(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃ បានថ្លែងថា រហូតមកដល់ពេលបច្ចុប្បន្ននេះ កម្ពុជាបានឃាត់ខ្លួនមនុស្ស៣នាក់ ពាក់ព័ន្ធនឹងការបង្ហោះព័ត៌មានក្លែងក្លាយអំពីជំងឺកូវីដ១៩ បង្កឱ្យមានការភាន់ច្រឡំ ក្នុងនោះមានម្នាក់ត្រូវបានអប់រំហើយដោះលែងវិញ និង២នាក់ ត្រូវបានកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
ការលើកឡើងរបស់ លោកនាយឧត្តមសេនីយ៍ បានធ្វើឡើងនៅក្នុងសន្និសីទសារព័ត៌មាន ដែលរៀបចំដោយអ្នកនាំពាក្យរាជរដ្ឋាភិបាល នាព្រឹកថ្ងៃទី១២ ខែមីនា ឆ្នាំ២០២០នេះ នៅទីស្តីការគណៈរដ្ឋមន្រ្តី ពាក់ព័ន្ធនឹង វឌ្ឍនភាព និងទិសដៅការងារបន្ដរបស់ក្រសួងមហាផ្ទៃ។
លោកនាយឧត្តមសេនីយ៍ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «មកដល់ពេលនេះ យើងបានឃាត់ចំនួន៣នាក់ ក្នុង៣នាក់នោះម្នាក់យើងបានធ្វើការអប់រំដោះលែង ម្នាក់យើងបានបញ្ជូនខ្លួនទៅតុលាការ និងម្នាក់ទៀតពីម្សិលមិញក៏យើងបានបញ្ជូនទៅតុលាការដែរ»។
ចាប់តាំងពីពិភពលោកផ្ទុះឡើងនូវជំងឺកូវីដ១៩ ដែលផ្តើមចេញពីទីក្រុងវូហាន ប្រទេសចិនមុនគេ ក្រុមអ្នកប្រើប្រាស់បណ្តាញសង្គម Facebook មួយចំនួន ជាពិសេសក្រុមប្រឆាំងរាជរដ្ឋាភិបាល បានប្រឌិតព័ត៌មានក្លែងក្លាយ បង្ហោះជាបន្តបន្ទាប់ថា កម្ពុជាមានមនុស្សស្លាប់ដោយជំងឺកូវីដ១៩ ដោយម្តងនៅខេត្តនេះ ម្តងនៅខេត្តនោះ។ ការបង្ហោះនេះ បានធ្វើឲ្យប្រជាពលរដ្ឋខ្មែរ កាន់តែភ័យខ្លាច ហើយអ្នកខ្លះទៀតក៏បានទៅទិញអាហារ និងទំនិញស្តុកទុកផងដែរ។
បន្ទាប់ពីឃើញមានការបង្ហោះព័ត៌មានក្លែងក្លាយបែបនេះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការជាបន្តបន្ទាប់ ក្នុងនោះមានការបកស្រាយព័ត៌មានពិត និងការចាត់វិធានការតាមផ្លូវច្បាប់ចំពោះជនដែលបង្ហោះប្រឌិតព័ត៌មានអំពីជំងឺកូវីដនេះផងដែរ។
លោកខៀវ សុភ័គ បានបញ្ជាក់ថា សម្រាប់ Facebook ដែលនៅក្នុងប្រទេសហើយបង្ហោះព័ត៌មានប្រឌិត ដើម្បីបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ នឹងមិនអាចគេចផុតពីច្បាប់នោះទេ ដោយសារតែក្រសួងមានក្រុមការងារបច្ចេកទេស ហើយទទួលបានកិច្ចសហការពីក្រុមហ៊ុន Facebook ដើម្បីស្រាវជ្រាវរកអ្នកទាំងនោះ។ ប៉ុន្តែទោះជាយ៉ាងនេះក្តី កម្ពុជាមានផលវិបាក បើសិនជាអ្នកបង្ហោះព័ត៌មានក្លែងក្លាយនោះ នៅក្រៅប្រទេស។
លោកបានអំពាវនាវឱ្យពលរដ្ឋខ្មែរទាំងក្នុងនិងក្រៅប្រទេស ចូលរួមថែរក្សានូវផលប្រយោជន៍ជាតិរបស់កម្ពុជាឱ្យបានខ្ពស់បំផុត ព្រោះកម្ពុជាបានឆ្លងកាត់នូវរបបច្រើនណាស់ទម្រាំបានសន្តិភាពដូចថ្ងៃនេះ។ លោកបានផ្តាំថា បើពលរដ្ឋខ្មែរណា បានរស់នៅប្រទេសសេរីហើយ សូមកុំមើលស្រាលមើលថោកប្រជាជនកម្ពុជា ដែលរស់នៅក្នុងប្រទេស សូមទុកឱ្យប្រជាពលរដ្ឋក្នុងប្រទេសបានសេចក្តីសុខផង។
លោកបញ្ជាក់បន្ថែមទៀតថា៖ «ការផ្សព្វផ្សាយព័ត៌មានមិនពិតនេះ ធ្វើឱ្យគ្រោះថ្នាក់ណាស់ដល់សង្គមយើង»៕
១៖១៥៖០៥ ដល់ ១៖១៧៖៤៣