(កំពង់ចាម)៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មកទល់ពេលនេះ សំណាកសម្រាប់ធ្វើតេស្តរកវីរុស Covid-19 របស់អ្នកដំណើរ និងអ្នកបម្រើការងារនៅលើនាវា Viking Cruise Journey ចំនួន៥៩នាក់ទៀត ត្រូវបានយកទៅមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជារួចរាល់ហើយ រង់ចាំតែលទ្ធភាពនោះទេ ក្រសួងនឹងប្រកាសជូនភ្លាម។

ការថ្លែងបែបនេះរបស់រដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក្នុងឱកាសអញ្ជើញចុះទៅពិនិត្យស្ថានភាពអ្នក នៅលើនាវាទេសចរណ៍ Viking Cruise Journey ថ្ងៃទី១១ ខែមីនា ឆ្នាំ២០២០នេះ។

ក្នុងឱកាសនោះដែរ លោករដ្ឋមន្ត្រី ម៉ម ប៊ុនហេង ក៏បានអញ្ជើញចុះទៅពិនិត្យដោយផ្ទាល់ ទៅលើស្ថានភាពសុខភាព លើស្ត្រីជនជាតិអង់គ្លេសម្នាក់អាយុ៦៥ឆ្នាំ ដែលបានរកឃើញករណីវិជ្ជមានកូវីដ-១៩ កាលពីល្ងាចម្សិលមិញនេះ ហើយកំពុងសម្រាកព្យាបាលមន្ទីរពេទ្យនៅខេត្តកំពង់ចាម។

សូមជម្រាបថា នៅរសៀលម៉ោង១៦៖៣០នាទីនៃថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានបញ្ជាក់ថា ស្រ្តីជនជាតិអង់គ្លេសម្នាក់ អាយុ ៦៥ឆ្នាំ មានវិជ្ជមានវីរុសកូវីដ១៩។

ស្ត្រីរូបនេះ ជាអ្នកដំណើរតាមនាវាឈ្មោះ Viking Cruise Journey ចេញពីកំពង់ផែ My Tho នៃទីក្រុងហូជីមីញ សំដៅមកទីក្រុងភ្នំពេញ តាមរយៈចូវដុក ក្អមសំណរ និងហួសទៅចូលចតប្រហែលជាម៉ោង១៦៖៣០នាទីរសៀល នៅចំណតនាវានៃទីរួមខេត្តកំពង់ចាម។

បច្ចុប្បន្ន ក្រសួងសុខាភិបាលកំពុងចាត់ចែងឲ្យយកស្ត្រីជនជាតិអង់គ្លេសរូបនោះ មកដាក់នៅបន្ទប់ដាច់ដោយឡែកក្នុងមន្ទីរពេទ្យខេត្តកំពង់ចាម ដើម្បីព្យាបាល និងតាមដានសុខភាពគាត់។

ទន្ទឹមនឹងនោះ មានស្រ្តីជនជាតិអង់គ្លេសម្នាក់ទៀតដែលជិតដិតជាមួយស្ត្រីជនជាតិអង់គ្លេសមានវីរុសកូវីដ១៩រូបនេះ មានលទ្ធផលតេស្តអវិជ្ជមាន ដែលបុគ្គលរូបនេះ ត្រូវបានដាក់ឲ្យនៅក្នុងបន្ទប់ដាច់ដោយឡែកនៅលើនាវា ហើយអ្នកដំណើរផ្សេងទៀតសរុបចំនួន ៣០នាក់ និងបុគ្គលិកបម្រើការនាវាសរុបចំនួន ៣៤នាក់ (សរុបទាំងអស់ ៦៤នាក់) ត្រូវឲ្យនៅលើនាវាទាំងអស់ មិនឲ្យចុះចេញមកលើគោក ដោយរង់ចាំក្រុមការងារឆ្លើយតបបន្ទាន់នៃមន្ទីរសុខាភិបាលខេត្តកំពង់ចាម និងក្រសួងសុខាភិបាលយកសំណាកវត្ថុវិភាគមកធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា។

ស្ត្រីមានវីរុសកូវីដ១៩ ខាងលើ បានធ្វើដំណើរតាមយន្តហោះចេញពីទីក្រុងឡុងនៃប្រទេសអង់គ្លេស មកដល់ទីក្រុងហាណូយប្រទេសវៀតណាម នៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ ដែលមានគ្នា៥នាក់ (ជាជនជាតិអង់គ្លេសទាំងអស់ធ្វើតេស្តអវិជ្ជមានចំនួន៤នាក់)។

បន្ទាប់មក ពួកគាត់បានបន្តដំណើរចាកចេញតាមនាវាខាងលើ ពីទីក្រុងហូជីមីញសំដៅមករាជធានីភ្នំពេញ នៅថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ និងបានមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០។

នៅថ្ងៃដដែលមុននឹងមកដល់រាជធានីភ្នំពេញ អ្នកទទួលខុសត្រូវអ្នកទេសចរនៃនាវានេះ បានទទួលដំណឹងថា យន្តហោះដែលស្ត្រីជនជាតិអង់គ្លេសបានជិះនៅថ្ងៃទី០២ ខែមីនា ឆ្នាំ២០២០ នោះ មានជនជាតិវៀតណាមម្នាក់ដែលអង្គុយជិតស្ត្រីជនជាតិអង់គ្លេសអាយុ ៦៥ឆ្នាំខាងលើនេះ ត្រូវបានរកឃើញវិជ្ជមានវីរុសកូវីដ១៩ នៅទីក្រុងហាណូយ។

ពេលមកដល់រាជធានីភ្នំពេញនៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ ជនជាតិអង់គ្លេសទាំង៥រូប ត្រូវបានបញ្ជូនទៅពិនិត្យសុខភាពនៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានយកសំណាកវត្ថុវិភាគចំនួន០៣នាក់ (ដោយ០២នាក់ បានប្រកែកមិនព្រមឲ្យយកដាច់ណាត់ ដោយសំអាងថា ពួកគាត់មិនមានបញ្ហាសុខភាព ឬរោគសញ្ញាអ្វីទាំងអស់)។

ជាលទ្ធផល អ្នកទាំង៣នាក់នេះ មានអវិជ្ជមានវីរុសកូវីដ១៩។ ដើម្បីឲ្យមានភាពច្បាស់លាស់ មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត បានផ្តល់ព័ត៌មានមកមន្ទីរសុខាភិបាល ខេត្តកំពង់ចាម ដើម្បីឲ្យរង់ចាំយកវត្ថុសំណាកទាំង២នាក់ទៀត ដែលមិនបានធ្វើតេស្តនោះ ដោយមានការសម្របសម្រួលពីអ្នកគ្រប់គ្រងនាវា នៅពេលចូលចតនៅចំណតនៃខេត្តកំពង់ចាម ហើយត្រូវបានក្រុមគ្រូពេទ្យពិនិត្យ និងបញ្ជូនសំណាកវត្ថុវិភាគមកវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា នៅថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២០។ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១៦៖៣០នាទីរសៀល ក៏ទទួលបានលទ្ធផលវិជ្ជមាន លើស្ត្រីជនជាតិអង់គ្លេសម្នាក់ អាយុ៦៥ឆ្នាំ៕