamentary Partnership Meeting ហៅកាត់ថា ASEP គឺជាព្រឹត្តការណ៍ដាច់ដោយឡែកមួយ របស់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប Asia-Europe Meeting ហៅកាត់ថា ASEM ដែលរាជរដ្ឋាភិបាលកម្ពុជា នឹងទទួលធ្វើម្ចាស់ផ្ទះផងដែរ នាខែវិច្ឆិកា ឆ្នាំ២០២០ ខាងមុខនេះ។
ឆ្នាំ២០២០នេះដែរ ក៏ជាឆ្នាំដែលកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើកទី១៣ ក្រោមប្រធានបទ «ពង្រឹងពហុភាគីនិយម ដើម្បីកំណើនរួម»។ ចាប់តាំងពីកម្ពុជាបានក្លាយទៅជាសមាជិក ASEM នៅឆ្នាំ២០០៤មក យើងតែងផ្តល់តម្លៃដល់វេទិកានេះ ជាវេទិកាដ៏សំខាន់ សម្រាប់កិច្ចសហប្រតិបត្តិការរវាង អាស៊ី-អឺរ៉ុប ដែលនាំមកនូវផលប្រយោជន៍ទៅវិញទៅមកជាច្រើន។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានកោះប្រជុំលើកដំបូង នៅទីក្រុង Strasbourg ប្រទេសបារាំង ហើយបច្ចុប្បន្ន មានសមាជិក នៅក្នុងតំបន់អាស៊ី និងអឺរ៉ុប ចំនួន៥១ប្រទេស រួមទាំងអង្គការជាដៃគូ ពីរគឺ សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប បានបង្កើតឡើងនៅឆ្នាំ១៩៩៦ និងបានដើរតួនាទីជាវេទិកាមួយសម្រាប់ទំនាក់ទំនងការផ្លាស់ប្តូរ និងការងារការទូតក្នុងចំណោមសភាជាសមាជិក និងជំរុញការយល់ដឹងទៅវិញទៅមកក្នុងចំណោមប្រជាពលរដ្ឋ បណ្តាប្រទេសអាស៊ី និងអឺរ៉ុប។ កិច្ចប្រជុំនេះ មានគោលបំណងជំរុញ លើកទឹកចិត្ត និងផ្ដល់អនុសាសន៍ដល់កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ក្នុងការសម្រេចយកអនុសាសន៍របស់អង្គនីតិប្បញ្ញត្តិ ទៅដាក់បញ្ចូលក្នុងសេចក្តីសម្រេចនានារបស់ASEM ដែលជាអង្គការនីតិប្រតិបត្តិ។
កិច្ចប្រជុំ ASEP បានផ្ដោតលើទំនាក់ទំនងអន្តរសភា ការផ្លាស់ប្ដូរ លើកកម្ពស់ការទូតសភា ពង្រឹងកិច្ចពិភាក្សាយោគយល់គ្នាទៅវិញទៅមកក្នុងចំណោមសមាជិកសភា និងទាក់ទាញការយកចិត្តទុកដាក់ របស់ថ្នាក់ដឹកនាំកិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប លើបញ្ហាមួយចំនួនដែលសមាជិកសភាចាត់ទុកថាជាចំណុចអាទិភាព ដូចដែលបានដាក់ជាដំណោះស្រាយ នៅក្នុងសេចក្ដីប្រកាស របស់កិច្ចប្រជុំ ASEP ។
ក្នុងគោលដៅពង្រឹងវិស័យការទូតសភា សភានៃព្រះរាជាណាកម្ពុជា បានចូលរួមជាសមាជិក នៃកិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ក្នុងឆ្នាំ២០០៤ នៅទីក្រុងវ៉េ ប្រទេសវៀតណាម ហើយរហូតមកដល់បច្ចុប្បន្ន សភាកម្ពុជាក៏បានពង្រឹង និងពង្រីក វិស័យការទូតសភា ទំាងក្នុងក្របខ័ណ្ឌទ្វេភាគី និង ពហុភាគីនៅក្នុងតំបន់ និងសកលលោកតាមរយៈវេទិកាអន្តរសភាជាអាទិ៍ អន្តរសភាអាស៊ាន(AIPA) សភាតំបន់អាស៊ី(APA) វេទិកាសភាអាស៊ីប៉ាស៊ីហ្វិក(APPF) សភានិយាយភាសាបារំាង(APF) និងសហភាពអន្តរសភា(IPU) ជាដើម។ សភាកម្ពុជាក៏ធ្លាប់បានធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនៃវេទិកាសភាទំាងនោះជាបន្តបន្ទាប់រួចមកហើយដែរ។
កិច្ចប្រជុំភាពជាដៃគូសភាអាស៊ី-អឺរ៉ុប ASEP និង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ASEM នៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជា គឺជាការចូលរួមចំណែកយ៉ាងសំខាន់របស់កម្ពុជា ក្នុងការកសាងសុខសន្តិភាព ជូនដល់ពលរដ្ឋនៅក្នុងតំបន់ និងលើពិភពលោក។
ព្រះមហាក្សត្រសភា រាជរដ្ឋាភិបាល និងប្រជាពលរដ្ឋ នៃព្រះរាជាណាចក្រកម្ពុជា សូមស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះគណៈប្រតិភូអន្តរជាតិ នៃទ្វីបអាស៊ីនិងអឺរ៉ុប ដែលនឹងមានវត្តមាននៅក្នុងកិច្ចប្រជុំ ភាពជាដៃគូសភាអាស៊ី-អឺរ៉ុប និង កិច្ចប្រជុំកំពូលអាស៊ី-អឺរ៉ុប ឬដំណើរកម្សាន្តនៅលើទឹកដី នៃព្រះរាជាណាចក្រកម្ពុជា៕