(ភ្នំពេញ)៖ មន្ទីរសុខាភិបាលខេត្តសៀមរាប បានបង្ហាញថា បុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកកូវីដ១៩ ត្រូវបានធ្វើតេស្ត ដោយមានលទ្ធផល «អវិជ្ជមាន»។ នេះបើយោងតាមការផ្សាយរបស់រដ្ឋបាលខេត្តសៀមរាប។
បើតាមរដ្ឋបាលខេត្តសៀមរាប នៅព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ មន្ទីរសុខាភិបាលខេត្ត បានបង្ហាញថាបុរសម្ចាស់ PassApp ដែលដឹកជនជាតិជប៉ុនផ្ទុកមេរោគកូវីដ១៩ ត្រូវបានមន្ទីរសុខាភិបាលស្វែងរក ដើម្បីយកមកធ្វើតេ្តស ហើយជាលទ្ធផលឃើញថាអវិជ្ជមាន។ បច្ចុប្បន្នបុរសនេះមានសុខភាពល្អ មិនមានរោគសញ្ញាអ្វីទេ ហើយត្រូវបានដាក់ឱ្យនៅដោយឡែក និងតាមដានចំនួន១៤ថ្ងៃ នៅក្នុងអគារជំងឺឆ្លងនៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
សូមបញ្ជាក់ថា កម្ពុជាបានរកឃើញអ្នកផ្ទុកមេរោគកូវីដ១៩ ចំនួន ៣ករណីហើយ។ ករណីទី១ ត្រូវបានប្រកាសថា រកឃើញលើបុរសជនជាតិចិនម្នាក់ នៅខេត្តព្រះសីហនុ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ និងបានព្យាបាលរហូតដល់ជាសះស្បើយផងដែរ ទើបអនុញ្ញាតឲ្យគេត្រឡប់ទៅប្រទេសកំណើតវិញ។
សម្រាប់ករណីទី២ ត្រូវបានប្រកាសថារកឃើញកាលពីថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ នៅលើខ្លួនបុរសជនជាតិខ្មែរម្នាក់ អាយុ៣៨ឆ្នាំ។ បុរសរូបនោះ គឺជាមនុស្សម្នាក់ក្នុងចំណោម៤នាក់ ដែលធ្វើការស្និទ្ធជាមួយជនជាតិជប៉ុន ដែលឆ្លងមេរោគកូវីដ១៩ ដែលបានចាកចេញពីខេត្តសៀមរាប ទៅកាន់ប្រទេសជប៉ុន កាលពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ ដោយឆ្លងកាត់ប្រទេសវៀតណាម។
សម្រាប់ករណីទី៣ ត្រូវបានក្រសួងសុខាភិបាលប្រកាសថា រកឃើញនៅយប់ថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លើស្ត្រីជនជាតិអង់គ្លេស អាយុ៦៥ឆ្នាំ ដែលចូលទៅដល់ខេត្តកំពង់ចាម តាមនាវាទេសចរណ៍មកពីប្រទេសវៀតណាម៕