(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត ខៀវ សុភ័គ រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ បានប្រកាសពីវិធានការច្បាប់យ៉ាងម៉ឹងម៉ាត់ ដើម្បីឈានទៅចាត់វិធានការតាមផ្លូវច្បាប់ និងចាប់ខ្លួនជនអគតិទាំងឡាយណា ដែលបង្ហោះចែកចាយព័ត៌មានបំពុលតាមបណ្ដាញសង្គម ពាក់ព័ន្ធវីរុសកូវីដ១៩ ទោះនៅក្រៅប្រទេសក៏ដោយ។
ក្នុងសន្និសីទសារព័ត៌មាន ស្ដីពីវឌ្ឍនភាព និងទិសដៅបន្ដរបស់ក្រសួងមហាផ្ទៃ ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានអះអាងថា រហូតមកដល់ពេលនេះ សមត្ថកិច្ចបានឃាត់ខ្លួនមនុស្ស៣នាក់ហើយ ដែលបង្ហោះព័ត៌មានបំពុលតាមបណ្ដាញសង្គម ខណៈ២នាក់ ត្រូវបានបញ្ជូនទៅតុលាការ និងម្នាក់ទៀតត្រូវអប់រំណែនាំ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានថ្លែងយ៉ាងដូច្នេះថា «ប្រសិនបើគណនី Facebook នោះក្លែងក្លាយយ៉ាងមិចក៏ដោយ ឲ្យតែនៅក្នុងប្រទេសកម្ពុជា ស្ថិតក្រោមច្បាប់របស់កម្ពុជាមិនអាចគេចផុតពីសមត្ថកិច្ចយើងទេ អ្នកឯងចង់បង្កើតក្លែងក្លាយយ៉ាងណាក៏ដោយ គឺសមត្ថកិច្ចកម្ពុជាមានបច្ចេករកឃើញទាំងអស់ លើកលែងតែករណីខ្លះនៅក្រៅប្រទេសប៉ុណ្ណោះ»។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានគូសបញ្ជាក់ថា សមត្ថកិច្ចជួបការលំបាកក្នុងការស៊ើបអង្កេតបន្ដិច ចំពោះគណនី Facebook ដែលនៅក្រៅប្រទេស ដែលជួនកាលប្រទេសដែលបុគ្គលនោះតាំងនៅហាក់មិនសហការជាមួយសមត្ថកិច្ចកម្ពុជា។ នាយឧត្តមសេនីយ៍ បានបន្ថែមថា បុគ្គលដែលតែងបង្ហោះព័ត៌មានបំពុលទាំងអស់នោះ សមត្ថកិច្ចបានកំណត់អត្តសញ្ញាណរួចរាល់អស់ហើយ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃរូបនេះ ក៏បានអំពាវនាវដល់ពលរដ្ឋខ្មែរដែលកំពុងរស់នៅបានស្រុកនៅក្រៅប្រទេស កុំព្យាយាមបំផ្លាញប្រទេសកំណើតរបស់ខ្លួនឯងអី ពោលសូមគិតប្រយោជន៍ជាតិជាធំ។ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ បានកត់សម្គាល់ថា ការផ្សព្វផ្សាយព័ត៌មានមិនពិត គឺមានគ្រោះថ្នាក់ខ្លាំងណាស់សម្រាប់សង្គមជាតិ។
គួរជម្រាបថា រហូតមកដល់ពេលនេះ សរុបចំនួនអ្នកឆ្លង Covid-19 នៅកម្ពុជាបានកើនឡើងដល់៥នាក់ ក្នុងនោះមាន៖
*ទី១៖ បុរសជនជាតិចិន មកពីទីក្រុងវូហាន (ជាសះស្បើយ)
*ទី២៖ បុរសជនជាតិខ្មែរ វ័យ៣៨ឆ្នាំ នៅខេត្តសៀមរាប
*ទី៣៖ ស្រ្តីជនជាតិអង់គ្លេស វ័យ៦៥ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៤៖ បុរសជនជាតិអង់គ្លេស វ័យ៧៣ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម
*ទី៥៖ ស្រីជនជាតិអង់គ្លេស វ័យ៦៩ឆ្នាំ អ្នកដំណើរនាវា Viking Cruise Journey នៅខេត្តកំពង់ចាម៕